អ្នករាយការណ៍ពិសេសរបស់UNសង្ឃឹមថា គ.ជ.ប នឹងធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌

លោកស្រី រ៉ូណ ស្មីត ជួប​ជាមួយ​ គ.ជ.ប នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ (រូបភាព៖ ទូច សុខា)

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) លើកឡើងថា លោកស្រីសង្ឃឹមថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធានាឲ្យបានការបោះឆ្នោតមួយប្រកបដោយសេរី និងយុត្តិធម៌ ខណៈកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨។

លោកស្រី រ៉ូណា ស្មីត បានធ្វើការលើកឡើងបែបនេះ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីលោកស្រីបានជួបពិភាក្សាពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជានៅទីស្នាក់ការរបស់ គ.ជ.ប។

លោកស្រី រ៉ូណា ស្មីត បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយជំនួបនេះថា លោកស្រីបានស្តាប់ពីដំណើរការរបស់ គ.ជ.ប និងការតាំងចិត្តរបស់ គ.ជ.ប ក្នុងការធានាថាការបោះឆ្នោតនាពេលខាងមុខគឺ សេរី និងយុត្តិធម៌ ស្របតាមគោលការសិទ្ធិមនុស្សអន្តរជាតិ។ លោកស្រីបន្តថា លោកស្រីក៏សង្ឃឹមថា ការបោះឆ្នោតខាងមុខជាការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ផងដែរ។ លោកស្រីបន្ថែមថា៖ “ខ្ញុំសង្ឃឹមថាអ្វីដែល(គ.ជ.ប) នឹងបន្តធ្វើនោះគឺធានាបាននូវការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌”

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងក្រោយជំនួបដែរថា គ.ជ.ប នឹងខិតខំបំពេញការងាររបស់ខ្លួនដើម្បីធានាឲ្យបានការបោះឆ្នោតមួយដែលគ្រប់គណបក្សនយោបាយអាចទទួលយកបាន។ លោកមានប្រសាសន៍ថា៖ “ជាការពិត យើងឃើញថាបញ្ហានេះយើងចាប់អារម្មណ៍ទាំងអស់គ្នា ក្នុងនោះហើយបានជាគណបក្សទាំងពីរលោកធ្វើការកែទម្រង់ ហើយ គ.ជ.ប ថ្មីនេះជាសមិទ្ធផលរបស់ការកែទម្រង់នេះ។ មកទល់ពេលនេះ គ.ជ.ប ថ្មីនេះមានអាយុ១១ខែហើយ ហើយយើងកំពុងធ្វើការងារមួយឆ្ពោះទៅរកភាពត្រឹមត្រូវហ្នឹងហើយ ហើយយើសង្ឃឹមថាលទ្ធផលនៃការបោះឆ្នោតអាចទទួលយកបានដោយគណបក្សនយោបាយ”

លោក ហង្ស ពុទ្ធា ឲ្យដឹងដែរថា នៅក្នុងជំនួបនេះ លោកស្រី រ៉ូណា ស្មីត ក៏បានសួរនាំគ.ជ.ប ពីការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ឲ្យពលរដ្ឋទទួលបានសិទ្ធិចុះឈ្មោះបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មានស្តីពីការបោះឆ្នោតដល់ប្រជាពលរដ្ឋខ្មែរជាដើម។ ជាការឆ្លើយតប លោកថា ក្រសួងមហាផ្ទៃកំពុងបន្តធ្វើអត្តសញ្ញានប័ណ្ណសញ្ញាតិខ្មែរឲ្យពលរដ្ឋដើម្បីបានប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោត។

ទោះយ៉ាងណា លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា បើសិនជាក្រសួងមហាផ្ទៃធ្វើអត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋមិនបានគ្រប់គ្នាទាន់ពេលក៏ដោយ ក៏លោកថា គ.ជ.ប មាននីតិវីធីមួយទៀត ដោយថាពលរដ្ឋដែលអត់អត្តសញ្ញាណប័ណ្ណត្រូវសុំលិខិតបញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរមូលដ្ឋាន និងអមជាមួយអ្នកធានាពីរនាក់ដែលមានសិទ្ធិបោះឆ្នោត សម្រាប់ជាឯសារទៅសុំចុះឈ្មោះបោះឆ្នោត។

អ្នកនាំពាក្យរូបនេះឲ្យដឹងដែរថា គ.ជ.ប មានការផ្សព្វផ្សាយពីការចុះឈ្មោះបោះឆ្នោតនេះបានទូលំទូលាយ ដោយរួបទាំងជនពិការ និងជនជាតិដើមភាគតិចដែលមិនចេះនិយាយភាសាខ្មែរផងដែរ។

បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប គ្រោងរៀបចំការចុះឈ្មោះបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៦។ លោកថា គ.ជ.ប បានលើកពេលចុះឈ្មោះនេះ ម្តងជាពីរដង គឺដោយសាតែ គ.ជ.ប មិនទាន់បានទទួលសម្ភារ សម្រាប់ចុះឈ្មោះបោះឆ្នោតពីអ្នកផ្ទត់ផ្គង់ដែលទទួលថវិកាពីសហភាពអ៊ឺរ៉ុបក្នុងការដេញថ្លៃទិញសម្ភារទាំងនោះនៅឡើយ។ លោកឲ្យដឹងដែរថា ប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ សម្រាប់ការចុះឈ្មោះបោះឆ្នោតមានចំនួនប្រមាណជា៩លាន៦សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ