នាយករដ្ឋមន្រ្តីឲ្យ​អតីត​ប្រ​ធាន ​គ.ជ.ប ធ្វើជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស

អតីតប្រធានគ.ជ.ប លោក អុឹម សួស្តី

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដាក់​សំណើទៅ​កាន់​ប្រ​ធាន​រដ្ឋសភា លោក ហេង សំរិន ដើម្បី​កែសម្រួល​តួនាទី​របស់​អតីតប្រ​ធាន​គណៈកម្មាធិការជាតិ​រៀប​ចំការបោះ​ឆ្នោត(គ.ជ.ប) លោក អ៊ឹម សួស្តី ពីការស្នើ​តែងតាំងជារដ្ឋលេខាធិការមក​ជាទេសរដ្ឋមន្ត្រី​វិញ។

កាលពី​ថ្ងៃទី១៦ ខែ​មី​នា ឆ្នាំ​២០១៦ រដ្ឋាភិបាលបាន​ដាក់សំណើទៅកាន់​រដ្ឋសភា​ដើម្បី​ស្នើ​សុំកែសម្រួល​សមាសភាព​នៃសមាជិក​រដ្ឋាភិបាល ដោយរដ្ឋា​ភិបាល​ក៏​បាន​ស្នើឲ្យមានការ​តែងតាំង​រដ្ឋលេខាធិការ​ចំនួន១១​រូបផងដែរ។ ក្នុងនោះ លោក​ អ៊ឹម សួស្តី ក៏​ត្រូវបាន​ស្នើឲ្យ​តែងតាំងជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។

ក្នុង​​លិខិត​មួយ​ច្បាប់​ចុះថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ទៅ​កាន់​ប្រ​ធានរដ្ឋសភា លោក ហេង សំរិន តែងតាំង​លោក អ៊ឹម សួស្តី​​ ជា​ទេសរដ្ឋមន្ត្រីទទួល​បន្ទុកបេសកកម្មពិសេសវិញ។ ទោះយ៉ាងណា លិខិត​នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្នើ​ផ្លាស់​ប្ដូរ​នេះ​នោះ​ទេ​។

អ្នក​នាំពាក្យ​គណបក្សប្រ​ជា​ជន​កម្ពុជា លោក សុខ ឥសាន​ មាន​ប្រ​សាសន៍ថាការ​កែសម្រួល​សំណើ​តែង​តាំងនេះអាច​​មកពី​លោក​នាយក​រដ្ឋមន្ត្រី​យល់​ថាការស្នើ​ឲ្យ​តែងតាំង​លោក អ៊ឹម សួស្តី ជារដ្ឋលេខាធិការគឺ​មាន​ឋានៈតូចពេក ​ធៀប​នឹង​កាលលោក អ៊ឹម សួស្តី នៅ​ជា​ប្រ​ធាន​គណៈកម្មាធិការជាតិរៀបចំការ​បោះ​ឆ្នោត ដែល​មាន​ឋានៈស្មើ​ឧបនាយក​រដ្ឋមន្ត្រី​។

លោក​បន្ថែមថា៖ “ពីមុន​គាត់(ប្រធាន) គ.ជ.ប ហើយ​គាត់ថ្នាក់ឧបនាយក​រដ្ឋមន្ត្រីហើយ ដល់(ទៅ)​ឲ្យគាត់​រដ្ឋលេខាធិការ​ដូច​ខុសគា្នឆ្ងាយពេក ប្រ​ហែលសម្តេច(ហ៊ុន សែន) គិតឃើញ​អ៊ីចឹងហើយ…អត់ទេការតែងតាំងរដ្ឋាភិបាល តែងតាំងមន្ត្រី​អីត្រូវថ្លឹងថ្លែង​ដែរ អ៊ីចឹងបាន​សម្តេចលោកគិតឃើញ”។

បើតាម​លោក សុខ ឥសាន មុខតំណែងទេសរដ្ឋមន្ត្រីទទួល​បេសកម្មពិសេសនេះ គឺ​នៅ​អមនាយក​រដ្ឋមន្ត្រី ហើយ​ទទួល​ភារកិច្ចឬបេសកកម្មពី​នាយក​រដ្ឋមន្ត្រីផ្ទាល់។

អ្នក​វិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ យល់​ថា​តំណែង​ដែល​រដ្ឋា​ភិបាល​ផ្តល់​ឲ្យ​លោក អ៊ឹម សួស្តីគ្រាន់​តែជា​ការ​លួង​ចិត្ត​បន្ទាប់ពី​លោកត្រូវបាន​បញ្ចប់​តួនាទី​ជា​ប្រ​ធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោត។

លោកបន្ថែមថា៖ “វាស្តាយដែរដែល​ដាក់តួនាទី​ច្រើនធ្វើឲ្យ​រសេមរសាម ធ្វើឲ្យរញ៉េរញ៉ៃ ​មានភាពស្រពិចស្រពិលមិន​ច្បាស់លាស់ បំផ្លាញថវិកាជាតិ យើង​សោកស្តាយ ហើយរឿងនេះប្រហែលជារឿងគ្រាន់ថាឲ្យ​រង្វាន់គាត់ គាត់ចេញពីគ.ជ.ប ហើយអ៊ីចឹងទៅ ឲ្យ​ជា​រង្វាន់​លើកទឹក​ចិត្ត​គាត់អ៊ីចឹងទៅ”

គួរបញ្ជាក់ថាពី​ឆ្នាំ​១៩៩៨ដល់​ឆ្នាំ​២០០២ លោក អ៊ឹម សួស្តី បាន​កាន់​​តួនាទី​ជា​អគ្គលេខាធិការ ​គ.ជ.ប និងចាប់ពីឆ្នាំ​២០០២ រហូត​ដល់​ឆ្នាំ២០១៥ លោកកាន់​តួនាទីជាប្រធាន គ.ជ.ប។ លោក អ៊ឹម សួស្តី ត្រូវ​បាន​បញ្ចប់​តំណែងជាប្រ​ធាន ​គ.ជ.ប បន្ទាប់ពី​សមាសភាព ​គ.ជ.ប ថ្មី​ស្បថចូល​កាន់​តំណែង​នៅ​ខែមេសា ឆ្នាំ២០១៥ ដោយមាន​លោក ស៊ិក ប៊ុនហ៊ុក ជា​ប្រ​ធាននិង​លោក គួយ ប៊ុន​រឿន ជា​អនុប្រ​ធាន។ ក្នុងខែមេសា ដដែល លោក អ៊ឹម សួស្តី ត្រូវបាន​តែងតាំងជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាលដែលមាន​ឋានៈស្មើ​នឹង​ឧប​នាយក​រ​ដ្ឋមន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ