លោក ហ៊ុន សែន ថា​ការ​បើក​ប្រាក់ខែ​តាមធនាគារជា​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ

សន្ទទស្សន៍​នៃការយល់ឃើញពីអំពើពុករលួយសម្រាប់ឆ្នាំ២០១៥

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ​បាន​ថ្លែង​ថា​រដ្ឋាភិបាល​បាន​សម្រេច​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដោយ​លោក​បាន​លើក​ឡើង​ករណី​បើក​ប្រាក់ខែ​មន្រ្តីរាជការ​តាម​ធនា​គារ​ ជា​ចំណាត់​ការ​មួយ​លុបបំបាត់”មន្រ្តីខ្មោចបើកប្រាក់ខែ”។​

ក្នុងពិធីចែកសញ្ញាបត្រដល់គ្រូបញ្ចប់ការសិក្សាគរុកោសល្យដែល​ធ្វើ​ឡើង​នៅ​វិទ្យាស្ថានជាតិ​អប់រំ លោក ហ៊ុន សែន បាន​លើក​ឡើង​ពីករណី​មន្រ្តីខ្មោច​ដែល​លោកថា​មិន​ចេះ​មក​បើក​ប្រាក់ខែនោះទេ។ លោក​លើក​ឡើង​ករណី​ផ្សេង​ទៀតដូចជា​មន្រ្តី​ពន្ធកាត់កងប្រាក់ផ្ទាល់​ជាមួយ​អ្នក​បង់​ពន្ធ ដែល​លោក​ថានេះ​អាច​នាំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​ជ្រើស​រើសការ​បើក​ប្រាក់ខែ​មន្រ្តីរាជការ​និង​បង់​ពន្ធតាម​ប្រព័ន្ធ​បច្ចេកវិទ្យាធនាគារ ​ដើម្បី​កាត់បន្ថយ​ភាពមិន​ប្រក្រតីទាំងនោះ។ លោកមានប្រសាសន៍ថា៖ “មួយទៀត​មន្រ្តីខ្មោច ខ្មោចវា​អត់ចេះទៅបើគណនីនៅធនាគារទេ។ ឥឡូវខ្ញុំចូលទៅដល់ គេហៅថាប្រើ​បច្ចេកវិទ្យាព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ​ឬ​អំពើមិនប្រក្រតី។ ប្រើប្រាស់ប្រព័ន្ធធនាគារ បង់ពន្ធក៏អញ្ចឹងដែរ។ កុំឲ្យមន្រ្តីពន្ធជួប​ជាមួយ​អ្នក​បង់​ពន្ធ​ ក្រែ​ង​លោ​វាកាត់កងគ្នា បង់តាមធនាគារ អញ្ចឹង​វាអត់កាត់កងគ្នាបានទេ”។​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កំពុង​តែ​សកម្មលើ​ហ្វេសប៊ុក​របស់​លោក​ដែល​មាន​អ្នក​ចុចចូលចិត្ត(Likes)​ទៅ​ដល់​​ជាង​៣លាននាក់។ លោក​ប្រកាស​ថា​លោក​ប្រើ​ប្រាស់​ប្រព័ន្ធនេះ​ដើម្បីដោះស្រាយ​បញ្ហា​ដែល​ពលរដ្ឋជួបប្រទះ​និង​ប្រយុទ្ធ​ប្រឆាំងនឹងអំពើ​ពុករលួយ។

លោក ហ៊ុន សែន បានថ្លែង​នៅថ្ងៃពុធនេះ​ថា​ចាប់តាំងពី​លោក​ប្រើប្រាស់ហ្វេសប៊ុក លោក​បាន​ដឹង​ពី​បញ្ហា​ច្រើនដែល​​ប្រជា​ពលរដ្ឋ​ជួបប្រទះ។​

ការសិក្សាសម្រាប់​ឆ្នាំ​២០១៥របស់អង្គការតម្លាភាព​កម្ពុជា​ស្តី​ពីអំពើពុករលួយ បង្ហាញថាប្រទេសកម្ពុជានៅតែ​ស្ថិតនៅក្នុងចំណោមបណ្តាប្រទេសដែលមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរ ដោយការការសិក្សានោះលើកឡើងថាដោយសារតែប្រព័ន្ធយុត្តិធម៌និងនីតិរដ្ឋកម្ពុជានៅទន់ខ្សោយ។ បើតាម​ការសិក្សានោះ ក្នុងចំណោ​ម​ប្រទេស១៦៨ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥០ ដោយទទួលបានពិន្ទុ២១លើ១០០ ដែលយោងតាមសន្ទសន៍នៃការសិក្សាមានន័យថាកម្ពុជានៅតែស្ថិតក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់​ធ្ងរ។ លទ្ធផលបង្ហាញដែរថា សម្រាប់តំបន់អាស៊ានវិញ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៩គឺទាបជាងគេ ខណៈដែលប្រទេសសិង្ហបុរីទទួលចំណាត់ល្អជាងគេ ដោយទទួលបានពិន្ទុ៨៥លើ១០០៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ