ក្រសួង​ទេសចរណ៍ផ្ទេរ​មុខងារគ្រប់គ្រង​មណ្ឌលកម្សាន្តមនុស្សពេញវ័យ​ឲ្យ​អាជ្ញាធរថ្នាក់ក្រោមជាតិ

ក្រ​សួង​ទេសចរណ៍បាន​សម្រេចផ្ទេរមុខងារគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យ​ឲ្យ​ស្ថិតក្រោមការគ្រប់​គ្រង​របស់អាជ្ញាធរថ្នាក់រាជធានីខេត្ត លើកលែង​តែ​មណ្ឌលកម្សាន្តមនុស្សពេញ​វ័យលក្ខណៈស្តង់ដារឬ​ស្ថិត​នៅក្រោម​ការគ្រប់គ្រងរបស់​សណ្ឋា គារថ្នាក់​ផ្កាយបួនឡើង។

ក្នុងប្រកាសមួយចុះថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០១៦ រដ្ឋមន្រ្តី​ក្រ​សួងទេសចរណ៍ លោក ថោង ខុន បាន​សម្រេចធ្វើប្រតិភូកម្ម​មុខងាររបស់ខ្លួនលើការគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យដូចជាខារ៉ាអូខេ រង្គសាល​ ឌីស្កូតែក(ក្លឹប​)និងបៀរហ្កាឌិន​ជាដើមនោះទៅឲ្យអាជ្ញាធរ​រាជធានី ខេត្ត​ជា​អ្នក​គ្រប់គ្រង​ ហើយ​មន្ទីរទេស​ចរណ៍​រាជធានីខេត្ត​ជាសេនាធិការ​ដល់​អាជ្ញាធរមូល​ដ្ឋាន​ក្នុងការ​អនុវត្តការងារនេះ។

បើ​តាម​ប្រកាសនោះ ក្រសួង​ទេសចរណ៍​ផ្តល់សិទ្ធិ​ឲ្យ​អាជ្ញាធររាជធានីខេត្ត មាន​សិទ្ធិ​ប្រមូល​និងគ្រប់គ្រងចំណូល​បានពី​មណ្ឌលកម្សាន្តទាំងនេះ។ ក្រសួង​បញ្ជាក់​ថា​អាជាជ្ញាធរថ្នាក់ក្រោម​ជាតិនេះក៏មាន​សិទ្ធិវាយតម្លៃ​លើ​សកម្មភាពរបស់មណ្ឌលម្សាន្តនិងព្យួរអាជ្ញាប័ណ្ណ បញ្ចុះ​ថ្នាក់អាជ្ញាប័ណ្ណឬលុប​អាជ្ញាប័ណ្ណតែម្តង។

ទន្ទឹមនឹងនេះ អាជ្ញាធររាជធានី ខេត្ត មាន​តួនាទីរាយការណ៍ពីការអនុវត្តមុខងាររបស់មណ្ឌលកម្សាន្តទាំងនោះ​ទៅកាន់ក្រសួង​តាម​គោលការណ៍កំណត់។​

វីអូឌី(VOD)មិន​អាចសុំ​ការបញ្ជាក់បន្ថែមពី​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍លោក ទិត ចន្ថា បាននៅឡើយទេ ដោយ​ទូរស័ព្ទចូល​តែ​ពុំមានអ្នកទទួល។

គួរបញ្ជាក់​ថា​កាលពីថ្ងៃទី​២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងព្រមានទៅរដ្ឋមន្រ្តីទាំងអស់ថាកុំអោប​អំណា​ច​​​ឬការគ្រប់គ្រង​មក​ក្នុងក្រសួង​របស់ខ្លួន​តែម្នាក់ឯង។ លោកបញ្ជា​ឲ្យ​រដ្ឋមន្រ្តី​ផ្ទេរមុខងារនិងធ្វើ​ប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ។

អនុរដ្ឋលេខាធិការក្រ​សួង​មហាផ្ទៃនិង​ជា​អនុប្រ​ធាន​ប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មកាធិការជាតិសម្រាប់​​ការអភិវឌ្ឍតាម​ បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម​ជាតិ លោក ង៉ាន់ ចំរើន បាន​ឲ្យ​ដឹងកាលពី​ថ្ងៃទី១០ខែមីនាថា​ក្រសួងមួយចំនួនដូចជាក្រ​សួង​បរិស្ថាន ក្រ​សួង​សង្គមកិច្ចនិងក្រ​សួងសុខាភិបាល បាន​ផ្ទេរមុខ​ងាររបស់​ខ្លួន​មួយចំនួន​ទៅកាន់អាជ្ញាធរថ្នាក់ក្រោម​ជាតិ​រួច​ហើយ។ ដោយ​ឡែក​លោកថាក្រ​សួង​អប់រំ យុវជន និង​កីឡា កំពុងរៀប​ចំលិខិត​បទដ្ឋាន​ផ្ទេរការគ្រប់គ្រងការអប់រំកម្រិត​បឋម​សិក្សា ការអប់រំកុមារតូចនិង​ការ​អប់រំក្រៅប្រ​ព័ន្ធទៅក្រុង​ស្រុក​ខណ្ឌមួយ​ចំនួន​នៅក្នុង​ឆ្នាំ​២០១៦នេះ។

គួរបញ្ជាក់ថា ផែនការអភិវឌ្ឍ៣ឆ្នាំដំណាក់កាលទី​២​របស់​រដ្ឋាភិបាល​ចាប់ពី​ឆ្នាំ​២០១៥ដល់​២០១៧ រដ្ឋា​ភិបាល​ផ្តោតសំខាន់​ទៅលើ​ការ​ជំរុញឲ្យមានការផ្ទេរ​ភារកិច្ចមុខងារនិង​ធន​ធាន​របស់ក្រ​សួងមួយចំនួនទៅ​កាន់​រដ្ឋបាលថ្នាក់​ក្រោម​ជាតិ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ