រដ្ឋាភិបាលថាសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពមានការកែប្រែជិត៥០ភាគរយនៃចំណុចវិវាទ

លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួងការងារ

សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដែលមានភាពចម្រោងចម្រាស់​នោះត្រូវបានមន្រ្តីរដ្ឋាភិបាលលើកឡើងថាមានការកែប្រែជិត ៥០ភាគរយនៃចំណុចវិវាទដែលបានលើកឡើងដោយ​ភាគីពាក់​ព័ន្ធ។

បន្ទាប់ពីពិភាក្សាបន្ថែមនៅថ្ងៃនេះលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព រដ្ឋមន្រ្តី​ក្រសួងការងារលោក អ៊ិត សំហេង បានលើកឡើងថាមានការកែប្រែច្រើន​ចំណុចដូចជាចំនួនសហជីពមូលដ្ឋានក្នុងការបង្កើត​សហព័ន្ធសហជីពមួយនិងចំនួន​សហព័ន្ធសហ​ជីព​ដើម្បី​បង្កើតសហភាព​សហជីពមួយ។ លោកបន្ថែមថាក៏មានការកែប្រែបែបបទមួយចំនួនដែលស្មុគស្មាញក្នុង​ការចុះបញ្ជី​ការនៃការបង្កើត​សហជីពផងដែរ។

លោកបន្ថែមថា៖ “បញ្ហាចំនួនសហជីពមូលដ្ឋានដើម្បីរៀបចំឲ្យទៅជាសហព័ន្ធសហជីពមួយដែលពីមុនយើងកំណត់សហជីពមូលដ្ឋាន៩ ឥឡូវបន្ថយមកត្រឹម៧ ហើយចំនួនសហព័ន្ធសហជីពដែលចង់បង្កើតឲ្យទៅជាសហភាពសហជីពមួយពីមុនកំណត់ចំនួន៦ ឥឡូវមកនៅត្រឹម៥ ហើយចំនួនថ្ងៃពេលវេលាដែលបងប្អូនយើងត្រូវផ្ដល់របាយការណ៍គណនេយ្យបន្ទាប់ពីចុះបញ្ជីការពីមុនកំណត់៣០ថ្ងៃ ឥឡូវទៅ៤៥ថ្ងៃវិញ”។

ទោះជាយ៉ាងណាលោករដ្ឋមន្រ្តីមិនបានបញ្ជាក់ច្បាស់ពីចំណុច​ចម្រូងចម្រាស់ដែលត្រូវបានលើកឡើងដោយភាគី​សហជីពនិងភាគីថៅកែរោងចក្រទាមទានោះទេ។​

ប្រ​ធាន​សហភាពការងារ​កម្ពុជាលោក អាត់​ ធន់ បានសាទរចំពោះការលើកឡើងរបស់ក្រសួងការងារដែលថាបានកែប្រែជាង ៥០ភាគរយនៃច្បាប់ដែលចម្រូងចម្រាស់នេះ ប៉ុន្តែលោកសម្ដែងការព្រួយបារម្ភថាចំណុចដែលកែប្រែទាំងនោះមិនចំទៅនឹងអ្វីដែលសហជីពនិងនយោជិកចង់បាននៅឡើយ។ លោកបន្ថែមថា៖ “បញ្ហាដែលចង់បានខ្លាំងនោះគឺមាត្រា១៣ដែលនិយាយពីចំនួនក្រុមក្នុងការបោះឆ្នោតធ្វើមហាសន្និបាតឬក៏ធ្វើកូដកម្មបាតុកម្មហ្នឹង ហើយមាត្រ១៤ដែលថាសហជីពមិនទាន់ចុះបញ្ជីការទៅជាអំពើខុសច្បាប់។ ហើយមាត្រ១៧ត្រូវរៀបចំហិរញ្ញវត្ថុ និងមាត្រា២៤ពាក់ព័ន្ធនឹងជនសង្ស័យថាមានការគ្រប់គ្រងហិរញ្ញវត្ថុមិនល្អនិងស្នើរឲ្យមានការធ្វើវិសោធនកម្មអ្វីនោះបានជាបញ្ហា ហើយចំណុចចុងក្រោយទៀតសូម្បីតែអតិថិជនក៏អាចស្នើសុំលុបអង្គភាពសហជីពបានដែរ

ទាក់ទងនឹងបញ្ហានេះលោក អិត សំហេង ក៏បានលើកឡើងបន្ថែមថាការប្រជុំកែប្រែនេះមិនអាច​ឆ្លើយតបទៅនឹង​សំណើររបស់ភាគី​សហជីពនិងរោងចក្រទាំងស្រុងនោះទេជាពិសេសចំណុចដែលលើក​ឡើងពីចំនួន​កម្មករ៥០ភាគរយ​បូកមួយទើបអាចធ្វើបាតុកម្មតវ៉ាបាន។

បន្ទាប់ពីកិច្ចប្រជុំកែប្រែសេចក្ដីព្រាងច្បាប់នេះប្រធានគណកម្មការទី៦នៃរដ្ឋសភាលោក ប៉ែន បញ្ញា បានលើកឡើងដែរថានឹងមាន​កិច្ចប្រជុំ​គណកម្មការអចិន្រ្តៃយនៃរដ្ឋសភាមួយទៀតក្នុងការពិនិត្យមើល​របាយការណ៍​កែ​ប្រែចំណុចខ្លះហើយនឹងដាក់ចេញ​នូវសេចក្ដីកែប្រែសម្រេច។

លោកបន្ថែមថា៖ “អចិន្រ្តៃយរដ្ឋសភានឹងពិនិត្យទៅលើរបាយការណ៍របស់គណកម្មការយុត្តិកម្មយុត្តិធម៌នៃរដ្ឋសភាដែលសហការជាមួយគណកម្មការទី៨នៃរដ្ឋសភាដាក់ជូនហើយដែលមានការកែសម្រួលច្រើនទៅលើខ្លឹមសារមួយចំនួន។ ថ្ងៃស្អែកនេះដែរគណកម្មការអចិន្ត្រៃនៃរដ្ឋាសភានឹងសម្រេចកោះប្រជុំជាវិសាមញ្ញថ្ងៃណាមួយគឺឆាប់ៗ។ អ្វីដែលសម្រេចមិនមែនខ្ញុំហើយរដ្ឋមន្រ្តីលើកឡើងក្នុងនេះចប់ទេអ្នកសម្រេចគឺរដ្ឋសភាពេញអង្គដែលប្រជុំវិសាមញ្ញ”។

កាលពីថ្ងៃទី៩មីនាម្សិលមិញរដ្ឋសភាក៏បានរៀបចំសិក្ខាសាលាមួយដើម្បីឲ្យ​ភាគីពាក់​ព័ន្ធលើកឡើងពីកង្វល់របស់ពួកគេទាក់​ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ។ ទោះជាយ៉ាងណាតំណាងនិយោជកនិងសហជីព​មួយ​ចំនួន​បានសម្តែងការខក​ចិត្តចំពោះគណៈកម្មការចំពោះកិច្ចថាមិនបាន​ទទួលយកសំណើរបស់ពួក​គេដាក់បញ្ចូលក្នុងសេចក្តីព្រាង​ច្បាប់សហជីពនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ