តុលាការកោះហៅមន្ត្រីរដ្ឋាភិបាលដែលប្ដឹងលោក សម រង្ស៊ី ទៅសាកសួរ

តុលាការភ្នំពេញកោះហៅមន្រ្តីរដ្ឋាភិបាលមួយរូបដើម្បីសាកសួរពីករណីប្ដឹងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ពីរឿងនិយាយ Likes នៅលើហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី។

ក្នុងដីកាកោះចុះថ្ងៃទី១៦ ខែមីនា ព្រះរាជអាជ្ញារងលោក សៀង សុខ កោះអញ្ជើញលោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យចូលបំភ្លឺនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ដើម្បីសួរពីដំណើររឿងប្ដឹង លោក សម រង្ស៊ី អំពីការផ្សាយព័ត៌មានលើហ្វេសប៊ុកកាលពីថ្ងៃទី៩ ខែមីនា។

កាលពីថ្ងៃទី៩ ខែមីនា លោក សោម សឿន បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក សម រង្ស៊ី។ ក្នុងពាក្យបណ្ដឹង រដ្ឋមន្រ្តីនោះបានចោទប្រធានគណបក្សសង្គ្រោះជាតិពីបទក្លែងលិខិតនៅលើFacebookនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត។ លោក សោម សឿន បានសរសេរថា៖ “ការភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយថា Like មួយចំនួនធំ ដែលបង្ហាញលើទំព័រ Facebook របស់សម្តេចគឺបានមកពីការទិញឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើ ឲ្យបង្កើត Accounts Facebook (គណនេយ្យហ្វេសប៊ុក) ក្លែងក្លាយដើម្បីផ្តល់Likes សិប្បនិម្មិតក្លែងបន្លំជូនសម្តេច”

លោក សោម សឿន បានចាត់ទុកថា ការបង្ហោះនៅលើហ្វេសប៊ុករបស់លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់កិត្តិយសដល់ថ្នាក់ដឹកនាំជាតិនិងរូបលោកផ្ទាល់យ៉ាងធ្ងន់ធ្ងរ ដោយលោកស្នើទៅឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល។

លោក សម រង្ស៊ី បានបញ្ជាក់ជាការឆ្លើយតបកាលពីពេលថ្មីៗថា ប្រទេសកម្ពុជាមិនមានសេរីភាពក្នុងការបញ្ចេញមតិហើយថា រដ្ឋាភិបាលចង់ដាក់គុករូបលោក ដោយសារតែលោកនិយាយថាហ៊ុន សែន ទិញ Likes ក្លែងក្លាយសម្រាប់ហ្វេសប៊ុករបស់លោក។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធថាលោកមិនបានទិញLikesនៅលើហ្វេសប៊ុកនោះទេ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ ព្រះរាជអាជ្ញារងលោក សៀង សុខ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឲ្យចូលបំភ្លឺនៅថ្ងៃទី២០ខែមេសាផងដែរ។ ក្រៅពីករណីនេះ លោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងចំនួនពីរទៀត។ លោកជាប់ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ តុលាការរាជធានីភ្នំពេញក៏បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ពាក់ព័ន្ធនឹងការចោទ ប្រកាន់ សមគំនិតក្លែងបន្លំឯកសារ ក្នុងសំណុំរឿងរបស់អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី លោក ហុង សុខហួរ។

ក្រៅពីនោះ លោក សម រង្ស៊ី ក៏កំពុងជាប់ពាក់ព័ន្ធនឹងរឿងបរិហាកេរ្តិ៍ តាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីលោក ហេង សំរិន ករណីបង្ហោះឯកសារតាមហ្វេសប៊ុក។ គណបក្សសង្រ្គោះជាតិចាត់ទុកករណីទាំងអស់នេះជារឿងនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ