អង្គ​ការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកកាំងប្រកាន់ជំហរ​ជំទាស់នឹង​វត្ត​មាន​របស់លោក ហ៊ុន ម៉ាណែត

កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី គឺលោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ(រូបថតពីហ្វេសប៊ុក​របស់​លោក​)

អង្គ​ការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកកាំង​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ដោយ​​ប្រកាន់ជំហរ​ជំទាស់​​នឹង​វត្ត​មាន​របស់​កូនប្រុសនាយករដ្ឋមន្រ្តី គឺ​លោក ហ៊ុន ម៉ាណែត ដែលត្រូវបាន​អញ្ជើញ​ចូលរួមកម្មវិធី​ចូលឆ្នាំខ្មែរ​នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។​

នេះ​ជា​ការឆ្លើយ​តប​ទៅ​នឹង​លោក ហ៊ុន ម៉ាណែត​ ដែលបានលើក​ឡើង​កាលពីសប្តាហ៍មុន​ថា​ដំណើរទស្សន​កិច្ច​របស់​លោក​ទៅអាមេរិក​មិន​មែន​ជា​រឿង​នយោបាយ​នោះទេ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយនៅថ្ងៃអង្គារនេះ​ អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកកាំង​បាន​លើក​ឡើង​ថា​​​ភាពចម្រូងចម្រាសដែលកំពុងតែកើតមានទ្បើងនេះ គឺមិនមែនជារឿងនយោបាយនោះទេ ប៉ុន្តែជា”រឿងភាពថ្លៃថ្នូរជាមនុស្សនិងសេចក្តីគោរពចំពោះអ្នកដែលត្រូវបានបង្ខំឲ្យក្លាយជាជនរងគ្រោះដោយសាររបបឃោរឃៅនេះ”។ ពួកគេ​បញ្ជាក់ថា៖ “សារដែលបងប្អូនយើងបានផ្ញើនោះគឺច្បាស់ណាស់ថាពលរដ្ឋខ្មែរ-អាមេរិកាំងនឹងមិនស្វាគមន៍​ហើយទទួលយកកូនប្រុសនៃជនផ្តាច់ការដែលជាអ្នកគាំទ្រនូវគោលនយោ​បាយគាប​សង្កត់របស់ឪពុកគាត់នោះបានទ្បើយ”

អង្គការសម្ព័ន្ធ​ខ្មែរ​អាមេរិកកាំង​បានបន្ថែម​ថា៖ “ប្រាកដណាស់គាត់មិនមែនជាអ្នកនយោបាយទេ ប៉ុន្តែគាត់ជាជនជិះជាន់មិនអាចប្រកែកបាន។ សារជាថ្មីម្តងទៀត រឿងនេះគឺជារឿងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងសេចក្តីគោរពដែលគណបក្សកាន់អំណាចមិនបានផ្តល់ជូនពួកគេជាយូរមកហើយ”។​

ពួកគេ​បាន​ឲ្យ​ដឹង​ទៀត​ថា​ការជំទាស់​នឹង​វត្ត​មាន​របស់​លោក ហ៊ុន ម៉ាណែត មិនមែនជារឿងនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនោះទេ តែ​ជារឿងដែលពលរដ្ឋ​ខ្មែរ-អាមេរិកាំងផ្តល់តម្លៃដល់សេរីភាព យុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យ។ ពួកគេ​បញ្ជាក់​ថា៖ “យើងសូមនិយាយថាមិនស្វាគមន៍​ជនផ្តាច់ការណាមួយទ្បើយ”

កាលពីថ្ងៃអាទិត្យ លោក ហ៊ុន ម៉ាណែត ​បាន​បក​ស្រាយ​ថា​ការសម្រេច​ចិត្ត​​ចូលរួម​កម្មវិធី​ចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិចដែលនឹងរៀបចំដោយ​​ពលរដ្ឋ​ខ្មែរអាមេរិកកាំងនៅថ្ងៃទី១០ខែមេសាខាងមុខ មិនពាក់ព័ន្ធ​នឹងរឿងនយោ​បាយ​​នោះទេ ដោយ​លោក​ស្នើ​ឲ្យ​មាន​ការ​អញ្ជើញ​តំណាងពីគណបក្ស​ប្រឆាំង​ចូលរួម​ផងដែរ។​

លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុក​របស់​លោកថា៖ មិនសំខាន់ថាបងប្អូនម្ខាងៗមានហេតុផលយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺវាបង្ហាញឲ្យ​ឃើញនូវការបែកបាក់សាមគ្គីរវាងខ្មែរនិងខ្មែរ ក្នុងពេលមួយដែលយើងគួររួបរួមគ្នា មិនប្រកាន់គ្នាដើម្បីធ្វើការរួមគ្នាលើកស្ទួយជាតិរបស់យើង តាមរយៈការរួមគ្នាបង្ហាញអំពីវប្បធម៌និងអរិយធម៌ដ៏ឧត្តុងឧត្តមរបស់ខ្មែរយើង ឲ្យ​ប្រជាជនអាមេរិកាំងនិងជាតិសាសន៍ដទៃទៀតបានឃើញ

លោក​ ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើង​គោក។

គួររំឭកថាប្រជាពលរដ្ឋខ្មែរអាមេរិកកាំងជាង​​២០០នាក់រស់នៅទីក្រុងឡុងប៊ិច​ កាលពីថ្ងៃសុក្រសប្តាហ៍មុន បាន​ជួប​ពិភាក្សា​ជាមួយ​អ្នករៀបចំ​កម្មវិធី​​ចូលឆ្នាំខ្មែរ ដោយពួកគេមួយចំនួន​បាន​​សម្តែង​ការខឹង​សម្បានឹង​ក្រុមការងាររៀបចំ​ដែលអញ្ជើញកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមកម្មវិធីចូលឆ្នាំខ្មែរ។​

លោក ស្ទីវ ម៉េង(Steve Meng) តំណាងគណៈកម្មការបុរីកម្ពុជា(Cambodia Town)បានលើកឡើង​ថា​ក្រុមការងារ​បាន​អញ្ជើញលោក ហ៊ុន ម៉ាណែត ​មកមែន តែ​មិនទាន់ដឹង​ថា​តើ​លោកនឹង​អាចអញ្ជើញចូលរួមនោះទេ។ លោក​​បន្ត​ថា​លោក​អញ្ជើញតំណាងមកពីស្ថាប័ន​ផ្សេងៗនៅកម្ពុជាមិន​មែនតែ​លោក​ ហ៊ុន ម៉ាណែត នោះទេ។​ លោកមានប្រសាសន៍​ថា៖ “ខ្ញុំឯកភាពគ្នាទាំងអស់គ្នា​ទាំងសមាជិកទាំងអស់ហ្នឹង ហៅទាំងអស់ គ្រប់ស្ថាប័នទាំងអស់ មិនថាស្រុកខ្មែរទេ ស្រុកណាក៏ហៅមកដែរបង តាំងពីក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ហើយ​និងគ្រប់ប៉ុស្តិ៍TV(ទូរទស្សន៍)នៅស្រុកខ្មែរទាំងអស់។  ក៏ប៉ុន្តែ​បងត្រូវដឹងថាស្រុកខ្មែរ​យើង ហៅ​មកមែន ប៉ុន្តែ​មិនបានមកទេ ត្រូវសម្ភាសន៍ជាមួយ​ទូតអាកាំង​ទៀត បានអាចមក។ ដូច្នេះពេលនេះឥឡូវ ហៅអញ្ជើញ​មកមែន តែមិនទាន់ដឹង​ដំណឹង​ថា​ពួកគេអញ្ជើញមក មិនទាន់ដឹងនៅឡើយទេ​ ព្រោះវីហ្សា​មិនទាន់ដឹង”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ