លិខិតមិត្តអ្នកអាន៖ ឫស្សី​ស្នង​ទំពាំង​

ទំពាំង​ស្នង​ឫស្សី​ អ្នក​ក្រោយ​ស្នង​អ្នក​មុន​ ​ជា​សុភាសិត​ដែល​ខ្មែរ​ភាគ​ច្រើន​យល់​ តែ​ខ្មែរ​ភាគ​តិច​ប៉ុណ្ណោះ​ដែល​អនុវត្ត​បាន​។ ដី​មាន​ជី​ជាតិ​មិន​មែន​ទំពាំង​ទាំង​អស់​សុទ្ធ​តែ​មាន​វាសនា​មាន​ដុះ​តាំង​ទី​នោះ​ទេ ​ក៏រឹត​តែ​​មិន​មែន​ចេះតែ​មាន​ដី​​ទំនេរ​ចោល​នោះ​ដែរ​ មាន​ឫស្សី​ជា​ច្រើន​រស់​អាស្រ័យមុន​​ សឹងមិន​​មាន​កន្លែង​សល់​សម្រាប់​​ទំពាំង​ខ្ចី​អាច​លេច​ត្រួយ​បាន​។ ល្មម​ដល់​ពេល​ទស្សនៈ​ ទំពាំង​ស្នង​ឫស្សី​ត្រូវ​បាន​ប្រជែង​និង​កែលម្អ​ហើយ​។

ទី​មួយ គឺ​សុភាសិត​នេះ​​សាមញ្ញា​ពេក​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ជា​ស្តែង​។ ​ មិន​មែន​ឫស្សីឬទំពាំង​ជា​​​ប្រភេទ​តែ​មួយ​ឬ​មាន​ប្រភេទ​តែ​មួយ​នោះ​ទេ។ ទំពាំង​ដែល​ជា​ពន្លក​ចេញ​ពី​ឫស្សីដែល​ដុះ​នៅ​កន្លែង​មាន​ជី​ជាតិ​ ប្រាកដ​ណាស់​ពួក​គេ​នឹង​បាន​ស្នង​កន្លែង​ឫស្សី​មេ​របស់​ពួក​គេ​ ទោះ​បី​មាន​ឧបសគ្គ​ឬ​អ្នក​រារាំង​​ដូច​ម្តេច​ ក៏​ឫស្សី​ចេះ​ទុក​ដាក់​កូន​ទំពាំង​របស់​ខ្លួន​ដែរ។ តែ​ចំណែក​ឯទំពាំង​​ឫស្សី​ចាស់​ទ្រុឌ​ទ្រោម​ដុះ​​នៅ​​ដី​ដែល​មិន​ត្រូវ​ប៉ាន់វិញ​​ នឹង​មិន​ងាយ​បាន​ស្នង​ឫស្សី​នៅ​ដី​ជី​ជាតិឡើយ​ ផ្ទុយ​ទៅ​វិញ​​ឫស្សី​ធំៗ​ទាំង​នោះ​នឹង​ពង្រីក​ដែន​អំណាច​មិនឲ្យ​​មាន​ចន្លោះ​សល់​ដល់​ទំពាំង​ក្រៅ​ខោ​នោះ​ឡើយ​។ ដី​ល្អ​តែង​មាន​អ្នក​កក់​ទុក​!

ទី​ពីរ​  ​ ​ទំពាំង​ស្នង​ឫស្សី​ បង្កប់​លាក់​ខ្លឹម​សារ​ត្រួត​ត្រា​មួយ​គឺ​ មាន​តែ​ឫស្សី​ប៉ុណ្ណោះ​ដែល​ទំពាំង​ត្រូវ​តែស្នង​ឬ​ធ្វើ​តាម​ ពោល​គឺ​អ្នក​ជំនាន់ក្រោយ​ត្រូវតែ​ជា​ទំពាំង​ មិន​អាច​ជា​រុក្ខជាតិផ្សេងៗ​ជា​ច្រើន​ទៀត​ ដែល​​មាន​ប្រយោជន៍ ​ខុស​ពី​នេះ​ឡើយ​ ហើយក៏​ត្រូវ​ជំនួស​​ឫស្សី​ឬ​ធ្វើ​តាម​អ្វី​ដែល​ឫស្សី​​បង្គាប់​ដែរ​។ គ្មាន​ទេអត្តសញ្ញាណ​ខ្លួនឯង​ ទំពាំង​ត្រូវ​តែ​ដើរ​តាម​ស្មារតី​ឫស្សី​មិន​អាច​ជំទាស់​បាន​ជា​ដាច់​ខាត​។ ដូច្នេះ​ ទំពាំង​កើត​មក​គ្រាន់​តែដើម្បី​ស្នង​ប៉ុណ្ណោះ​!

ទី​បី​ ទំពាំង​និង​ឫស្សី​មិន​មែន​សុទ្ធ​តែ​ល្អ​ទាំង​អស់​ទេ​ អាច​មាន​មិន​ត្រឹម​តែ​​​ទំពាំង​រលួយ​នោះ​ទេ​ មាន​ទាំង​ឫស្សី​ពុក​ផុយ​ផង​ដែរ​ដែល​ទាំង​នេះ​បង្កើត​ពុម្ព​ផ្សេង​គ្នា​។ ក្នុង​ករណី​ឫស្សី​ពុម្ពមិន​ល្អ​ផង​ ​គេពុំ​​អាច​បន្ទោស​ថា​ទំពាំង​មិន​កើត​ឡើយ​។ ​ពាក្យ​ស្នង​គ្រាន់​តែ​ជំនួស​កន្លែង​មែន​ទេ​? វា​មិន​បាន​បញ្ជាក់​ច្បាស់​ថាចំណុច​ណា​គួរ​ចម្លង​ ចំណុច​​ណា​មិន​គួរ​​ទេ​។ ស្នង​ដូច​ម្តេច​បើ​គ្មាន​ចំណុច​ល្អឲ្យ​​ស្នង​ផង​នោះ​? ឫស្សី​មាន​បក្សពួក​ចែក​គុម្ព​ រើស​អើង​ក្រុម​ បង្កើត​ខ្សែ​ស្រឡាយ​ បំពុល​ទំពាំង​ ស្រូ​ប​យកជី​ជាតិ​មិន​បន្សល់​ឲ្យ​​ទំពាំង​ក្រោយ​…មានគំរូ​ល្អតិច​ណាស់​ដែល​ទំពាំង​គួរ​ស្នង​ ឬក៏​​តម្រូវ​ឲ្យ​​ទំពាំង​ចម្លងឲ្យ​​ដូច​បេះ​បិទឬ​​?

បី​ចំណុចយ៉ាង​សង្ខេប​​នេះ​ពុំ​អាច​ឱប​ក្រសោប​អស់​សេចក្តី​ឡើយ​ តែ​ហោច​ណាស់​មាន​ខ្លឹម​សារ​​ដ៏​សំខាន់​មួយ​ដែល​យើង​មិន​គួរ​ភ្លេច​៖ ពិចារណាថ្លឹង​ថ្លែង​​អំពី​គំនិត​ណា​មួយឲ្យ​​បាន​ច្បាស់​លាស់​​ ចៀស​វាង​ការ​ចេះ​តែ​យល់​ស្រប​មិន​ហ៊ាន​ប្រជែង​ឬ​ប្រឆាំង​នឹង​គំនិត​ឆ្គាំ​ឆ្គង​ណា​មួយ​ ទោះ​បី​គំនិតនោះ​​ជា​គំនិតដែល​គេ​ទទួល​ស្គាល់​យល់​ស្រប​ទាំង​អស់​គ្នា​ក៏ដោយ​។ ដល់​ពេល​ហើយ​ដែល​គេ​គួរ​ផ្លាស់​ប្តូរ​អ្នក​ស្នង។ ទន្ទឹម​នឹង​ឫស្សី​មាន​ស្នាម​ពុក​ផុយ​ច្រើន​ គេ​ពិបាក​នឹង​រំពឹង​ថា​អាច​បង្កើត​ទំពាំង​ល្អ​ណាស់។​ បើ​ទំពាំងពន្លាគុម្ព​ថ្មី​ សាង​អ្វី​ល្អ​ៗ ពន្លាត​ដី​មាន​ជី​ជាតិ​ បង្កើត​ការ​វិវត្តថ្មី​ស្រឡាង​វិញ​ នោះ​ទើប​​​​លំនាំ​ផ្សេង​អាច​​លេច​ឡើង​។ ក្នុង​លំនាំ​នេះ​ក៏​អាច​នាំឲ្យ​​មាន​សេរីភាព​ក្នុង​ជ្រើស​រើស​ប្រភេទ​ផ្សេង​ដែរ​ ពោល​គឺ​មិនមែន​​ធ្វើជា​ទំពាំង​រហូត​នោះ​ឡើយ​។ ទំពាំង​អាច​ជម្នះ​បាន​ គឺ​ប្រហែល​ឫស្សី​ដែល​ត្រូវ​ស្នង​ទំពាំង​!​

អត្ថបទដោយ​និស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ