រដ្ឋាភិបាល​សម្រេច​ផ្លាស់ប្តូរឯក​អគ្គរាជ​ទូត​កម្ពុជា​២រូប

ឯក​អគ្គ​រាជ​ទូត​​ប្រចាំ​ប្រទេស​ម៉ាឡេស៊ីព្រះ​អង្គម្ចាស់​អរុណរស្មី ថត​រូបជាមួយ​មន្រ្តីនៅ​ប្រទេស​ម៉ាឡេស៊ី​(រូបថត​ពីហ្វេសប៊ុក​របស់​ព្រះអង្គម្ចាស់)

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ ដោយ​សម្រេច​ផ្លាស់​ប្តូរ​ឯក​អគ្គរាជ​ទូត២រូប​ ​​ឲ្យ​វិលត្រឡប់​មក​ប្រទេស​​កម្ពុជាវិញនិង​ដាក់មន្រ្តី​នៅ​ក្រសួងការបរទេស​បំពេញតំណែង​នោះ។​

ក្នុងព្រះ​រាជ​ក្រឹត្យ​ដាច់​ដោ​យ​ឡែក​​ចុះថ្ងៃ​ទី១១ខែ​មករាដែលវីអូឌីទើបតែទទួលបាន ​​ព្រះមហាក្សត្រ​កម្ពុជា ព្រះ​បាទ​បរម​នាថ​នរោត្តម សីហ​មុនី បាន​ត្រាស់​បង្គាប់​ឲ្យ​រដ្ឋាភិបាល​ផ្លាស់​ប្តូរឯក​អគ្គរាជទូត​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​និង​បារាំង។ ​ឯក​អគ្គ​រាជ​ទូត​​ប្រចាំ​ប្រទេស​ម៉ាឡេស៊ីព្រះ​អង្គម្ចាស់​អរុណរស្មី ​ត្រូវ​ផ្លាស់​ជំនួស​ដោយ​លោក​ស្រី រត្ន ម៉ានីនិង​ឯក​​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំងនិង​ជាឯក​​អគ្គរាជទូត​តែង​តាំង​នៅ​ប្រទេសអេស្ប៉ាញ អ៊ីតាលី ព័រ​ទុយ​ហ្គាល់ ក្រិច បុរី​អង់​ដ័រ និង ស៊ីប្រ ​លោក នុត ណារ៉ាង ត្រូវ​ផ្លាស់​ជំនួស​ដោយ​លោក ចែម វី​ឌ្យ៉ា។

លោកស្រី រត្ន ម៉ានី ជា​ប្រធាននាយកដ្ឋាន​សហប្រតិបត្តិការ​មេគង្គ​នៃ​ក្រសួងការបរទេស។​ ចំណែក​លោក ចែម វីឌ្យ៉ា ជា​អនុរដ្ឋលេខាធិការក្រសួងការបរទេស។​

ចំណែក​ឯក​អគ្គរាជទូត​ប្រទេស​គូវ៉ែត លោក ស្មាន ម៉ាណា ត្រូវផ្លាស់ប្តូរទៅប្រទេស​អេហ្ស៊ីប ហើយ​លោក តាន់ ប៊ុន​ប៉ា ជាអធិការ​នៃ​អគ្គាធិការ​ដ្ឋាន​នៃ​ក្រសួង​ការបរទេស ត្រូវតែងតាំង​ជា​ឯក​អគ្គ​រាជទូត​វិសាម​ញ្ញ​ប្រចាំ​គូវ៉ែត។​

អ្នក​នាំពាក្យ​ក្រសួង​ការរបរទេស​កម្ពុជាលោក ជុំ សន្ទរី មាន​ប្រាប់​វី​អូ​ឌី(VOD)​ថាលោក​មិនទាន់​ដឹង​ពី​ព័ត៌​មាន​​នៃ​ការផ្លាស់ប្តូរ​ឯក​អគ្គរាជទូតនៅឡើយទេ។​ បើតាម​អ្នកនាំពាក្យ​ ​​ការ​ផ្លាស់​ប្តូ​រ​ឯ​ក​អគ្គរាជទូត​​អាស្រ័យ​​ទៅ​លើ​ការ​ពិនិត្យ​​របស់​ក្រសួងការ​បរទេស​និង​​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ