ពលរដ្ឋនៅកោះកុងលើកគ្នាតវ៉ាឲ្យអាជ្ញាធររកដំណោះស្រាយជម្លោះដីធ្លីដែលអូសបន្លាយជាង១០ឆ្នាំ

ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា​ទាមទារ​រក​អន្តរាគមន៍​ពីអាជ្ញាធរ​ (រូបពីហ្វេសប៊ុក Nim Chray)

ប្រជាពលរដ្ឋជាង៣០០នាក់ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន២នៅក្នុងខេត្តកោះកុងលើកគ្នាទៅតវ៉ាដាក់ញត្តិសុំឲ្យអភិបាលស្រុកស្រែអំបិល និងស្រុកបុទុមសាគរជួយរកដំណោះស្រាយ ដោយពួកគេអះអាងថាជម្លោះនេះបានអូសបន្លាយជាង១០ឆ្នាំមកហើយ។

តំណាងពលរដ្ឋម្នាក់លោក ហោម ផុន បានឲ្យវីអូឌីដឹងថា នៅព្រឹកថ្ងៃសុក្រនេះ ពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនថៃឈ្មោះផ្លេនថេស៊ិន និងក្រុមហ៊ុនស្ករសកោះកុង បានលើកគ្នាតវ៉ា និងដាក់ញត្តិសុំឲ្យលោកអភិបាលស្រុកស្រែអំបិល និងបុទុមសាគរជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនខ្វៀលដីរបស់ពួកគាត់ចេញ និងសងសំណងការខូចខាតផលដំណាំជូនពួកគេ។

លោក ហោម ផុន ឲ្យដឹងដែរថា ទំនាស់ដីធ្លីដែលកើតមាននេះកើតឡើងតាំងពីឆ្នាំ២០០៦មក ប៉ះពាល់ប្រជាពលរដ្ឋ៥២៦គ្រួសារនៅ​ឃុំ​ចំនួន​៤ក្នុង​ស្រុក​ស្រែអំពិល និង​ស្រុក​បុទុមសាគរ លើផ្ទៃដីទំហំ២២៣៦,៧ហិកតា ហើយរហូតមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។

លោកមានប្រសាសន៍ថា៖ “តាំងពី២០០៦មកដល់សព្វថ្ងៃនេះវាអត់មានដំណោះ(ដំណោះស្រាយ) អីអាចទទួលយកបាន មានតែការភូតភរកុហកបោកប្រាស់ខ្លះក៏មានដែរក្មួយ អត់មានរឿងថាឲ្យយើងដោះស្រាយឲ្យយើង ហើយបើសិនជាដោះស្រាយឲ្យយើងៗអត់ធ្វើ(ការតវ៉ា)ឲ្យឆ្វៀលដីឲ្យយើងដោយសមស្របក្នុងលក្ខណៈជាគ្រួសារដែលយើងចង់បានហ្នឹងមក ហើយហ្នឹងសំណងសងយើងអត់ធ្វើទៀតទេ តែអត់មានក្មួយអត់មាន”

តំណាងសហគមន៍ជីខក្រោម អ្នកស្រី ផាវ ញើង បានប្រាប់វីអូឌីថា ក្រុមប្រជាពលរដ្ឋបានធ្វើការតវ៉ាជាច្រើនលើកច្រើនសារហើយ ប៉ុន្តែនៅតែពុំទាន់មានដំណោះស្រាយ និងបានរងការបង្ក្រាបពីក្រុមហ៊ុន និងអាជ្ញាធរ។ អ្នកស្រីមានប្រសាសន៍ថា៖ “ពីមុនមក កាលពីឆ្នាំ២០០៦ ពួកយើងមានចលនាតវ៉ាដ៏ខ្លាំងក្លាមួយដែរដោយ ត្រូវបានអជ្ញាធរបង្ក្រាប និងត្រូវបានក្រុមហ៊ុន សន្តិសុខរបស់ក្រុមហ៊ុនបានបាញ់ត្រូវរបួស ពួកយើងក៏បានបែកខ្ញែកគ្នាអស់មួយចំនួនធំទៅ ហើយយើងក៏បានជឿពាក្យចចាមអារ៉ាមញុះញង់ពីបុគ្គលមួយចំនួន និងអ្នកមានអំណាចមួយចំនួនគាត់ថាគាត់នឹងដោះស្រាយឲ្យអ្នកណាដែលអត់តវ៉ា ប៉ុន្តែមកដល់ថ្ងៃនេះ១០ឆ្នាំហើយគឺយើងអត់តវ៉ាប៉ុន្តែអត់ដោះស្រាយឲ្យពួកយើងទេ”

បើតាមអ្នកស្រី ផាវ ញើង សាលាស្រុកស្រែអំបិល និងបុទុមសាគរទទួលយកញត្តិរបស់ប្រជាពលរដ្ឋ ដោយបានសន្យាថា នឹងនាំញត្តិនេះទៅកាន់អភិបាលខេត្តដើម្បីរកដំណោះស្រាយជូនពួកគាត់។

ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា​ទាមទារ​រក​អន្តរាគមន៍​ពីអាជ្ញាធរ​ (រូបពីហ្វេសប៊ុក Nim Chray)
ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា​ទាមទារ​រក​អន្តរាគមន៍​ពីអាជ្ញាធរ​ (រូបពីហ្វេសប៊ុក Nim Chray)

អភិបាលស្រុកស្រែអំបិលលោក ទួន សិលា មានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លីនេះបានផុតពីដៃរបស់អជ្ញាធរស្រុកហើយ តែលោកអៈអាងថា ស្រុកនឹងធ្វើរបាយការណ៍ទៅកាន់ថ្នាក់ខេត្តដើម្បីរកដំណោះស្រាយបន្ត។ លោកបន្តថា កន្លងមកមានការបង្កើតគណៈកម្មការដើម្បីដោះស្រាយវិវាទនេះម្តងរួចមកហើយ។

លោកបន្ថែមថា៖ “ខ្ញុំមិនជាច្បាស់ទេណា! កន្លងមកហ្នឹងក៏មានគណៈកម្មការអន្តរក្រសួង ក្រុមហ៊ុនដែលដោះស្រាយជាមួយពួកគាត់ហ្នឹងគឺធ្វើបានច្រើនណាស់ណា ប៉ុន្តែវាអត់ចប់មិនដឹងយ៉ាងម៉េចដែរ។ ចឹងឃើញថាក្នុងរបាយការណ៍ក្រុមហ៊ុនបើសិនជាលើកមុនមានការតវ៉ា ខ្ញុំបានអញ្ជើញខាងតំណាងក្រុមហ៊ុន របាយការណ៍ ខ្ញុំឃើញថាក្រុមហ៊ុនដោះស្រាយចង់អស់ហើយតាមរបាយការណ៍ហ្នឹងណា”

មន្ត្រីសម្របសម្រួលអង្គការលីកាដូលោក អ៊ឹង គង់ជិត ដែលបានតាមដានករណីនេះ មានប្រសាសន៍ថា កាលពីមានទំនាស់ដំបូងក្នុងឆ្នាំ២០០៦ ក្រុមប្រជាពលរដ្ឋដែលមានទំនាស់ទាំងនោះបានធ្វើការតវ៉ា និងបានប្តឹងផ្តល់ទៅកាន់អជ្ញាធរថ្នាក់ជាតិផងដែរ ប៉ុន្តែអត់មានដំណោះស្រាយអីទេរហូតមកដល់ពេលនេះ។

លោកបន្ថែមថា៖ “បើសិនជាអជ្ញាធរគាត់យល់ឃើញថា គាត់អាណិតប្រជាពលរដ្ឋដែលរងគ្រោះ គិតដល់ប្រជាពលរដ្ឋដែលខ្វះខាត ធ្លាប់ធ្វើលើដីហ្នឹងពីមុនមកគាត់គួរតែ ឆ្វៀលដីហ្នឹងឲ្យមកប្រជាពលរដ្ឋ … ព្រោះប្រជាជនគាត់ដាំអំពៅបានតើ ហើយក្រុមហ៊ុនទិញទៅអាហ្នឹងដូចជួយប្រជាពលរដ្ឋអញ្ចឹង ហើយឥឡូវនេះយកដីប្រជាពលរដ្ឋទៅដាំខ្លួនគាត់”

លោក អ៊ឹង គង់ជិត បានឲ្យជាយោបល់ថា រដ្ឋាភិបាលគួរតែបង្កើតគណៈកម្មការមួយចុះមកសិក្សាឡើងវិញ និងស្រង់ទិន្និន័យអ្នកដែលមានដីនៅកន្លែងដែលមានទំនាស់នោះដើម្បីវាស់បញ្ចប់ទំនាស់ដែលកើតមាននេះ។

គួររំឭកថា កាលពីឆ្នាំ២០១២រដ្ឋាភិបាលបានចេញសារាចរណ៍លេខ០១តម្រូវឲ្យអាជ្ញាពាក់ព័ន្ធបញ្ជាឲ្យក្រុមហ៊ុនដែលទទួលបានដីសម្បទានត្រូវអនុវត្តតាមរូបមន្តស្បែកខ្លាដោយតម្រូវឲ្យកាត់ឃ្វៀលដីអ្នកភូមិឬព្រៃសហគមន៍ចេញពីដីសម្បទាន និងតម្រូវឲ្យក្រុមហ៊ុនត្រូវផ្អាកសកម្មភាពឈូសឆាយជាបន្ទាន់បើមានការតវ៉ាពីពលរដ្ឋ។ ក្នុងសារាចរណ៍នោះ រដ្ឋាភិបាលក៏បានព្រមានដកដីពីក្រុមហ៊ុនវិញ បើក្រុមហ៊ុនណាមិនអាចអនុវត្តបាន។ ប៉ុន្តែសង្គមស៊ីវិលអះអាងថាច្រើនឆ្នាំមកនេះពលរដ្ឋដែលរស់នៅជិតតំបន់ដីសម្បទាននៅតែបន្តទទួលរងគ្រោះពីការបាត់បង់ដីស្រែចម្ការដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ