មន្ត្រីរាជការធ្វើការនៅក្រសួងមហាផ្ទៃរិះគន់ថាក្រសួងនេះបានដាក់កំហិតឲ្យមន្ត្រីមួយចំនួនត្រូវចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួនរាប់ម៉ឺនរៀលសម្រាប់យកទៅពង្រឹងគណបក្សកាន់អំណាចនៅតាមមូលដ្ឋាន។
មន្ត្រីម្នាក់ដែលអះអាងថាធ្វើការក្នុងនាយកដ្ឋានមួយនៅក្រសួងមហាផ្ទៃសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជួបប្រជុំជាមួយប្រធាននាយកដ្ឋានជិត៣០នាក់នៅក្នុងក្រសួងនេះដោយដាក់កំហិតចាប់ពីមន្ត្រីធម្មតារហូតដល់ថ្នាក់នាយករងនាយកដ្ឋានត្រូវចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួនចាប់ពី១ម៉ឺនរៀលដល់៨ម៉ឺនរៀលជារៀងរាល់ខែដោយគិតពីខែមីនានេះទៅដោយអះអាងថាដើម្បីទុកឲ្យប្រធាននាយកដ្ឋានឬហៅថាប្រធានក្រុមការងារយកទៅចំណាយសម្រាប់ថ្លៃធ្វើដំណើរ ម្ហូប អាហារ និងស្នាក់នៅពេលចុះជួយពង្រឹងគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានទូទំាងរាជធានី-ខេត្តរហូតដល់ចប់ការបោះឆ្នោតខាងមុខនេះ។ មន្ត្រីរូបនោះចាត់ទុកថានេះជាការដាក់កំហិតឲ្យពួកគេបរិច្ចាកថវិកានឹងធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់មន្ត្រីរាជការ។
លោកនិយាយថា៖ “ខ្ញុំវាមិនសូវសប្បាយចិត្តទេបងប្អូនខ្លះគាត់សប្បាយចិត្តទៅមានបងប្អូនខ្លះគាត់មិនសូវសប្បាយចិត្តទេព្រោះការចំណាយលុយទៅលើការងារបក្សនេះជាកំលាំងអព្យាក្រិតរបស់រដ្ឋាភិបាល យើងមិនមែនជាកំលាំងរបស់បក្សទេព្រោះបក្សណាឈ្នះយើងក៏ជាអ្នកការពារប្រទេសជាមួយការទទួលខុសត្រូវប្រជាពលរដ្ឋដែរ”។
ប្រភពដដែលបញ្ជាក់ថាបើមន្ត្រីរូបណាមិនព្រមបរិច្ចាកថវិកាតាមការតម្រូវនោះទេគឺមន្រ្តីរូបនោះនឹងត្រូវបានគេដាក់ក្នុងបញ្ជីខ្មៅ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថាក្រសួងមិនមានគោលការណ៍ដាក់កំហិតឲ្យមន្ត្រីរាជការនៅក្នុងក្រសួងបរិច្ចាកថវិកាយកទៅចុះពង្រឹងគណបក្សនោះទេ។ ប៉ុន្តែលោកថារាល់ការបរិច្ចាកថវិការបស់មន្ត្រីរាជការមួយចំនួន ធ្វើតាមលក្ខន្តិកៈគណបក្សដែលតម្រូវឲ្យសមាជិកនិងអ្នកគំាទ្រគណបក្សទំាងអស់ធ្វើដោយស្ម័គ្រចិត្ត។ លោកបន្តថា៖ ”អត់ទេក្រសួងអត់មានណែនាំ ប៉ុន្តែទន្ទឹមនៅក្នុងលក្ខន្តិកៈបក្សមើលទៅគេថាសមាជិកបក្សនីមួយៗមានកាតព្វកិច្ចដើម្បីបង់វិភាគទានជូនបក្សសមាជិកគណបក្សប្រជាជន វិភាគទានតាមស្ម័គ្រចិត្តមិនមែន២០ដុល្លារទេអ្នកខ្លះបង់ច្រើនជាងហ្នឹងទៀតមិនមែនប៉ុណ្ណឹងទេ”។
លោក ខៀវ សុភ័គ ចោទមន្ត្រីដែលរាយការណ៍ព័ត៌មានមកVODថាជាមន្ត្រីបន្លំខ្លួនធ្វើការជាមួយគណបក្សប្រជាជន ប៉ុន្តែទៅគំាទ្រគណបក្សប្រឆំាងទៅវិញ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្រ្វែលលោក គល់ បញ្ញា យល់ថាបើក្រសួងមហាផ្ទៃប្រមូលថវិកាពីមន្ត្រីទំាងនោះជាលក្ខណៈផ្ទាល់ខ្លួនដោយធ្វើនៅក្រៅអង្គភាពមិនខុសច្បាប់ទេ។ ផ្ទុយទៅវិញលោកថាបើសិនជាក្រសួងមហាផ្ទៃរៀបចំឲ្យមានក្រុមអង្គការចាត់តំាងបក្សនៅក្នុងក្រសួងប្រមូលថវិកាពីមន្ត្រីទៅបម្រើការងារបក្សនោះគឺជាការរំលោភច្បាប់។ លោកបន្ថែមថា៖ ”នៅក្នុងក្រសួងមហាផ្ទៃមិនអាចរៀបចំអង្គការចាត់តំាងបក្សនៅក្នុងក្រសួងនៅក្នុងមន្ទីរហ្នឹងបានទេបក្សអីហ្នឹងធ្វើអីធ្វើនៅខាងក្រៅទៅហើយសមាជិកគេទៅបង់ៗនៅក្រៅរឿងSystemនៅខាងក្រៅមិនអាចរៀបចំនៅក្នុងនាមនៃក្រសួងមហាផ្ទៃអត់បានទេអាហ្នឹងរំលោភច្បាប់ហើយច្បាប់គណបក្សមាត្រា១៥”។
ប្រភពមិនបញ្ចេញឈ្មោះឲ្យដឹងទៀតថានៅក្រសួងមហាផ្ទៃមានមន្ត្រីរាជការចន្លោះពី៥ទៅ៧ម៉ឺននាក់។ ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បដិសេធមិនប្រាប់ពីចំនួនពិតនៃមន្រ្តីទាំងអស់៕