សហគមន៍​ជម្លោះដីធ្លី​នៅ​កំពង់ស្ពឺ​រក​ការ​អន្តរាគមន៍ឲ្យ​ដោះលែង​តំណាង​ពួកគេ

ប្រជាពលរដ្ឋ​មកពី​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ប្រមូលផ្តុំ​គ្នា​នៅ​វត្តភ្នំក្នុង​រាជធានី​ភ្នំពេញនៅព្រឹកនេះ(រូបថត៖ ណាត សុភាព)

ប្រជាពលរដ្ឋ​មកពី​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ប្រមូលផ្តុំ​គ្នា​នៅ​វត្តភ្នំក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សុំឲ្យ​រដ្ឋាភិបាល​ជួយ​ដោះ​លែង តំណាង​របស់​ពួកគេ​ពីរ​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន និងជួយ​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ឲ្យបាន​ឆាប់​។​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​មកពី​ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​ភ្នំស្រូច ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​វត្តភ្នំ​បាន​ថ្លែងថា តំណាង​របស់​ពួកគាត់​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការតវ៉ា​រឿង​ដីធ្លី​។

​ប្រជាពលរដ្ឋ​ទាំងនេះ​បញ្ជាក់​ពី​គោលបំណង​ដូចៗ​គ្នា​ថា ពួកគេ​ធ្វើដំណើរ​ពី​ខេត្ត​កំពង់ស្ពឺ ​មកកាន់​រាជធានី​ភ្នំពេញ​នេះ គឺ​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​ជួយ​អន្តរាគមន៍ដោះលែង​តំណាង​ពួក​គេ​វិញ និងជួយ​ដោះស្រាយ​បញ្ហាដីធ្លី ដែល​អូសបន្លាយ តាំងពី​ឆ្នាំ២០០៧​នេះ ឲ្យបាន​ឆាប់​ដើម្បី​អាច​ធ្វើស្រែ​បង្កបង្កើនផល​បាន​ដោយ​មិន​មាន​ការភ័យខ្លាច​។​

​ស្ត្រី​ជា​សកម្មជន​ដីធ្លី​២​នាក់ គឺ​អ្នកស្រី យូ រ៉ុន អាយុ​៥១​ឆ្នាំ និង​អ្នកស្រី អ៊ី​ត រុំ អាយុ​៥៥​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពេល​ដែល​​ពួក​គេ​​ត្រូវបាន​​តុលាការ​ខេត្ត​នេះ កោះហៅ​ឲ្យចូល​បំភ្លឺ ទាក់ទិន​នឹង​ជម្លោះ​ដីធ្លី​មួយ​កន្លែង​នៅ ស្រុក​ភ្នំស្រួ​ច ខេត្ត​កំពង់ស្ពឺ​។​

​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​១៦៥​គ្រួសារ​នៅ​ភូមិ​ថ្មី ជាមួយ​អាជ្ញាធ​រ​មូលដ្នាន​កើតមាន​តាំងពី​ឆ្នាំ​២០០៧ លើ​ទំហំ​ដី​ចំនួន​ជាង​១០០០​ហិកតា នៅ​មិនទាន់​ដំណោះស្រាយនៅឡើយ​ទេ បើទោះជា​ធ្លាប់មាន​អន្តរាគមន៍​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ក៏ដោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ