ក្រសួង​​​ពិន័យ​​ប្រាក់​ពី​​១០​ទៅ​​១៥​លាន​រៀល​​សម្រាប់​អ្នក​ធ្វើ​សត្ត​ឃាត​​ដោយ​​មិន​​មាន​លិខិត​អនុញ្ញាត

អ្នក​ធ្វើ​អាជីវកម្ម​សត្តឃាត​នឹង​ត្រូវពិន័យ​អន្តរការណ៍​ជា​ប្រាក់ពី​១០លានទៅ​១៥លានរៀល​ចំពោះ​ការ​ធ្វើសត្តឃាត​​ ដោយ​ពុំមាន​លិខិត​អនុញ្ញាតពីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ។​ នេះ​បើ​យោង​តាម​ច្បាប់ស្តីពីសុខភាព​សត្វ​និង​ផលិតកម្មសត្វដែល​ត្រូវ​បានប្រកាស​ឲ្យ​ប្រើប្រាស់​កាលពីដើមខែកុម្ភៈ ដោយ​ព្រះមហាក្សត្រ។​

បើតាមច្បាប់នោះ រូបវន្តបុគ្គល​ឬ​នីតិបុគ្គល​ដែល​បង្កើត​​សត្ត​ឃាត​ដ្ឋាន​ឬ​ទីកន្លែង​កែ​ច្នៃ​បឋម​ផលិត​ផល​សត្វ​ត្រូវតែ​មានលិខិត​អនុញ្ញាតចេញ​​ដោយ​ក្រសួង​កសិកម្មនិង​ត្រូវ​ចុះ​បញ្ជី​សត្ត​ឃាត​ដ្ឋាន​និង​ឬ​ទីកន្លែង​កែ​ច្នៃ​បឋម​​ផលិត​ផល​សត្វនោះ​ ដោយអនុលោម​តាម​នីតិវិធី​នៃ​ច្បាប់នេះ។​ រូបវន្ត​បុគ្គល​ឬ​នីតិបុគ្គល​ដែល​ធ្វើការ​ពិឃាត​​សត្វគ្រប់​ប្រភេទ​ក្នុងគោល​បំណង​ធ្វើ​ពាណិជ្ជ​កម្ម​ត្រូវ​អនុវត្ត​ក្នុង​សត្ត​ឃាត​ដ្ឋាន​និងត្រូវ​មាន​លិខិត​អនុ​ញ្ញាត​ការធ្វើអាជីវកម្ម​ពិឃាត​សត្វចេញ​ដោយ​ក្រសួង​កសិកម្ម។​

បើតាមច្បាប់នោះ នឹង​មាន​ការផាកពិន័យ​ចន្លោះពី​១០ទៅ១៥លានរៀល​ ប្រសិន​បើ​រក​ឃើញ​ថា​​បង្កើត​សត្តឃាត​ដ្ឋានធ្វើ​អាជីវកម្ម​ពិឃាត​សត្វ​និង​បង្កើត​ទីកន្លែង​កែ​ច្នៃ​បឋម​ផលិតផល​សត្វគ្មាន​លិខិត​អនុញ្ញា​ត​ឬ​មិន​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​បសុព្យាបាល ការនាំ​ចូល​ នាំចេញពូជ​សត្វ ផលិត​ពូជសត្វ​ឬ​បង្កើត​ពូជថ្មី​នៃ​សត្វ មិន​បាន​ចុះបញ្ជី​ឬ​គ្មាន​វិញ្ញា​បនបត្រ​បញ្ជាក់​ពូជសត្វ​ឬ​ពូជ​ថ្មី​នៃ​សត្វនោះ។​

បើតាមច្បាប់នោះ ចំពោះ​បុគ្គល​ណា​ដែល​មិន​ធ្វើអនាម័យ​សត្ត​ឃាត​ដ្ឋាន ទីកន្លែង​កែ​ច្នៃ​បឋម​ផលិត​ផល​សត្វ ទីន្លែង​ធ្វើ​អាជីវកម្ម​សត្វ ទីកន្លែង​តាំងលក់សាច់ មន្ទីរព្យាបាលសត្វ ទីកន្លែង​ព្យាបាលសត្វ​ ទីកន្លែង​ចិញ្ចឹម​សត្វ​និង​បង្កាត់​ពូជសត្វ ទីកន្លែង​​ផលិត​លាយ​ផ្សំ ផ្គត់ផ្គង់​និង​លក់​ចែក​ចាយ​បសុឱសថ​ នឹង​​ទទួល​ពិន័យ​ជា​ប្រាក់​១០ម៉ឺនរៀល។ ក្រសួងកសិកម្ម​នឹង​ចេញ​​ការ​ព្រមាន​ជា​លាយ​លក្ខណ៍អក្ស​រ​ឬ​ព្យួរ​វិញ្ញា​បនបត្រ​ឬ​លិខិ​ត​អនុញ្ញាត​ពាក់​ព័ន្ធ​ចំពោះ​បុគ្គល​កាន់កាប់សត្វបានប្រព្រឹត្ត​ដូចជា​ប្រព្រឹត្ត​អំពើ​ណាមួយ​បង្ក​ទារុណ​កម្ម បង្ក​ឲ្យ​សត្វ​ឈឺចាប់ឬ​ស្តែង​ចេញនូវភាព​អណោចអធម្ម​ ផ្ទុយ​ពី​បទ​ដ្ឋាន​បច្ចេកទេស​សុខុមាលភាពសត្វ។​

បើ​តាម​ច្បាប់នោះ រដ្ឋាភិបាល​ក៏​បាន​សម្រេច​យក​ថ្ងៃទី​៤ ខែ​តុលា​ជា​សត្ត​ទិវា​ជាតិ។

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា​ក្រសួ​ងកំពុងតែ​អនុវត្ត​ចំណាត់ការជា​បណ្តើ​រ​ៗ​ តាមច្បាប់ដែលបានកំណត់។ លោក​បន្ត​ថា​ក្រសួង​នឹង​ពិនិត្យ​មើល​លើ​សត្តដ្ឋាន​ដែល​ស្ថិតនៅក្រោម​ក្រ​បខណ្ឌនៃ​ច្បាប់នេះ ដើម្បីធានាថា​ការសម្លាប់មានផាសុកភាព​និង​មិន​ប៉ះពាល់ដល់​បរិស្ថាន។

នៅពេលសួរ​ថា​តើ​សត្តឃាត​ក្នុងកម្រិត​ណា​​ដែល​ស្ថិត​នៅក្រោមច្បាប់នេះ លោក អ៊ាង សុផល្លែត​អះអាង​ថា​​លោក​មិន​ដឹង​ច្បាស់នោះទេ ដោយ​ថា​ក្រសួងនឹង​ចេញប្រកាស​មួយ​ទាក់ទង​នឹង​សត្តឃាតនេះ។

វីអូឌីមិនអាចទាក់ទង​ប្រធាន​នាយកដ្ឋាន​លទ្ធកម្មនិង​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម លោក តាន់ ផាន់ណារ៉ា បាននៅឡើយទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ