រដ្ឋាភិបាលសម្រេច​ដំឡើងប្រាក់ឧបត្ថម្ភដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឧបត្ថម្ភ(ប្រាក់ប្រចាំខែ)ដល់សមាជិកក្រុមប្រឹក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​ មន្រ្តីភូមិនិងប្រធានការិយាល័យរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានបង្កើតការិ​យាល័យ​ច្រកចេញចូលតែមួយ ហើយ​ការអនុវត្ត​នឹង​ចាប់ផ្តើមពីខែមេសា ឆ្នាំ​២០១៦តទៅ។​

អនុក្រឹត្យមួយចុះថ្ងៃទី៩ ខែមិនា លោក ហ៊ុន សែន បានលើកឡើងថាអនុក្រឹត្យនេះកំណត់ជាថ្មីនូវកម្រិតប្រាក់​ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​ មន្រ្តីភូមិនិងប្រធា​នការិយាល័យរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានបង្កើតការិ​យាល័យ​ច្រកចេញចូលតែ​មួយ។ បើ​តាមអនុក្រឹត្យ​នោះ ប្រធានក្រុមប្រឹក្សរាជធានី ប្រធានក្រុមប្រឹក្សាខេត្ត ទទួលបានប្រាក់ឧបត្ថម្ភចំនួន​១លាន៩ម៉ឺន​រៀល សមាជិកចំនួន៨៧ម៉ឺនរៀល ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន៨១ម៉ឺនរៀល និង​សមា​ជិកចំនួន៦៥ម៉ឺនរៀល។

ចំណែក​មេឃុំ ចៅសង្កាត់ ទទួលបាន៧៥ម៉ឺនរៀល។ ជំទប់ទី១ ចៅសង្កាត់រងទី១ ជំទប់ទី២ ចៅសង្កាត់រងទី២ ទទួលបានចំនួន៥៥ម៉ឺនរៀល។ សមាជិកក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាសង្កាត់ ទទួលបាន​ចំនួន៤៨ម៉ឺនរៀល មេភូមិ២០ម៉ឺនរៀល អនុប្រធានភូមិ១៦ម៉ឺនរៀលនិងសមាជិកភូមិ១៤ម៉ឺនរៀល។

អនុក្រឹត្យ​បន្ត​ថា​ប្រាក់ឧបត្ថម្ភប្រចាំខែផ្តល់ជូនប្រធានការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌដែលបានបង្កើតការិយាល័យច្រកចេញចូលតែមួយ ត្រូវកំណត់ចំនួន៦៥ម៉ឺនរៀល។ អនុក្រឹត្យ​បញ្ជាក់​ថា​ប្រាក់ឧបត្ថម្ភទាំងនេះ ត្រូវចាប់អនុវត្តពីថ្ងៃទី១ខែមេសា ឆ្នាំ២០១៦ ហើយការបើកប្រាក់ឧបត្ថម្ភត្រូវអនុវត្តប្រព័ន្ធធនាគារ។

សមាជិកក្រុមប្រឹក្សាឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ លោក ខៀវ ជន មានប្រសាសន៍ថាលោកមិនទាន់ទទួលដំណឹងពីការដំឡើងប្រាក់ឧបត្ថម្ភ​នេះនៅឡើយទេ។ លោកបន្តថាសព្វថ្ងៃនេះ លោកទទួលបានប្រាក់ឧបត្ថម្ភចំនួន៣៥ម៉ឺនរៀល​ ដែលប្រាក់នេះ​នឹងត្រូវដំឡើងទៅដល់៤៨ម៉ឺនរៀលចាប់ពីខែមេសាតាមអនុក្រឹត្យ​របស់​រដ្ឋាភិបាល​។ លោកបន្ថែម​ថា​ក្រៅពីប្រាក់ឧបត្ថម្ភប្រចាំខែ សមាជិកក្រុមប្រឹក្សាឃុំក៏ទទួលបានប្រាក់​លើកទឹកចិត្តមួយចំនួនដែលលោកថា៣ខែ អាចទទួលបានចាប់ពី៧០ម៉ឺនរៀលទៅដល់ជាង១លានរៀល​។

លោកមានប្រសាសន៍ថា៖ “មានការត្រេកអរដែលរដ្ឋាភិបាលដំឡើងប្រាក់ដល់ឃុំ”។ លោកបន្តថាការបើកប្រាក់​ឧបត្ថម្ភតាម​ប្រព័ន្ធ​ធនាគារមិនសូវជា​ងស្រួលនោះទេ។ លោកមានប្រសាសន៍ថា៖ “បើតាមធនាគារ ក៏ត្រេ​កអរដែរ។ រាល់ថ្ងៃយើងបានតាមស្មៀនឃុំ តែពេលទៅបើកធនាគារ វាមិនលឿនដូចបំណង ចូលម្តង​ៗ ឭ​គេរអ៊ូ យឺត”

មេឃុំខ្សែត្រក្នុង​ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លោក អ៊ុំ សាផន មានប្រសាសន៍ថាលោកទទួលបាន​ដំណឹង​ពី​ការ​ដំឡើង​ប្រាក់​ឧបត្ថម្ភនេះហើយ។ លោក​បន្ត​ថា​បច្ចុប្បន្ននេះ លោកទទួលបានប្រាក់ឧបត្ថម្ភ៥៧ម៉ឺនរៀល ដែលប្រាក់នេះ​នឹង​ត្រូវដំឡើងដល់​៧៥ម៉ឺនរៀលចាប់ពីខែមេសា។ លោកបញ្ជាក់បន្ថែម​ថាក្រៅពីប្រាក់​ឧបត្ថម្ភ លោកក៏ទទួលបានថវិការដ្ឋបាលមួយ​ចំនួន​សម្រាប់បេសកកម្មផ្សេងៗ។ លោកមានប្រសាសន៍ថា៖ “ការកំណត់របស់រដ្ឋាភិបាលប៉ុណ្ណឹង វាល្អប្រសើរជាជំហានៗហើយ”៕ ដោយ​ ស៊ុន ណារិន និង​ហ៊ុន សិរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ