គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិបានសម្រេចយកចំណុចចំនួន៤ក្នុងការពង្រឹង បក្សរបស់ ខ្លួនដោយផ្តោតសំខាន់លើការរក្សាភាពស្ងៀមស្ងាត់ មិនតបត រង់ចាំការបោះឆ្នោតឆ្នាំ២០១៧-២០១៨។
គណបក្សសង្រ្គោះជាតិបានរៀបចំកិច្ចប្រជុំពិសេសរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៦ នៅទី ក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយមានវត្តមានរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន និងអនុប្រធានលោក កឹម សុខា។
នៅសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ គណបក្សសង្រ្គោះជាតិបានបញ្ជាក់ថាកិច្ចប្រជុំនេះបានបញ្ចប់ដោយសម្រេចបានលទ្ធផលចំនួន៤ចំណុច។
ចំណុចទាំងនោះមានការពិភាក្សាពីស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា ដោយសម្រេចថាគណបក្សសង្គ្រោះជាតិនឹងរក្សាការស្ងៀមស្ងាត់ដោយមិនឆ្លើយ មិនឆ្លង មិនឈ្លោះ ដោយឈរលើគោលការណ៍អហិង្សា ខ្មែរតែមួយ មិនគុំគួនសងសឹក មិនយកខ្មែរណាមួយជាសត្រូវ ហើយផ្តោតតែលើដំណើរឆ្ពោះទៅរកការបោះឆ្នោតដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន នៅឆ្នាំ២០១៧-២០១៨។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថាកិច្ចប្រជុំនោះក៏បានសម្រេចគាំទ្រវប្បធម៌សន្ទនាដោយលើកកម្ពស់តាមរយៈការពង្រឹងនិងពង្រីកវប្បធម៌សន្ទនាឲ្យបានទូលំទូលាយដើម្បីដោះស្រាយបញ្ហារាល់សន្តិវិធីនិងគាំទ្រឲ្យមានវិធានផ្ទៃក្នុងសម្រាប់ក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិដើម្បីធានាប្រសិទ្ធភាពការងាររបស់អ្នកតំណាងរាស្រ្ត។
គួរបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើឡើងមុនពេលដែលគណបក្សសង្រ្គោះជាតិគ្រោងរៀបចំសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ៕