នាយករដ្ឋមន្រ្តី​អំពាវនាវ​ឲ្យ​គ្រូ​ពង្រឹងសមត្ថភាពដើម្បីលុបបំបាត់​ការ​មាក់ងាយសញ្ញាបត្រគ្មានតម្លៃ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ​ បាន​លើក​ឡើង​ជា​ថ្មី​ថា​អ្នក​នយោបាយ​ខ្លះ​បាន​មើលងាយតម្លៃ​សញ្ញា​បត្រ​នៅ​កម្ពុជា​ ​ ហើយ​លោក​អំពាវនាវ​ឲ្យ​គ្រូបង្រៀន​ពង្រឹងសមត្ថ​ភាព​ខ្លួន​ដើម្បី​លុប​បំបាត់​នូវ​ការ​មាក់ងាយនេះ។​

ក្នុងពិធីចែកសញ្ញាបត្រដល់គ្រូបញ្ចប់ការសិក្សាគរុកោសល្យដែល​ធ្វើ​ឡើង​នៅ​វិទ្យាស្ថានជាតិ​អប់រំ លោក ហ៊ុន សែន បាន​លើក​ឡើង​ជា​ថ្មីថា​អ្នក​នយោបាយ​មួយ​ចំនួន​​បាន​មើល​ងាយ​សញ្ញា​បត្រ​នៅ​ស្រុកខ្មែរថា​គ្មាន​តម្លៃ​។ លោក​បន្ត​ថា​អ្នក​ដែល​រៀន​នៅ​ក្រៅ​ប្រទេស​មិនប្រាកដថា​ពូកែ​ជាងអ្នក​រៀន​នៅ​​ក្នុងស្រុកនោះទេ​។ ​លោក​នាយក​រដ្ឋមន្រ្តី​​ទទួលស្គាល់​ថា​អ្នក​រៀន​នៅ​ក្រៅ​ស្រុក​អាច​ប្រើប្រាស់ភាសា​បានល្អជាងអ្នក​ក្នុងស្រុក​ ប៉ុន្តែ​លោកបានប្រៀបធៀប​​ថា​”​កុំថាឡើយ​មនុស្ស​ ឆ្កែ​ក៏ចេះ​ភាសា​ដែរ”។​ លោក​ចាត់ទុក​ការលើ​ក​ឡើង​របស់​អ្នក​នយោ​បាយ​ថាសញ្ញា​បត្រស្រុក​ខ្មែរ​​គ្មាន​តម្លៃ​ជា​”ការ​ឈឺចាប់​មួយ​”។

លោក​មានប្រសាសន៍ថា៖ “អ្វី​ដែល​ជា​ការ​មាក់​ងាយ ការ​ប្រមា​ថ​ថា​សញ្ញា​បត្រនៅកម្ពុជា​គ្មានតម្លៃ គឺ​នឹង​ត្រូវ​លុប​បំបាត់​តាមរយៈ​នៃ​ការ​ខិតខំ​ពង្រឹងគុណភាព​របស់យើង ព្រោះយើង​ទទួល​ការ​ប្រមាថ​យ៉ាងធ្ងន់ពីសំណាក់​​អ្នក​នយោបាយ​ខ្លះថាសញ្ញា​បត្រ​នៅ​ក្នុង​ប្រទេស​របស់យើង គ្មានតម្លៃ”

កាលពីខែ​តុលា ឆ្នាំ​២០១៥ លោក​ ហ៊ុន សែន បា​នអះអាង​ថា​ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ​កំពុង​កេង​​ចំណេញនយោ​​បាយ​តាមរយៈ​ការ​លើ​ក​ឡើង​ថា​”សញ្ញា​បត្រ​ស្រុកខ្មែរ​គ្មានតម្លៃ”  ដោយ​លោក​​ចាត់ទុក​ថា​​នេះ​ជា”​កា​រ​មើល​ស្រាល​ដល់ការខិតខំ​សិក្សា​របស់សិស្សានុសិស្ស”។​

កាលពីថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ២០១៥ នៅពេល​ប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម​ដែលទើបតែបានបញ្ចប់វគ្គសិក្សាជំនាញកុំព្យូទ័រនិងភាសាអង់គេ្លសរយៈពេល៣ខែ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដែលគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ថា​៖ ចេះ​តែ​ចែកសញ្ញា​បត្រ​ព្រោង​ព្រាត​ ប៉ុនសញ្ញា​បត្រ​យក​ទៅធ្វើ​អី យក​ទៅ​បិទ​ជញ្ជាំង​ផ្ទះ ​ពេញ​ជញ្ជាំងផ្ទះ តែ​រក​ការ​ធ្វើ​មិន​បាន​។ វាខូច​តម្លៃ​ទាំងអស់ ខូច​តម្លៃ​ទាំងសញ្ញា​បត្រ ខូច​តម្លៃ​ទាំង​សាកលវិទ្យាល័យ ខូចតម្លៃ​ទាំង​គ្រូ ខូចតម្លៃ​ទាំងអ្នក​ចែក​សញ្ញា​បត្រ”។ លោក​​បន្ត​ថា​៖ “សញ្ញា​បត្រ​នៅ​ស្រុក​ខ្មែរ​ភាគច្រើន​អត់មាន​តម្លៃ​ ប្រព័ន្ធ​សិក្សា​អប់រំ​នៅស្រុកយើង​ទន់ខ្សោយ​ជា​ទីបំផុត”៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ