អាជ្ញាធរខេត្ដព្រះវិហារមិនឲ្យអង្គការសិទ្ធិមនុស្សផ្សព្វផ្សាយច្បាប់ដល់សហគមន៍

សមាគមការពារសិទ្ធិមនុស្សអាដហុកនៅខេត្ដព្រះវិហារឲ្យដឹងថាអាជ្ញាធរស្រុកសង្គមថ្មី​ហាមឃាត់​មន្រ្តីអង្គការនេះមិនឲ្យផ្សព្វផ្សាយច្បាប់​ស្ដីពី​សិទ្ធិ​មនុស្សដល់ប្រជាសហគមន៍ដោយអះអាងថាគ្មានច្បាប់​អនុ​ញ្ញាត​​​ពី​អាជ្ញាធរខេត្ត។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ដព្រះវិហារលោក ឡោ ចាន់ ប្រាប់វីអូឌី​ថានៅម៉ោង១០ព្រឹកថ្ងៃចន្ទនេះ សមត្ថកិច្ចពីររូបនៅឃុំសុចបានហាមឃាត់​ប្រ​ជា​ពលរដ្ឋ​និងមន្រ្តីសមាគម​​អាដ​ហុក​មិនឲ្យធ្វើពិធីផ្សព្វផ្សាយ​ច្បាប់ស្ដីពីសិទ្ធិមនុស្សដល់ប្រជាស​ហ​គមន៍​​​ដោយ​សមត្ថកិច្ច​ប្រាប់​ថាគ្មានច្បាប់​អនុញ្ញាត​ពីអភិបាលស្រុកសង្គមថ្មីលោក រស់ ហេង។ ​លោកហៅការ​រារាំងនេះថាជាទ​ង្វើ​ខុសច្បាប់​។​លោក​បន្ដថា៖ “​ចឹងហើយអា​ជ្ញាធរស្រុ​ក​​ដែល​មាន​អភិ​បាលស្រុកសង្គមថ្មីគាត់មានការភ័យខ្លាចយ៉ាងខ្លាំង​ឲ្យតែមានអង្គការសង្គមស៊ីវិល អង្គការអា​ដ​ហុកមិ​នថាអង្គ​ការណាទេចូលក្នុងភូមិឃុំសង្គមថ្មីរបស់លោក ​លោកតែងបញ្ជាការទៅអាជ្ញាធរ​មូលដ្ឋានមិន​អោយសហការ​ជា​មួ​យអង្គការព្រោះ​ខ្លាចប្រជាពលរដ្ឋគាត់​ចេះដឹងពីសិទ្ធិក៏ដូចជាផ្លូវច្បាប់មួយ​ចំនួនទៅ​គាត់បញ្ចេញសិទ្ធិទៅចឹងធ្វើឲ្យខាតប្រយោជន៍របស់គាត់”។

លោក ឡោ ចាន់ បន្ថែមថាតាមការសង្កេតកន្លងមកអភិបាលស្រុកសង្គមថ្មីលោក រស់ ហេង តែ​ង​ហា​ម​​ឃាត់​សង្គមស៊ីវិលមិនឲ្យចូលផ្សព្វផ្សាយច្បាប់ដល់ប្រជាសហគមន៍ដោយលោកថាអភិបាល​ស្រុករូបនោះ​ខ្លាចពលរដ្ឋ​មានចំ​ណេះ​ដឹងនិង​ហ៊ានធ្វើការតវ៉ាជាមួយអាជ្ញាធរ។​

ឆ្លើយតបភ្លាមៗពីករណីនេះអភិបាលស្រុកសង្គមថ្មីលោក រស់ ហេង មានប្រសាសន៍ថាការហាមឃា​ត់នេះដោយសារមន្រ្តីអង្គការនោះធ្វើ​សកម្មភាពដោយគ្មានលិខិតអនុញ្ញាតចេញអាជ្ញាធរខេត្ដ។​ លោក​មានប្រសាសន៍ថា៖ ”ចង់​មក​ផ្សព្វផ្សាយឬធ្វើ​សកម្មភាពអីនៅក្នុងស្រុកហ្នឹងគួរតែ​ដាក់លិ​ខិត​ទៅ​រដ្ឋបាល​សា​លា​​ខេត្ដហើយ​ដាក់​កម្មវិ​ធី​​ទៅជាមួយទៅ ឃុំ​នេះ​​ភូមិនេះថ្ងៃនេះគោលបំណងធ្វើ​អីចឹង​ហើ​យ​​ខេត្ដគេទទួល​បានលិខិត​គេចេញសជណមួយ​បើយើង​មាន​គោ​លដៅនៅស្រុកណាគេចេញ​នៅស្រុក​ហ្នឹង​ហើយទាល់​មានលិខិតបញ្ជាក់ពីសាលាខេត្ដ”។

ប៉ុន្ដែអ្នកសម្របសម្រួល​នៃសមាគមអាដហុកលោក ឡោ ចាន់ អះអាងថាលោកមានច្បាប់​អនុ​ញ្ញ​ត​ឲ្យធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ច្បាប់​ដល់ប្រជាសហគមន៍និងធ្វើវេទិកានៅតាមភូមិឃុំដែលបានអនុញ្ញាតពី​អភិបាលខេត្ដព្រះវិហារលោក អ៊ុំ​ ម៉ារ៉ា។​

មន្ដ្រីសិទ្ធិមនុស្សរូបនោះព្រមានប្ដឹងអភិបាលស្រុកលោក រស់ ហេង ទៅតុលាការ​បើនៅ​តែរារាំង​មិនឲ្យ​​អង្គការ​សង្គម​ស៊ីវិល​ធ្វើសកម្មភាពផ្សព្វផ្សាយច្បាប់នៅក្នុងស្រុកសង្គមថ្មី។

ច្បាប់រដ្ឋធម្មនុញ្ញមាត្រា៤១ចែងថាប្រជាពលរដ្ឋខ្មែរគ្រប់​រូប​មាន​សិទ្ធិ​សេរី​ភាព​ខាង​បញ្ចេញមតិទទួល​ព័ត៌មាននិងផ្ដល់ព័ត៌មាន។ ប៉ុន្តែមាត្រាដដែលនេះចែងថាជនណាក៏ដោយមិនអាចឆ្លៀត​ប្រើសិទ្ធិនេះរំលោភ​នាំឲ្យប៉ះពាល់​ដល់​កិតិ្ដយសដល់​អ្នកដទៃ​ទំនៀមទម្លាប់ល្អរបស់សង្គម សណ្ដាប់ធ្នាប់​សាធារណៈ​ និង​សន្ដិ​សុខ​ជាតិ​​បាន​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ