ស្វែង សុជាតា ទីផ្សារប្រែប្រួលក្រោយរួចពីជីវិតដុនដាប

អ្នកនាង​ ស្វែង សុជាតា ក្នុងពិធីសម្ពោធស្ទូឌីយោថ្មី និងរឿង២ព្រមគ្នារបស់ផលិតកម្មចក្រវាទ្បពេជ្រ (រូបភាព៖ វង្ស សុម៉ាលីន​)

បន្ទាប់ពីរួចផុតការយាយីដោយជំងឺដុះសាច់ក្នុងខួរក្បាលធ្ងន់ធ្ងរ គេកត់សម្គាល់ឃើញថា អ្នកនាង ស្វែង សុជាតា នៅដើមឆ្នាំ២០១៦នេះ មានការស្ទុះឡើងនូវទីផ្សារសិល្បៈគួរឲ្យកត់សម្គាល់។ ក្រៅពីបានតំណែងជាតួសំខាន់ក្នុងរឿងដល់ទៅ៤រឿងផ្សេងគ្នានៅអំឡុងខែមីនានេះ អ្នកនាងក៏អះអាងថាទទួលបានតម្លៃខ្លួនខ្ពស់ខុសគ្នាកាលពីមុនផងដែរ ទើបអ្នកនាងហាក់រយាលដៃបន្តិចពីការងារស្មូនថ្នាំ និងការចាត់ចែងលើមុខរបរលក់ឱសថបុរាណ ដែលអ្នកនាងបញ្ជាក់ថាជាប្រភេទថ្នាំខ្មែរដែលជួយឲ្យជំងឺដុះសាច់ក្នុងខួរក្បាលរបស់ខ្លួនបានជាសះដោយមិនចាំបាច់វះកាត់នោះ។

នៅក្នុងពិធីសម្ពោធស្ទូឌីយោថ្មី និងសម្ពោធរឿង២ព្រមគ្នារបស់ផលិតកម្មចក្រវាទ្បពេជ្រ អ្នកនាង ស្វែង សុជាតា ត្រូវគេកត់សម្គាល់ថាមានរូបសម្រស់ប្រក្រតីដូចក្នុងពេលមិនមានជំងឺវិញហើយ ដោយសូម្បីតែសាច់ឈាមដែលធ្លាប់ខ្មៅស្រអាប់ក៏បានស្រស់ថ្លាឡើងវិញផងដែរ។ អ្នកនាងត្រូវឲ្យចេញមុខជាតំណាងតារាសិល្បៈជាមួយនឹងលោក ទេព រិន្ទដារ៉ូ ដែលត្រូវសម្ដែងជាតួអង្គសំខាន់ដូចគ្នានៅក្នុងរឿងថ្មីរបស់ផលិតកម្មចក្រវាទ្បពេជ្រ ក្នុងការផ្ដល់ជូននូវត្រកផ្កាជូនដល់ម្ចាស់ផលិតកម្ម និងបង្ហាញចំណាប់អារម្មណ៍តំណាងឲ្យតារាសិល្បៈ និងផលិតករភាគច្រើនដែលបានចូលរួមនោះផង។

គេនៅតែមើលឃើញថា អ្នកនាង ស្វែង សុជាតា ទទួលបានតំណែងលេចធ្លោ បើទោះជាអ្នកនាងបានធ្លាក់ខ្លួនឈឺ និងបាត់បង់ការងារសិល្បៈអស់មួយរយៈធំក្នុងពេលធ្លាក់ខ្លួនដុនដាបដែលអ្នកនាងបានចាត់ទុកថាមិនរស់នាពេលនោះ។ អ្នកនាងនិយាយថា ក្ដីសង្ឃឹមរបស់ខ្លួនត្រូវបានលេចឡើងមកវិញហើយ បន្ទាប់ពីជំងឺដុះសាច់ក្នុងខួរក្បាលដែលធ្លាប់ធ្វើទុក្ខបានជាសះស្បើយ និងដោយសារតែមានផលិតករជាច្រើនផ្ដល់ការងារឲ្យអ្នកនាងបានថតដូចដើម។ អ្នកនាងបញ្ជាក់ថា តាំងពីបញ្ចប់ការងារថតរឿងរបស់អ្នកនាង អែនជេលីណា ជូលី ក្រោមចំណងជើងថា «មុនដំបូងគេសម្លាប់ឪពុកខ្ញុំ» ទីផ្សារសិល្បៈរបស់អ្នកនាងស្ទុះឡើងដូចផ្សិតរីក ដោយសូម្បីតែតម្លៃក៏ទទួលបានមិនចាញ់នឹងពេលដែលអ្នកនាងចេញថតរឿងឲ្យផលិតករហូលីវូដដាច់ឆ្ងាយពេកដែរ។

អ្នកនាង​ ស្វែង សុជាតា និង​លោក ទេព រិន្ទដារ៉ូ ក្នុងពិធីសម្ពោធស្ទូឌីយោថ្មី និងរឿងរបស់ផលិតកម្មចក្រវាទ្បពេជ្រ (រូបភាព៖ វង្ស សុម៉ាលីន​)
អ្នកនាង​ ស្វែង សុជាតា និង​លោក ទេព រិន្ទដារ៉ូ ក្នុងពិធីសម្ពោធស្ទូឌីយោថ្មី និងរឿងរបស់ផលិតកម្មចក្រវាទ្បពេជ្រ (រូបភាព៖ វង្ស សុម៉ាលីន​)

អ្នកនាងមានប្រសាសន៍ថា៖ “ប៉ុន្តែខែមុនខ្ញុំមិនខុសពីមនុស្សស្លាប់ទេ លុយក៏គ្មាន រស់នៅផ្ទះជួល សូម្បីតែញាតិមិត្តក៏គ្មានអ្នកណាចង់រាប់រកដែរ ប៉ុន្តែដោយសារសិល្បៈទើបធ្វើឲ្យខ្ញុំមានលុយមានកាក់ម្ដងទៀត ហើយឥឡូវហ្នឹងសូម្បីតែមុខរបរលក់ឱសថបុរាណរបស់ខ្ញុំក៏ដាច់ផងដែរ ដោយសារតែគេសុទ្ធតែដឹងថា ស្វែង សុជាតា ញ៉ាំថ្នាំហ្នឹងទើបបានត្រឡប់មកថត និងរស់ដូចដើម”។ អ្នកនាងថា នៅអំឡុងដើមខែមីនានេះ អ្នកនាងទទួលបានរឿង៤ផ្សេងគ្នា ដោយតម្លៃក្នុងការចេញថតសម្រាប់មួយថ្ងៃៗក៏ខ្ពស់ណាស់ដែរគឺខ្ពស់ជាងដាច់ឆ្ងាយកាលពីអំឡុងពេលមុនតែម្ដង។ ជាក់ស្ដែងនៅក្នុងរឿង «ចាប៉ីនាគត្រាច់ចរ» របស់ផលិតកម្មចក្រវាទ្ប ដែលអ្នកនាងទើបតែបានក្រុងពាលីថតកាលពីថ្ងៃទី២១ មីនានោះ អ្នកនាងប្រាប់ថាគឺជារឿងដែលផ្ដល់តំណែងឲ្យអ្នកនាងសម្ដែងជាតួអង្គលេចធ្លោជាងគេហើយនឹងផ្ដល់កម្រៃខ្ពស់ជាងគេ។

អ្នកនាងបន្ថែមថា៖ “ក្នុងចំណោមរឿងទាំង៤ដែលខ្ញុំកុងត្រាជាន់គ្នាហ្នឹងគឺរឿង «ចាប៉ីនាគត្រាច់ចរ» ជាប្រភេទរឿងភាគបុរាណ ដែលឲ្យខ្ញុំត្រូវសម្ដែងច្រើនថ្ងៃជាងគេ ហើយខាងគាត់(ផលិតករ)ក៏ឲ្យតម្លៃខ្ញុំខ្ពស់ជាងគេផងដែរ ទើបខ្ញុំសប្បាយមែនទែនចំពោះទីផ្សារសិល្បៈរបស់ខ្ញុំ”។ អ្នកនាងបដិសេធទម្លាយឲ្យដឹងពីតម្លៃក្នុងការចេញថតមួយថ្ងៃៗ ដែលអះអាងថាខ្ពស់ធ្វើឲ្យអ្នកនាងសប្បាយចិត្តនោះ ដោយគ្រាន់តែអះអាងថាគឺកម្រៃដែលទទួលបានខ្ពស់ជាងពេលដែលអ្នកនាងឡើងកូដខ្លាំងកាលប៉ុន្មានឆ្នាំនោះផង។

លោកស្រី ថុង ស៊ីទៀង ម្ចាស់ផលិតកម្មចក្រវាទ្បពេជ្របានអះអាងថា រឿង «ចាប៉ីនាគត្រាច់ចរ» គឺជារឿងភាគបុរាណដែលផលិតកម្មបានវិនិយោគក្នុងទំហំទឹកប្រាក់ខ្ពស់ជាងបណ្ដារឿងផ្សេងៗដែលអ្នកស្រីផលិតឡើង។ អ្នកស្រីថា គ្រាន់តែការសាងសង់ស្ទូឌីយោធ្វើជាព្រះរាជវាំង ធ្វើជាក្រឡាបន្ទំរបស់ស្ដេចគឺអស់រហូតដល់៣ទៅ៤ម៉ឺនដុល្លារបាត់ទៅហើយ ដោយមិនទាន់រាប់បញ្ចូលការថត ការចំណាយលើសម្លៀកបំពាក់បែបបុរាណ និងការជួលតួល្បីៗឲ្យមកសម្ដែងនៅក្នុងរឿងនោះផង។ អ្នកស្រីថា អ្នកនាង ស្វែង សុជាតា គឺជាតួភរិយាមហាក្សត្រត្រូវសម្ដែងជាតួអង្គចំណោទបញ្ហាដ៏ធំដែលមានចរិតកាចឆ្នាស់ និងពិសពុល។

អ្នកស្រីមានប្រសាសន៍ថា៖ “សម្រាប់តួភរិយាស្ដេចនៅក្នុងរឿងហ្នឹង ខ្ញុំគិតថាអត់មានអ្នកណាលែងដល់ដូច ស្វែង សុជាតាទេ ទើបទោះជាគាត់ឲ្យតែមួយថ្ងៃក្នុងមួយសប្ដាហ៍ដើម្បីចេញថតក៏ត្រូវតែយក ហើយខ្ញុំហ៊ានទាំងឲ្យគាត់ថ្លៃជាងតួផ្សេងនោះផង ដោយសារតែចង់បានគាត់មកលេងនៅក្នុងរឿងហ្នឹង”។ អ្នកស្រីថា ផលិតកម្មចក្រវាទ្បមានរឿងជាច្រើនទៀត ដែលគ្រោងផ្ដល់ឲ្យ ស្វែង សុជាតា សម្ដែងបន្តនៅអំឡុងឆ្នាំ២០១៦នេះ ដោយសារតែជាយុទ្ធសាស្រ្តគឺផលិតកម្មនឹងផលិតមិនក្រោម៤ទៅ៥រឿងផ្គត់ផ្គង់ដល់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងទុកលក់ឲ្យប៉ុស្ដិ៍ដទៃ។

អ្នកស្រី ថុង ស៊ីទៀង ថាការផលិតរឿងបុរាណមិនចំណេញនោះទេ ដោយសារតែតុបតែងឆាក និងរៀបស្ទូឌីយោត្រូវប្រើទុនខ្ពស់ ហើយខាងទូរទស្សន៍គឺគេហ៊ានផ្ដល់កម្រៃមិនលើសពីការផលិតរឿងសម័យ។ យ៉ាងណាក៏ដោយអ្នកស្រីថានឹងនៅតែធ្វើឲ្យខ្លាំងសម្រាប់គុណភាពរឿង ដោយអ្នកស្រីបានទាំងរៀបក្រុមការងារផលិតច្រើនក្រុម ដើម្បីបំពេញទីផ្សារសម្រាប់ការផលិតរឿងនោះផង។ អ្នកស្រីថា ស្វែង សុជាតា មិនងាយស្រកចុះទីផ្សារនោះទេ ដោយសារតែមានសមត្ថភាពខ្លាំង ហើយបើកុំតែជាប់រឿងដទៃមិនអាចទទួលថតបាន កុំអីក្នុងរឿង «ស្នេហ៍បញ្ច្រាសទិស» ដែលបានក្រុងពាលីទន្ទឹមនឹងរឿង «ចាប៉ីនាគត្រាច់ចរ» ដែរនោះ ក៏នឹងមានវត្តមានអ្នកនាងសម្ដែងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ