អង្គភាពប្រឆាំងអំពើពុករលួយប្រជុំវិភាគពាក្យបណ្ដឹងរបស់យុវជន​ដែលប្ដឹងលោក កឹម សុខា

ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ លោក​ ឱម យ៉ិន​ទៀង

អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកប្រជុំមួយ​នៅ​ថ្ងៃ​អង្គារស្អែកនេះ ដើម្បី​វិភាគទៅលើពាក្យបណ្ដឹងរបស់យុវជន​មួយ​ក្រុម​ដែល​បានប្ដឹងប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ដោយ​​ពួកគេ​ចោទ​ថា​បានផ្ដល់លុយឲ្យនារីម្នាក់​ទិញផ្ទះនិងដី។​

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិន​ទៀង ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថាលោក​បាន​ទទួល​ពាក្យ​បណ្តឹង​របស់ក្រុម​យុវជន​តាំងពី​ថ្ងៃសុក្រសប្ដាហ៍មុន។ លោកបន្តថាអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​បើក​កិច្ចប្រជុំមួយនៅព្រឹក​ថ្ងៃ​អង្គារ ថា​ត្រូវចាត់ការ​ឬ​យ៉ាងណា។ លោក​មាន​ប្រសាសន៍ថា៖ “ថ្ងៃអង្គារ​ម៉ោង ៩ព្រឹក យើងនឹងប្រជុំ​ដោះស្រាយ យើងនិងអញ្ចើញម្ចាស់ប្ដឹងមកស្ដាប់ការវិភាគរបស់យើង ហើយអ្នកសារព័ត៌មានក៏អាចចូលស្ដាប់បានដែរ”។

កាលពី​ថ្ងៃសុក្រសប្ដាហ៍មុន យុវជនមួយក្រុមមានគ្នាប្រមាណ៣០នាក់ដែលអះអាងថាជានិស្សិតមកពីសាកលវិទ្យា​​ល័​យរដ្ឋនិងឯកជន បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយក្រុមយុវជនអះអាងថាពួកគេស​​ង្ស័យថា លោក កឹម សុខា បានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធអំពើពុករលួយ ។

តំណាងក្រុមយុវជនម្នាក់ លោក ស្រី ចំរើន បាន​ឲ្យ​ដឹង​ថា​ពួកគេ​ចង់ឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតលើ​សំឡេងខ្សែអាត់ដែលត្រូវគេអះអាងថាជាការសារសងរវាងលោក កឹម សុខា ជាមួយនារីកំណាន់ចិត្ត ដោយអត្ថន័យនៃខ្សែ​អាត់នោះក៏មានការលើកឡើងពីការទិញដីនិងផ្ទះឲ្យនារីនោះផងដែរ។

គួរ​បញ្ជាក់​ថា​កាលពីថ្ងៃទី១៤ ខែមីនា យុវជនក្រុមនេះក៏បាននាំគ្នាដាក់ញត្តិទៅរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះកោះហៅ​លោក កឹម សុខា ចេញមុខបកស្រាយរឿងខ្សែអាត់សំឡេងនោះ​ផងដែរ។​ ចំណែក​កាលពីពេលថ្មីៗនេះ លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីទៅចូលសណ្ឋា​គា​រ​មួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយ តែមជ្ឈដ្ឋានជាច្រើនគិតថាលោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានរឿង​អា​ស្រូវស្នេហា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ