តំណាងរាស្រ្តបក្សប្រឆាំង​កោះអញ្ជើញ​រដ្ឋមន្ត្រីយុតិ្តធម៌ចូលបំភ្លឺពីការអនុវត្តរបស់តុលាការ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា

គណៈកម្មការទី១នៃរដ្ឋសភាបាន​កោះអញ្ជើញ​រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ លោក អង្គ វង្ស វឌ្ឍានា ឲ្យចូលបំភ្លឺនៅសប្តាហ៍ក្រោយ ជុំវិញករណីមួយចំនួននៃការអនុវត្តរបស់តុលាការដែលពាក់ព័ន្ធនឹងសិទ្ធិរបស់ប្រជាពលរដ្ឋ។

ក្នុងលិខិតមួយចុះថ្ងៃទី​៣ខែមីនាហើយ​ដាក់​ទៅនាយករដ្ឋមន្ត្រី លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១នៃរដ្ឋសភា ផ្នែកសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បាន​ស្នើ​សុំអញ្ជើញលោក អង្គ វង្ស វឌ្ឍានា​ ឲ្យចូលបំភ្លឺអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ នៅថ្ងៃទី២៤ ខែមីនា។

លិខិត​បញ្ជាក់​ថា​ការកោះអញ្ជើញរដ្ឋមន្ត្រីឲ្យចូលបំភ្លឺនេះ  ក្រោយពីគណៈកម្មការបានទទួលពាក្យបណ្ដឹងពីប្រជាពល​រដ្ឋជាច្រើនករណីពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួននៃការអនុវត្តរបស់តុលាការ ក្នុងនោះមានការឃុំខ្លួនអនី​​តិ​​ជននិងការផ្ដន្ទាទោស  ការឃុំខ្លួនលើសនីតិវិធី កំហុសក្នុងការអនុវត្តនីតិវិធីនិងការអនុវត្តតួនាទីមានភាពលម្អៀ​ង​​​និ​ង​ករណីទំនាស់ដីធ្លី។​

លោក អេង ឆៃអ៊ាង បញ្ជាក់ថា​ការកោះអញ្ជើញនេះ​ដើម្បីឲ្យរដ្ឋសភាមានមូលដ្ឋានក្នុងការជម្រាបជូនដល់ប្រជាពល​រដ្ឋដែលជាម្ចាស់បណ្ដឹងនិងដើម្បីពង្រឹងការអនុវត្តច្បាប់ ការពារសិទ្ធិមនុស្ស ការអនុវត្តនីតិរដ្ឋនិងការធានាឲ្យមានយុត្តិធម៌ក្នុងសង្គម។​

គួររំឭកថា​កាលពីថ្ងៃទី១៤ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​កំពង់ស្ពឺអន្តរាគមន៍​ទៅ​​តុលា ការ​ជួយ​ឲ្យ​មាន​ការដោះលែង​ស្រ្តី២នាក់​ដែលត្រូវ​បាន​ចាប់ខ្លួន​កាលពីថ្ងៃសុក្រសប្តាហ៍មុន​ ទាក់ទងនឹង​ជម្លោះ​​ដីធ្លី។​ លោក​បាន​សរសេរ​នៅលើហ្វេសប៊ុក​របស់​លោក​នៅ​យប់ថ្ងៃ​ចន្ទនេះថា​វា​ជា”​ការ​ ខកចិត្តខ្លាំងណាស់” ដែលតុលាការខេត្តកំពង់ស្ពឺចាប់តំណាងពលរដ្ឋ​២នាក់ឃុំខ្លួន។ ទោះ​ជា​យ៉ាងណា លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​​ការអន្តរាគមន៍​របស់​នាយករដ្ឋមន្រ្តីបង្ហាញពីតុលាការ​មិន​ឯក​រាជ្យ​នៅកម្ពុជានោះទេ។

ចំណែក កាលពីថ្ងៃទី​២៦ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និង​ប្រធានពន្ធនាគារ​ត្រូវធ្វើការឲ្យ​បានម៉ត់ចត់ទៅ​លើ​ទណ្ឌិត​ដែលជាប់ទោស​ដោយ​សារប្លន់​និ​ងគ្រឿងញៀន មុន​ពេល​ដាក់​ឲ្យ​លោក​ចុះហត្ថលេ​ខា​​ដា​ក់​ថ្វាយ​ព្រះ​មហា​ក្សត្រ​លើក​លែង​ទោស។​

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ខ្ញុំទុកចិត្ត​លើ​រដ្ឋមន្រ្តីយុត្តិធម៌ រដ្ឋមន្រ្តី​យុត្តិធម៌ទុកចិត្ត​លើ​នាយកពន្ធនាគារ​ ចេះតែទុកចិត្ត​បន្តគ្នាអញ្ចឹងទៅ ដល់ទីចុងបំផុត អាពួកក្រុមចោរទាំងហ្នឹង ចេញមកប្លន់ដដែលៗ អញ្ចឹង​ធ្វើ​ម៉េចវាអស់ចោល”។​ លោក​បន្ថែម​ថា៖ “អាមុខចោរដដែលៗ រឿងវាងើបឡើងលើកទីបីហើយ មុខចោរដដែល​ៗ គឺ​អាចោរចូលគុក មិនដែលជាប់គុក​បានយូរទេ…។ អាអ្នកប្លន់ហ្នឹងគឺថា​ចេញតែពីគុក អញ្ចឹងសូមមើល​ឡើងវិញ ខ្ញុំនិយាយ​សាជាថ្មី ពីមុនខ្ញុំប្រើពាក្យថាខ្ញុំប្រើកណ្តាប់ដៃដែក​របស់ខ្ញុំ ដើម្បីប្រឆាំងនឹងរឿង​នេះ។​ ឥឡូវឲ្យ​តែប្រភេទចោរនិងពួកគ្រឿងញៀន វាចេញពីគុកដូចស្រួលពេកហ្មង។ ហើយអាហ្នឹងចេញមកបង្ករឿង។ ពីមុនវាត្រឹម​ប្លន់ អត់ទាន់ហ៊ានសម្លាប់មនុស្ស តែវាចេញលើកក្រោយ​វាហ៊ានសម្លាប់មនុស្ស”៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ