លោក ហ៊ុន សែន ថាការផ្លាស់ប្តូរ​រដ្ឋ​មន្រ្តី​មិន​មែន​​ជា​​ការ​”កម្ចាត់​ចោល​”នោះ​ទេ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោក​នាយករ​ដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​ថ្លែង​ថារដ្ឋមន្រ្តី​ប្រហែល​៨ទៅ​៩រូប​ នឹង​ត្រូវផ្លាស់​ប្តូរ​ ដោយ​​លោក​ថា​ការផ្លាស់ប្តូរ​នេះ​ដើម្បីធានា”ប្រសិទ្ធភាព​ការងារ” ​មិនមែន​ជា”កម្ចាត់ចោល​”នោះទេ។​

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ​ន័រតុន ដែល​ធ្វើ​ឡើង​នៅ​កោះពេជ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថា​លោក​មិនទាន់អាច​ទម្លាយ​ថាតើរដ្ឋមន្រ្តីណា​នឹង​ត្រូវផ្លាស់ប្តូរនោះទេ តែ​លោក​ថា​មាន​ប្រហែលពី​៨ទៅ​៩រូប។ តែ​លោក​មិន​អាច​បញ្ជាក់​ថា​តើ​រដ្ឋមន្រ្តីទាំងនោះ​នឹង​ត្រូវបញ្ចប់​មុខតំណែង​ឬ​ផ្លាស់ប្តូរ​ទៅ​ដឹកនាំ​ក្រសួងផ្សេងនោះទេ។​ លោក​បញ្ជាក់​​ថា​ដោយ​សារ​រដ្ឋមន្រ្តីមួយចំនួនបានដឹង​ពីការផ្លាស់ប្តូរ ក៏បានដាក់ពាក្យ​សុំលាឈប់ផងដែរ​។​

លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថារដ្ឋមន្រ្តីមួយចំនួន​ស្ទក់តិច ដូច្នេះលោកថា​ទាម​ទារ​ឲ្យ​មាន​ការកែ​សម្រួល​។​ លោក​បន្ត​ថា​សារព័ត៌មានFresh News បានចុះផ្សាយត្រឹមត្រូវខ្លះ​ តាមរយៈ​ការ​ដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់​រដ្ឋសភា​​មួយ​នាក់​​។ សារព័ត៌មានFresh News បានចុះផ្សាយថាមានការរុះរើក្រសួងការបរទេសផងដែរ​។

លោក ហ៊ុន សែន ​បញ្ជាក់​ថា៖ “នេះ​ជា​ការពង្រឹងនូវប្រសិទ្ធភាពការងារ។​មិនមែន​រដ្ឋមន្រ្តីទាំងនោះជាមនុស្សត្រូវកម្ចាត់ចោលទេ”។ លោកបាន​​​ស្នើ​​រដ្ឋមន្រ្តីដែល​​បានដឹងខ្លួន​ថា​ទទួលការផ្លាស់ប្តូរ​ បន្ត​ការងារ​រហូត​ដល់​មាន​ព្រះរាជ​ក្រឹត្យពីព្រះមហាក្សត្រ​​តែងតាំង។ លោក​បញ្ជាក់ថា​ដំណើរ​ការនេះ​គឺ​​រង់​ចាំ​រដ្ឋសភាបោះឆ្នោត​ហើយ​មានព្រះរាជក្រឹត្យ​តែងតាំង​និងពិធីផ្លាស់ប្តូរ​និង​តែងតាំង​រដ្ឋមន្រ្តីថ្មី​។​

មន្ត្រីនាំពាក្យនៃរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី​កាលពីថ្ងៃ​ពុធ​ថា​រដ្ឋាភិបាលបានដាក់សំណើទៅកាន់​រដ្ឋសភា ដើម្បីស្នើដោះដូរគណៈរដ្ឋមន្ត្រី ដោយ​លោក​ថា​សំណើនេះនឹងត្រូវពិនិត្យបន្ទាប់ពីប្រធានរដ្ឋសភា​វិលត្រឡប់ពីប្រទេសអូស្រ្តាលីវិញ។ ទោះយ៉ាងណា លោកបដិសេធផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងចំនួនរដ្ឋ​មន្ត្រីដែលត្រូវផ្លាស់ប្តូរ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាលោកកំពុងតែពិចារណាដោះដូរគណៈរដ្ឋមន្រ្តីរបស់លោកនៅក្នុងឆ្នាំ២០១៦នេះ ដោយលោកបានលើកចំៗថាមា​នរដ្ឋមន្រ្តីយ៉ាងតិចចំនួនពីរក្រសួងដែលអសកម្មនឹងការងារជាងគេគឺរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្រ្តីក្រសួងកសិកម្មដែលទើបតែចូលកាន់អំណាចនៅអាណត្តិទី៥នេះគឺលោក អ៊ុក រ៉ាប៊ុន៕ ដោយ ស៊ុន ណារិន និង​ណាត សុភាព​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ