តុលាការកោះហៅលោក សម រង្ស៊ី តាម​បណ្តឹង​មន្រ្តីរដ្ឋាភិបាល​

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

តុលាការ​រាជធានី​ភ្នំពេញ​បាន​កោះហៅ​ប្រធានគណបក្ស​សង្រ្គោះជាតិ​ លោក សម រង្ស៊ី ចូល​បំភ្លឺ​តាម​បណ្តឹង​របស់មន្រ្តីរ​ដ្ឋាភិបាល រឿងនិយាយ​ពីLikesនៅលើហ្វេសប៊ុក​របស់នាយករដ្ឋមន្រ្តី។​

ដីកាកោះ​ចុះថ្ងៃទី​១៦ខែមីនា ព្រះរាជ​អាជ្ញា​រង​លោក សៀង សុខ បាន​កោះ​អញ្ជើញ​លោក សម រង្ស៊ី ឲ្យ​ចូលបំភ្លឺ​នៅ​ថ្ងៃទី​២០​ខែ​មេសា ឆ្នាំ​២០១៦ វេលាម៉ោង​៩ព្រឹក ដើម្បីសួរ​ពីដំណើរ​រឿង​ឈ្មោះ សោម សឿន ប្តឹងអំពី​ការផ្សាយ​ព័ត៌មាន​លើ​ហ្វេសប៊ុក​។​

កាលពីថ្ងៃទី​៩ ខែមីនា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ​បានដាក់ពាក្យបណ្តឹងទៅតុលាការ​ ប្តឹងលោក សម រង្ស៊ី។ ក្នុងពាក្យបណ្ដឹង រដ្ឋមន្រ្តីនោះបានចោទប្រធានគណបក្សសង្គ្រោះជាតិពីបទក្លែងលិខិតនៅលើFacebookនិង​បង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត។​ លោក សោម សឿន បាន​សរសេរថា៖ “ការភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយថា Like មួយចំនួនធំ ដែលបង្ហាញលើទំព័រ Facebook របស់សម្តេចគឺបានមកពីការទិញឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើ ឲ្យបង្កើត Accounts Facebook (គណនេយ្យហ្វេសប៊ុក) ក្លែងក្លាយដើម្បីផ្តល់Likes សិប្បនិម្មិតក្លែងបន្លំជូនសម្តេច”

លោក សោម សឿន បានចាត់ទុកថាការបង្ហោះនៅលើហ្វេសប៊ុក​របស់លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់កិត្តិយសដល់ថ្នាក់ដឹកនាំជាតិនិងរូបលោកផ្ទាល់យ៉ាងធ្ងន់ធ្ងរ ដោយលោកស្នើទៅឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល។

លោក សម រង្ស៊ី បានបញ្ជាក់ជាការឆ្លើយ​តបកាលពីពេលថ្មីៗ​​ថាប្រទេស​កម្ពុជា​មិនមានសេរីភាព​ក្នុងការបញ្ចេញមតិហើយ​​ថា​រដ្ឋាភិបាល​ចង់​ដាក់គុករូ​បលោក​ ដោយ​សារតែលោក​និយាយថា​ហ៊ុន សែន ទិញLikesក្លែងក្លាយសម្រាប់ហ្វេសប៊ុករបស់លោក។

នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បដិសេធ​ថា​លោកមិន​បាន​ទិញLikesនៅលើ​ហ្វេសប៊ុក​នោះទេ។

គួរបញ្ជាក់ថាលោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ចំនួ​ន​ពីរ។ លោកជាប់ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែល​ប្តឹង​ដោយ លោក ហោ ណាំហុង បន្ទាប់ពីលោក សម រង្ស៊ី ថ្លែង​នៅ​សារមន្ទីរ​ជើង​ឯក​កាល​ពីឆ្នាំ២០០៨​ថា​លោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។

តុលាការ​រាជធានីភ្នំពេញ​ក៏បាន​ចេញ​ដីកា​បង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ពាក់ព័ន្ធនឹងការចោទ ប្រកាន់ សមគំនិតក្លែងបន្លំឯកសារ ក្នុង​សំណុំ​រឿង​របស់​អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី លោក ហុង សុខហួរ។ លោក សម រង្ស៊ី ក៏កំពុងជាប់ពាក់ព័ន្ធនឹងរឿងបរិហាកេរ្តិ៍ តាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីលោក ហេង សំរិន ករណីបង្ហោះឯកសារតាមហ្វេសប៊ុក។ គណបក្ស​សង្រ្គោះ​ជាតិ​ចាត់​ទុក​ករណី​ទាំងអស់​នេះ​ជា​រឿង​នយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ