បទយកការណ៍៖ ទិន្នផលស្រូវប្រាំងរបស់កសិករនៅខេត្តសៀមរាបធ្លាក់ចុះ  

សំឡេង៖ “​ម្ចាស់វាថា​បាន​បួនការ៉ុងមិន​ដឹង​ជាបាន​ឬ​អីស្រូវពី​ខាង​នេះដល់ខាងនោះបានផលប្រ​ហែល​៤០%”។

នេះជាការត្អូញត្អែររបស់ប្រជាកសិកររស់នៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ស្រព​ពេល​ដែល​ប្រជាកសិករទាំងនោះកំពុង​មើលគ្រឿងចក្រច្រូតស្រូវដែលនៅសេសសល់ពីការស្កកក្រៀមស្វិត​ក្នុងស្រែ​​។

កសិករម្នាក់ក្នុងចំណោមពួកគេ៦នាក់ដែលពួកគាត់រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លោក ទូច​ ហួន បាន​រៀបរាប់​ថាស្រូវ​ប្រាំង​ពួកគេនៅឆ្នាំនេះបានទទួលទិន្នផលតែប្រហែល១០%ប៉ុណ្ណោះដោយ​សារស្រូវប្រាំងទាំងនោះក្រៀមស្វិតព្រោះគ្មានទឹក​ស្រោចស្រព។ កសិកររូបនោះបន្ដថាដំណាំ​កសិ​កម្មនេះ​មានប្រភព​ទឹក​​ចេញពីស្ទឹង​សៀមរាបនិងបារាយណ៍​ទឹក​ថ្លា ប៉ុន្ដែអាជ្ញាធរបានបិទទ្វារ​ទឹកដើម្បី​រក្សា​ទឹក​បណ្សើមដល់គ្រឹះប្រាសាទបុរាណខ្មែរទើបបណ្ដាលឲ្យខ្វះទឹកបញ្ចូលស្រែប្រាំង។ កសិករបន្ថែមថា៖ “សាលាខេត្ដ​​និង​​សាលាក្រុងប្រជាជន​​ដាក់សំណើរសុំឲ្យជួយ​ទម្លាក់ឃ្លាំងទឹកឲ្យប្រជាជនស្រោចស្រពស្រែប្រាំងនោះមិនធ្វើដឹងមិនធ្វើឮទេពេលនេះស្រូវប្រជាជនស្វិតអស់​បានទម្លាក់មកឲ្យមានប្រយោជន៍អីទេប្រយោជន៍ដាក់ទឹកឲ្យរាល់ថ្ងៃនេះទម្លាក់ទឹកឲ្យតែពួកក្រុមហ៊ុនដែលវា​ទិញដីដាំឈូក”។

វាលស្រូវប្រាំង​ដែល​មានពណ៌លឿងទុំបានលាតសន្ធឹងនៅខាងជើងបឹងទន្លេសាប​ស្ថិតនៅ​ក្នុង​សង្កាត់បី​រួមមានសង្កាត់​ស្វាយ​ដង្គំ សង្កាត់សំបួរ និងសង្កាត់សៀមរាប ដែលមានចំងាយ​ប្រមាណ​ជាង​​១០​គី​ឡូ​ម៉ែ​ត្រពី​ក្រុង​ទេ​ស​ចរ​ណ៍​​។

ក្នុងវ័យជិត​៣​០​​ឆ្នាំ​​​កសិ​ករ​មួយរូបទៀតរៀបរាប់ថាទិន្នផលស្រូវប្រាំងដែល​សល់ពីក្រៀមស្វិតនេះ​បាន​​តិច​តួចបំផុត។ ដៃចង្អុល​ទៅម៉ាស៊ីនដែលកំពុងច្រូតស្រូវលោក កុញ សាញ់ បាន​បន្ដថាផលស្រូវប្រាំង​របស់លោកឆ្នាំនេះអាចបានផលតែ៤ការ៉ុង​ប៉ុណ្ណោះ​ក្នុងផ្ទៃដី​ទំហុំ១៥ម៉ែត្រ​គុណ​នឹង៣០០ម៉ែត្រដែល​លោកថាខុស​ពី​ឆ្នាំមុនទទួលបានផលជាង២០ការ៉ុង។ លោកបន្ដថា៖ “ឆ្នាំនេះអត់ទឹខ្វះទឹក​រីងស្ងួតខ្វះ​ចា​ប់​​ពីបញ្ចូលពី​ព្រោះ​​មកឆ្នាំនេះទឹកតិចណាស់តិចជាងឆ្នាំមុនពីរខែវាមកពីទន្លេផងពីក្រោមពីលើផង​មាន​ម៉េច​ស្រូ​វអត់ទឹកស្វិត​អត់បានផលល្អទឹកទន្លេមិនបានផលល្អអត់គ្រប់ទេព្រួយបារម្ភខ្លាចអត់អីហូបធ្វើការសំណងបន្ដែទៀត”។

មិនខុសពីកសិករ កុញ​ សាញ់ ប៉ុន្មានឡើយកសិករផ្សេងទៀតអះអាងថាកំពុងប្រឈមខ្វះខាតស្បៀងដោយសារ​ទិន្នផល​​ស្រូវ​ប្រាំង​នៅឆ្នាំនេះ​មាន​ការ​​ថ​យ​​ចុះ​យ៉ាងគំហុក។

បុរសមាឌធំសបុរខ្មៅលោក ហ៊ីង ម៉ៅ ជាកសិករនៅសង្កាត់សំបួរឲ្យដឹងនៅវាលស្រូវប្រាំងនោះដែរ​ថាស្រូវប្រាំងលោកទំហំជាង៤០០ម៉ែត្រការ៉េ លោកថាបានទទួលផលតិចតួចបំផុតព្រោះតែ​ស្រូវប្រាំង​នោះ​មានតែចំបើងប៉ុណ្ណោះ។ ឈរក្រោមកម្ដៅថ្ងៃត្រង់កសិកររូបនោះបានបង្ហាញ​ពីភាពអស់សង្ឃឹម​លើការបង្កប​ង្កើន​ផលដំណាំស្រូវនេះ។ លោកឲ្យដឹងថាចាប់តាំងពី​ក្រោយដែល​លោ​ក​​បាន​ពង្រោះ​ពូជស្រូវរួច ស្រូវនោះ​បាន​ទទួល​​ទឹក​ស្រោច​ស្រពម្ដងគត់ព្រោះតែនៅតំបន់​នោះគ្មានប្រឡាយទឹកពោលគឺធ្វើស្រែពឹងផ្អែក​លើ​ទឹក​ទន្លេ​សាប​​នៅរដូវវស្សាហៀរចូល។ លោកសម្ដែងការព្រួយបារម្ភពីកង្វះខាតស្បៀងខណៈប្រជាកសិករ​ជា​ច្រើន​​​ទៀតពួកគេធ្វើស្រែតែមួយរដូវ​​​ប៉ុណ្ណោះក្នុងមួយឆ្នាំ។ លោកបន្ថែម​ថា៖ “វាសនាកសិករគាត់មិនដឹងជាទី​ពឹង​ស្អីទេ​ក្រៅពីធ្វើស្រែធ្វើចំការព្រោះនៅសង្កាត់សំបួរ ស្រង៉ែ​ស្វាយដង្គុំមិនថាគេថាខ្ញុំបាន​ពឹងផ្អែកលើស្រែ​ចំការនេះឯងឃើញជាក់ស្ដែងគឺបើយើង​ប្រមូល​ផលស្រូវបានតិចមានប៉ះពាល់ច្រើន​ដល់ប្រជាពលរដ្ឋ​ដែល​ធ្លាប់​មានអង្ករហូបមានស្រូវប៉ះពាល់គឺយើង​រកលុយមិនសូវបាន”។

កាលពីខែតុលាឆ្នាំ២០១៥ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទបានចេញសេចក្ដីណែនាំឲ្យ​មន្ទីរ​កសិកម្មរាជធានីខេត្តត្រៀម​លក្ខណៈ​បង្កបង្កើនផលស្រូវប្រាំងឆ្មាំ២០១៦ត្រូវវាយតម្លៃនិងវៀបចំផែនការ​ផលិតកម្មឲ្យបានច្បាស់លាស់ដោយពិនិត្យទៅលើស្ថានភាពប្រភពទឹកនិង​បរិមាណទឹកនៅតំបន់នីមួយៗព្រមទាំងរក្សាទឹកទុកសម្រាប់បង្កបង្កើនផលស្រូវរដូវប្រាំងដើម្បីជៀសវាងខ្វះទឹកស្រោចស្រពបណ្ដាលឲ្យ​ថយ​ចុះទិន្នផលស្រូវឬបាត់បង់ទិន្នផលស្រូវទាំងស្រុង។

អង្គុយក្រោមដើមឈើរងចាំដឹកចំបើងទៅផ្ទះកសិករឈ្មោះ ហុង ហ៊ីន ឲ្យដឹងថាផល​ស្រូវដែល​លោក​ទទួលនៅឆ្នាំនេះមិនរួច​ឈ្នួល​ថ្លៃ​ច្រូត​កាត់​នោះទេហើយតម្លៃស្រូវក៏មានតម្លៃថោកផងដែរ​។ អតីត​យោធា​ពិ​ការ​មានជំងឺប្រចាំកាយវ័យ៤៦ឆ្នាំរូបនោះ​ព្រួយ​បា​រម្ភ​ពីខ្វះស្បៀងចិញ្ចឹមកូន ​ខណៈ​គ្រួសារលោក​មាន​សមាជិក៥​នាក់។ ​លោក​បន្ដថា៖ “រកត្រីរកសាច់រកអីឲ្យតែបានចិញ្ចឹមកូនឲ្យតែរស់ទឹកអត់មានឆ្នាំនេះអត់មាន​ប្រឡាយ​មាន​អីផង​”។

ទាក់ទងការលើករបស់ប្រជាកសិករអភិបាលក្រុងសៀមរាបលោក សូ ប្លាតុង ទទួលស្គាល់ថាទិន្ន​ផលស្រូវប្រាំងនៅឆ្នាំ២០១៦មានការថយចុះ ដោយលោកបញ្ជាក់ថា​ការថយ​ចុះនេះ​ដោយ​សារខ្វះ​​ទឹក​ស្រោ​ច​​ស្រព​​។ លោកបន្ដថាតាមការវាយតម្លៃទិន្នផលស្រូវប្រាំងនេះប្រជាកសិករ​ផលិត​បា​ន​ប្រហែល​ជាង២តោនក្នុងមួយហិកតាបើប្រៀបធៀបពីឆ្នាំ២០១៥ថយចុះបន្ដិចបន្ទួច។ លោកបន្ដថា៖ “​ទី១ទឹកឆ្នាំនេះ​ស្ទើ​វា​អត់ចូលអាង អាងរបស់វាចូលដល់កន្លះម៉ែត្រដោយសារទឹកវាអត់ដល់ហើយយើងបា​នប្រាប់បងប្អូ​ន​ប្រជា​ពលរដ្ឋអំពីកិច្ចការងារនេះធ្វើម៉េកុំឲ្យបើគាត់ធ្វើស្រូវស្លាលអីកុំឲ្យមានបញ្ហាព្រោះអីយើងដឹងថា​ស្ទើទឹកប៉ុ​ន្ដែ​គា​ត់ថាបន្ថយបានខ្លះអត់ខ្លះគាត់ធ្លាប់ចឹងគាត់ថាចឹងជាទូទៅយើងឃើញថាវាមិនងាប់មិន​អីទេប៉ុន្ដែ​វារាង​ស្វិតដឹងដូចនិយាយខាងក្រោម១០%វាស្វិតមិនបានទិន្នផល”។

អភិបាលក្រុងរូបនេះឲ្យដឹងបន្ដថាអាជ្ញាធរគ្មានគម្រោងជីកប្រឡាយ​ទឹកទៅដល់តំបន់វា​ស្រូវ​ប្រាំង​នោះ​ទេដោយលោកថាតំបន់នោះមាន​អាងស្ដុកទឹកស្រាប់។

ទោះជាយ៉ាងណារដ្ឋលេខាធិការ​ក្រសួងកសិកម្មនិងជាប្រធាននៃក្រុមការងារបច្ចេកទេសកសិកម្មនិងទឹកលោក ទី សុគន្ធ បានលើកឡើងនៅ​ក្នុង​វេទិកា​​កាលពីថ្ងៃទី០៩ខែមីនានេះថាបញ្ហាកសិកម្មរដ្ឋាភិបាល​បានរៀប​ចំ​ប្រព័ន្ធ​ធារាសាស្រ្តតាមរយៈក្រសួងធនធានទឹក​ក្នុងការផ្គត់ផ្គង់ទឹកដល់កសិករ។

នាយកកម្មវិធីបរិស្ថាននិងសុខភាពនៃអង្គការសេដាកលោក គាម មករាឌី មានប្រសាសន៍ថាការ​ខូច​ខាតស្រូវរបស់កសិករនេះដោយ​សាររដ្ឋាភិបាល​រៀប​ចំ​ប្រព័ន្ធធារាសាស្ដ្រមានភាពយឺតយ៉ាវ។​ លោកបាន​លើកយក​ដំណោះស្រាយរបស់ប្រទេស​ជិត​ខាងថានៅពេល​កសិករ​របស់គេផលិតដំ​ណាំ​កសិកម្ម​ខាតបង់នោះរដ្ឋាភិបាលគេនឹង​ឧបត្ថម្ភដើម​ទន់​ដល់​​ប្រជាក​សិ​ករ​របស់គេ។

អភិបាលក្រុងសៀមរាបឲ្យដឹងថាមានប្រជាពលរដ្ឋប្រ​មាណ​៣៥%ជាអ្នកប្រកប​របរធ្វើស្រែ​ប្រាំង​នេះ​។ ទោះជាយ៉ាងណារដ្ឋាភិបាល​មិនមានគម្រោងជួយសងការខូចខាតស្រូវប្រាំងរបស់កសិករទាំងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ