ប្រធាន​រដ្ឋ​សភា​បញ្ជូន​លិខិត​តំណាង​រាស្រ្ត​ទៅ​នាយក​រដ្ឋមន្រ្តី  ករណី​ដី​សម្បទាន​​​ផ្តល់​​ឲ្យ​​កង​​ទ័ព​​ប្រជាជន​វៀត​ណាម

ប្រធានរដ្ឋសភា លោក ហេង សំរិន ចូលរួមធ្វើជា​អធិបតីភាព​ក្នុងសិក្ខាសាលា​ពិគ្រោះយោបល់​លើ​សេចក្តីព្រាងច្បាប់សហជីព កាលពីថ្ងៃពុធ(រូបថតដោយលោក ទូច សុខា)

ប្រធានរដ្ឋសភា លោក​ ហេង សំរិន បាន​បញ្ជូន​លិខិត​របស់​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិដែល​សួរ​នាំ​រដ្ឋាភិបាល​ទាក់ទង​នឹង​ដីសម្បទាន​សេដ្ឋកិច្ចក្នុង​ខេត្ត​រតនគិរី ដែល​មាន​ការ​ចុះផ្សាយ​ថា​​គ្រប់គ្រង​ដោយ​កងទ័ព​ប្រជាជនវៀតណាម​។​

លិខិតមួយច្បាប់​ចុះថ្ងៃទី​៩ ខែមិនា ​ដាក់ទៅ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​មានការ​ឯកភាពពី​ប្រធាន​រដ្ឋសភា ឲ្យ​ដឹង​ថា​តំណាងរាស្រ្ត​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បានដាក់ជាសំណួរ​ទៅរដ្ឋាភិបាល​ថាហេតុអ្វី​បាន​ជា​កងទ័ព​ប្រជាជន​វៀតណាម​ទទួល​បាន​ការ​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅខេត្តរតនគិរី​? លោកសួរ​បន្ត​ថា​តើមាន​វត្ត​មាន​កងទ័ព​ប្រជាជន​វៀតណាម​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់​គ្រង​ដោយ​កងទ័ពប្រជាជនវៀតណាម​នៅ​ខេត្ត​រតនគិរី​ឬទេ?​ តើ​រាជ​រដ្ឋាភិបាល​មាន​គម្រោង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយ​កងទ័ពវៀតណាមនៅខេត្តរតនគិរីឬទេ?

បើតាម​លិខិត​នោះ លោក អ៊ុំ សំអាន បាន​ដក​ស្រង់​ព័ត៌មានមួយចំនួនពីកាសែត​Cambodia Dailyដែល​ចុះ​ផ្សាយ​កាលពីចុងខែធ្នូ ឆ្នាំ​២០១៥ថា​​កងទ័ព​​ប្រជា​ជនវៀតណាម​ទ​ទួលបានការគ្រប់គ្រងដីប្រហែល​៤ម៉ឺន​ហិកតា នៅខេត្តរតនគិរី។ លោក​បន្តថា​​សារព័ត៌មានបានចុះផ្សាយ​ថាមាន​​ការ​លក់ដូរ​និង​ការផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ដែលមានទំហំ​៣៩៥៨៤ហិកតា​ឲ្យ​​ពួកមេបញ្ជាកង​ពល​លេខ​១៥​នៃកងទ័ព​ប្រជាជនវៀតណាម។

គួរ​រំឭក​ថា​កាលពីខែកុម្ភៈ ឆ្នាំ​២០១៦ លោក ហេង សំរិន បានបដិសេធលិខិតមួយ​ច្បាប់​​របស់តំណាងរាស្រ្ត​បក្ស​ប្រឆាំ​ង​ ករណី​​ស្នើ​សុំ​ឲ្យ​ដកហូត​ដី​សម្បទានសេដ្ឋកិច្ច​ពី​កងទ័ព​ប្រជាជនវៀតណាម​ ដោយ​លើក​ឡើង​ថា​​លិខិត​នោះ​មាន​លក្ខណៈ​ជា​ការ​ឃោសនា។​ ​លោក អ៊ុំ សំអាន ដែល​កំពុង​ស្នាក់នៅសហរដ្ឋអាមេរិក​ បា​ន​សម្រេច​សរសេរ​លិខិត​មួយ​ច្បាប់​ទៀត ដោយ​ដូរ​ពីការ​ស្នើ​សុំ​ទៅ​ជា​ការ​សួរ​សំណួរវិញ។​

លោក​ អ៊ុំ សំអាន ដែលជាតំណាងរាស្រ្ត​​សកម្មនឹង​បញ្ហាព្រំដែន​ ធ្លាប់បានបញ្ជាក់ថា៖ “ការផ្តល់ដីសម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក​ង​​ទ័ព​ប្រជាជនវៀតណាម​លើដីសម្បទាន​សេដ្ឋកិច្ចនេះ ជា​ការរំលោភ​មាត្រា​៥៣នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា​ព្រះរាជាណាចក្រកម្ពុជា​មិនអនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធាបរទេស​នៅលើទឹកដី​របស់ខ្លួន”។  

លោក​បន្តថា“ការផ្តល់ដីសម្បទានសេដ្ឋកិច្ច​ឲ្យ​កងទ័ព​ប្រជាជន​វៀតណាម​អាច​ប្រឈម​ការបាត់បង់ទឹកដី​និង​អាច​ប៉ះពាល់​ដល់បូរណភាព​ទឹកដីកម្ពុជានាពេលអនាគត”?

អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព ធ្លាប់​មាន​ប្រសាសន៍​ថាព័ត៌មានដែលលើកឡើងថាមានយោធា​វៀតណាមតាំងមូលដ្ឋានលើដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរីគ្រាន់តែជាការបំភាន់មតិសាធា​រ​ណ​​ជន​ប៉ុណ្ណោះ។ លោកបន្ថែមថា៖ “ចង់និយាយថា លើកឡើងងាយៗថាយើងផ្តល់ដី​[សម្ប​ទាន]​ទៅឲ្យកងទ័ពវៀតណាមអី អ៊ីចឹង វាសុទ្ធតែជារឿងលើកមួយដែលហៅថាអាចបំភាន់មតិសាធារណជនទេណា! ការផ្តល់សម្បទានដីសេដ្ឋកិច្ច មិនថាឲ្យទៅឲ្យក្រុមហ៊ុនវៀតណាម មិនថាឲ្យទៅក្រុមហ៊ុនអាគាំង ឬក៏ក្រុមហ៊ុនកូរ៉េ សាំងហ្គាពួរ ចិន អីទេ យើងមានបែបបទនីតិវីធីអីត្រឹមត្រូវអីអ៊ីចឹង”៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ