យុវជនដែលតវ៉ាឲ្យលោក កឹម សុខា បកស្រាយខ្សែអាត់សំឡេង អះអាងថាប្រើថវិកាផ្ទាល់ខ្លួន

ក្រុមយុវជនដែលតែងតែតវ៉ានៅតាមវេទិការបស់គណបក្សសង្គ្រោះជាតិនិងដាក់ញតិទៅកាន់ស្ថាប័នជាតិមួយចំនួនប្រឆាំងលោក កឹម សុខា នោះបានអះអាងថាសកម្មភាពរបស់ពួកគេគឺចំណាយប្រាក់ដោយខ្លួនឯងផ្ទាល់ដើម្បីរកយុត្តិធម៌ជូនជាតិ។

នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ ក្រុមយុវជនដែលអះអាងថាជានិស្សិតមកពីសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញមានគ្នាជាង១០នាក់បានដាក់ញតិមួយទៀតទៅកាន់រដ្ឋសភាដោយស្នើឲ្យប្រធានរដ្ឋសភាពន្លឿនកោះហៅលោក កឹម សុខា ចូលបំភ្លឺជុំវិញខ្សែអាត់សំលេងសន្ទនាជាមួយស្រ្តីម្នាក់។ តំណាងយុវជនទាំងនោះលោក ស្រី ចំរើន អះអាងថាការដើរដាក់ញតិនិង សកម្មភាពតវ៉ាកន្លងមកមិនមានការឧបត្ថមថវិកាពីស្ថាប័នណានោះទេគឺជាការស្ម័គ្រចិត្តនិងចំណាយប្រាក់ផ្ទាល់របស់យុវជន។

លោក ស្រី ចំរើន លើកឡើងថា៖ ជាការពិតយុទ្ធនាការដែលពួកយើងធ្វើសព្វថ្ងៃគឺកើតឡើងដោយឆន្ទៈផ្ទាល់ដោយការសម្រេចចិត្តរវាងបងប្អូននិស្សិតៗដែលពួកគាត់ស្មាក់ចិត្តចូលរួមដោយមានការផ្ដល់ជំនួយពីឪពុកម្ដាយបងប្អូនក៏ដូចជាបងប្អូននិស្សិតៗដែលគាត់មានការងារធ្វើគ៏គាត់ជួយជាមូលនិធិនិងវិភាគទានសម្រាប់ពួកយើងប្រតិបត្តិការលើការងារនេះផងដែរ

ការចេញតវ៉ានិងដាក់ញតិកន្លងមកយុវជនទាំងនោះត្រូវចំណាយទាំងការហូបចុក ការចាក់សាំង និងសំភារៈប្រើប្រាស់ទំនើបផ្សេងៗទៀតរួមអាយកូម ទូរសព្ទស្មាតហ្វូន។ ចំណែកយុវជន ស្រី ចំរើន មានរថយន្តទំនើបៗនិងអ្នកបើកបរចាំបើកទ្វាជូនទៅជូនមកដូចជាតំណាងរាស្រ្ត។

ស្ទើរជារៀងរាល់សប្តាហ៍យុវជនទាំងនោះបានចេញតវ៉ានៅតាមបណ្តាខេត្តនៅពេលគណបក្សសង្គ្រោះជាតិធ្វើវេទិកា។ បញ្ហានេះត្រូវបានមជ្ឈដ្ឋានជាច្រើនដាក់ការងើយឆ្ងល់ថាបានជំនួយមកពីណាដែលពួកគេត្រូវចំណាយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ