កូន​ភ្លោះ​កម្ពុជា​ប៉ះ​ថៃ ម្នាក់​​​​​​​ស្មើ ម្នាក់​សន្លប់​លើរេញ​

កីឡាករ​​យុគ យក្ស​​​​ខួច ​​​​​​​និង​​កីឡាករ​​​យុគ ​​​​​យក្ស​ផ្លែ

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៣ មីនា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​​មាន​ការ​ប្រកួតអន្តរជាតិ​ដូច​គ្នា​នឹង​សព្វ​ដង​។ ​យ៉ាង​ណា​ក៏​ដោយ​កា​រប្រកួតដែល​បាន​​ធ្វើ​ឡើនោះ ទទួល​បាន​​នូវ​ការ​ចាប់​អារម្មណ៍​​​​​​​​​​​​​​ខុស​ប្លែក​ពី​គេ ​ដោយ​សារ​តែ​នៅ​ក្នុង​ព្រឹត្តិការណ៍​​តែ​មួយ​សង្វៀន​តែ​មួយ គឺ​​​គេ​​ឲ្យ​កីឡាករ​ជើង​ខ្លាំង​​របស់​កម្ពុជា​​​ដែល​ជា​កូន​ភ្លោះ ឡើង​​ប្រកួត​គ្នា​ជា​មួយ​កីឡាករ​ថៃ​​ព្រម​គ្នា​។

នៅ​ក្នុងពិភព​ប្រដាល់​គេ​សុទ្ធ​តែ​បាន​ដឹង​​​​ថា ​​​កីឡាករ​យុគ យក្សខួចនិង​​​យុគ យក្ស​​ផ្លែ គឺជា​កីឡាករ​​កូន​ភ្លោះនិង​ជា​កីឡាករ​ល្បី​ឈ្មោះ​នៅ​ក្នុង​ពិភព​ប្រដាល់​ដូច​គ្នា​នៅ​លើ​សង្វៀន​។ ​​​ស្ទើរ​តែ​​គ្រប់​​​​កា​រប្រកួត​កីឡាករ​​​​ដែល​មាន​មុខ​មាត់​ដូច​គ្នា​ទាំង​ពីរ​នេះ រមែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​គ្រប់​លើក ដោយ​សា​រ​តែ​​​សមត្ថភាព​ប្រកួត​របស់​​​​​​​​ពួក​គេ​គឺ​អាច​និយាយ​បាន​​ថា​​​មិន​មាន​អ្នក​ណា​អន់​ជាង​អ្នក​ណា​។ ​​​​​ក្រៅ​ពី​​មាន​​​​​កិត្តិយស​​ឡើង​ប្រកួត​​​​​អន្តរជាតិ​ក្នុងស្រុក​​រាប់​មិន​អស់ ​​​​​​កីឡាករ​កូន​ភ្លោះ​ទាំង​ពីរ​ក៏​​​​ត្រូវ​គេ​ដឹង​ថា​​​ឧស្សាហ៍​បាន​ចេញ​ទៅ​ប្រកួត​​​​​​​​​​​​​​​នៅ​ជា​យ​ប្រទេសថៃ ​ប៉ះ​គ្នា​ជា​មួយ​កីឡាករ​បរទេស​​រាប់​មិន​អស់​នោះ​ផង​។ ​​​​​​​​​​​​​​​

​ក្រៅ​ពី​ជា​អាជីព​ប្រដាល់​ បង​ប្អូន​ទាំង​ពីរ​ក៏ត្រូវ​គេ​ដឹងថា​បាន​ប្រឡូក​​​តួនាទី​ជា​​​​​គ្រូ​បង្វឹក​នៅ​ក្នុង​ក្លិប​ប្រដាល់​របស់​​ឪពុក​​​​​​នៅ​ខេត្ត​បាត់​ដំបង ​​គឺ​​​​ក្លិប​​​​​អប់រំកាយ និង​កីឡា​ខេត្ត​បាត់​ដំបង​នោះផង។ អ៊ីចឹង​​ហើយ​ទើប​​ការ​ប្រកួត​​​​​​​ប្រមាណ​ជា​​​​​​​២​ឆ្នាំ​ចុង​ក្រោយ​របស់ គឺ​ល្អ​​​ទាំង​ថ្វីដៃ និង​​​​​​​បច្ចេកទេស។ ​ ​​យ៉ាង​ណា​មិញ ​បង​ប្អូន​ភ្លោះ​​ទាំង​ពីរ​​​​​មិន​ដែល​ឡើង​រិញ​​​​​​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​​​​​ទាំង​​ពីរ​នាក់​​​​​នៅ ក្នុង​ព្រឹត្តិការណ៍​​តែ​មួយ ដូច​គ្នា​ការ​​​​​ការ​ប្រកួត​​កាល​ពី​​​ព្រឹក​ថ្ងៃ​​ទី​​១៣ មីនា នៅ​លើសង្វៀន​ទូរទស្សន៍​​​អាស៊ី​អាគ្នេយ៍​នោះទេ ​​​​ទើប​​​​ធ្វើ​​ឲ្យ​កា​រប្រកួត​របស់​ពួក​គេ​​​មាន​អ្នក​តាម​ដាន​ច្រើន​។

កីឡាករ យុគ យក្ស​ខួច ដែលអ្នក​ណា​ក៏​ស្គាល់​ថា​ជា​​កូន​ភ្លោះ​បងបាន​ឡើង​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ឈ្មោះ​ Reda ក្នុង​នាម​ជា​គូអន្តរជាតិ​ទី​​១។ កា​រប្រកួត​គូ​នេះ ​ក្នុងទឹក​ទី​​​១ ​​ភាគី​ម្ខាង​ៗ​​បើក​ឆាក​កំដៅ​សាច់​ដុំ​​​​​ត្រឹម​​​រង្វង់​​​​​​​ពី​​​៦០ទៅ​៧០​​ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ឈាន​ដល់​ទឹក​ទី​​២ កីឡាករ​​​បង្គោល​​ក្រហម​កម្ពុជា​ស្រាប់​តែ​​​​​​​​​​​​​​​​​​​​​​ប្រឹង​ប្ដូរកែង​​​​​​​​​​ ធ្វើ​ឲ្យ​​ឆាក​ប្រយុទ្ធ​ឈាន​​ឡើង​ប្រកៀក​ៗ​នឹង​​​​១០០​អង្សារតែម្ដង ដោយ​សារ​តែ​មាន​បំណង​​ចង់​វាយ​​បំបុក​​ឲ្យកីឡាករ​ថៃ​សន្លប់​លើ​រេញ​។ កា​រប្រកួត​​​​​ក្នុងទឹក​នោះ គេ​ឃើញ​កីឡាករ​ថៃ​បើ​ទោះ​ប្រឹងគេ​ឡើង​​ចង់​គ្រិច​ក ក៏​នៅតែ​មិន​អាច​គេច​ផុត​ពី​កែង​​​យ៉ាង​ខ្លាំង​ក្លា​​​របស់​គូ​ប្រកួត​នោះដែរ។ ​កែង​របស់​កីឡាករ​​​យុគ យក្ស​ខួច ​រហ័ស ហើយ​ខ្លាំង​ណាស់ ​​​​​​ប៉ុន្តែ​​កីឡាករ​ថៃ​​​​​Reda ក៏​បាន​វាយ​​​​បំបុក​ដោយ​កែង និង​ម៉ាត់ ​ដោយ​មិន​សំចៃ​ដៃ​ត្រឡ​ប់​មក​វិញ​ផងដែរ។

នៅ​ក្នុងទឹក​នេះ កីឡាករ​​​​​​​​​​​​បង្គោល​ក្រហមនិង​ខៀវ ​វ័ធ​កែង​ទៅ​​មក​ៗ​​​​​​ដូច​អ្នក​​ក្លាហាន​​​ក្បាល​ដែ​ក​ប៉ះ​​​អ្នក​​​ខ្លាំង​ក្បាល​ដែក​អ៊ីចឹង ដោយ​មិ​មាន​កីឡាករ​ណា​មួយ​ចុះ​ញ៉ម​​​​​ចំពោះ​ការ​វាយ​លុយ​​​​​របស់​ភាគី​ណា​មួយ​នោះ​​ឡើយ។ ​យ៉ាង​ណា​ក៏​ដោយ​កីឡាករ​យុគ យក្ស​ខួច​ បាន​ក្លាយ​ជា​អ្នក​ភ្លាត់​ស្នៀត​មុន ដោយ​សា​រតែ​​​ភ្លាត់​​ឲ្យ​ត្រូវ​​មួយ​ចុង​ពេញ​ទំហឹង​​របស់​កីឡាករ​ថៃ​យ៉ាង​ដំណំ បណ្ដាល​​ឲ្យ​រាប់​​​ដល់​​​៨ ហើយ​បន្ទាប់​ពី​​រាប់​លើក​ទី១ ​​អ្នក​ទាំង​ពីរ​ក៏​​វាយ​ប្ដូរ​កែង​នឹង​គ្នា​ទៅ​មកៗ​ជាថ្មី​ម្ដង​ទៀត​រហូត​​​​ធ្វើ​​​​យុគ យក្ស​​ខួច ​ភ្លាត់​​​ត្រូវ​កណ្ដាប់​ដៃ​ចំ​គុម្ព​​ថ្គាម​​មួយ​លើក​ទៀត ហើយ​ដួល​ខ្ពក​​​​​​សន្លប់​​ក្នុងទឹកទី​​២​តែម្ដង។ ​

កីឡាករ​ថៃ ​​​ធ្លាប់​ប្រកួត៩៨លើក ឈ្នះ​​​៨២​លើក ចាញ់​​​​១៥​លើក និង​ស្មើ​​១​លើក​​ ​ហើយ​កីឡាករ​​​​​​​​កម្ពុជា​ធ្លាប់​ប្រកួត ​៩៥លើក ​ឈ្នះ​៧៧លើក ​ចាញ់​​១៥​លើក និង​ស្មើ​៣​លើក។

នៅខាង​ក្រោយរេញ​កីឡាករ​​​យុគ យក្ស​ផ្លែ បាន​បន្ទោស​​យុគ យក្ស​​​ខួច ដែល​​​​​ប្រកួត​​​​ប្ដូរ​ដោយ​ប្រថុយ​ប្រថាន ​​​ទើប​នាំ​​ឲ្យ​មាន​លទ្ធផល​​បែបនោះ។ ​​​​លោក​ថា​​​​បើ​ការ​ប្រកួតដែល​បាន​ធ្វើ​ឡើង​ស្ថិត​ក្នុង​សភាព​​​​​​​​​​មួយៗ ហើយ​ប្រើ​បច្ចេកទេស នោះ​​​លទ្ធផល​​​​បរាជ័យ​មិនមែន​ជា​របស់​បង​ខ្លួន​នោះ​ឡើយ​។ ​​

យុគ យក្សផ្លែ និងកីឡាករថៃ ទទួលបានលទ្ធផលស្មើគ្នា
យុគ យក្សផ្លែ និងកីឡាករថៃ ទទួលបានលទ្ធផលស្មើគ្នា

​​​​យុគ យក្ស​ផ្លែ ធ្វើ​ការ​វាយ​លុក​ប្រកប​ដោយ​ភាព​ប្រយ័ត្ន​ប្រយែង​បំផុត ដោយ​មួយ​ដៃៗនិង​មួយជើង​របស់​​​គេ គឺ​​​​​​​​​​​អាច​និយា​យ​បាន​ថា​មិន​មែន​ជា​ការ​វាយ​​ចោល​​​​នាំ​​​ឲ្យ​ខាត​កម្លាំង​នោះ​ផង​។ ប៉ុន្តែ​បណ្ដាល​មក​គូ​ប្រកួតរបស់​គេក៏​មាន​បច្ចេកទេសខ្ពស់និង​រឹង​ជំហរ​​មិន​ណាយដែរ ទើប​​កា​រប្រកួត​​​យ៉ាង​ស្វិត​ស្វាញ​ពេញ​រយៈ​ពេល​​​៥​ទឹក​បាន​ត្រឹម​តែស្មើ​ពិន្ទុ​ជា​មួយ​កីឡាករ​ថៃ។ កីឡាករ​​ Pha Yanon ធ្លាប់​ប្រកួត​​៩១លើក ​ឈ្នះ​៧៥លើក និង ចាញ់​​​១៦​លើក ខណៈដែល​កីឡាករ​កម្ពុជា​​ប្រកួត​បាន​​១៤១លើក ​ឈ្នះ​​​១២៣​លើក ចាញ់​១៣​លើក ​​​​និង​ស្មើ​​៥​លើក។  ​

ក្រោយ​បញ្ចប់​កា​រប្រកួត​​​កីឡាករ​​យុគ យក្ស​​​​ខួច ​​​​​​​ត្រូវ​សន្លប់​ក្រោមដៃ​ថៃ ​ហើយ​​កីឡាករ​​​យុគ ​​​​​យក្ស​ផ្លែ បាន​ត្រឹម​តែ​ស្មើ ​ប៉ុន្តែ​ក៏​បាន​ធ្វើ​​ឲ្យ​ការ​ប្រកួតរបស់​កូន​ភ្លោះ​ទាំង​ពីរ​ទទួល​បាន​​ការ​​​ពេញ​ចិត្ត​រឿង​ប្រកួត​អស់​ដៃ​​​​​​​​​​​​​​នៅ​ក្នុង​ពេល​នោះ​ផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ