នាយករដ្ឋមន្រ្តី​ការពារកិច្ច​ខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាល​លើ​តម្លៃ​កសិផល​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នៅថ្ងៃពុធ​នេះ​បាន​ថ្លែង​ថាតម្លៃ​កសិផល​ធ្លាក់ចុះជា​បញ្ហា​រួម​របស់​ពិភព​លោក មិន​មែន​សម្រាប់​តែ​​កម្ពុជានោះទេ ដោយ​លោក​បានរិះគន់អ្នក​នយោបាយ​មួយ​​ចំនួន​ថា​ឃោសនា​បោក​ប្រជាកសិករ​ថា​​នឹង​ធ្វើ​ឲ្យ​តម្លៃ​កសិផលឡើងថ្លៃ។​

ក្នុង​ពិធី​ដាក់​សម្ពោធឲ្យប្រើប្រាស់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែននៅខេត្តត្បូងឃ្មុំ លោក ហ៊ុន សែន បានថ្លែង​​ថា​ពិភព​លោក​កំពុង​ជួប​ប្រទះ​នូវ​ការ​ធ្លាក់ចុះថ្លៃ​ដាំណាំ​កសិផល​ តែ​លោក​ថា​រដ្ឋាភិបាល​នៅ​តែ​បន្ត​ការ​ខិ​តខំ​​ដោះ​ស្រាយ​ប​ញ្ហាទាំងនេះ។​ លោក​មានប្រសាសន៍ថា៖ “ទាក់ទិន​ជាមួយ​នឹង​បញ្ហា​កសិផល មិន​ថា​ស្រូវ​ មិន​ថាពោ​ត មិនថា​​ដំឡូង មិនថាស្អីទេ ពិភព​លោក​កំពុង​ជួបប្រទះនូវបញ្ហាដូចៗគ្នា។ នៅប្រទេស​ថៃ​ ចម្ការកៅ​ចូល​ដល់លាន​ហិកតា គឺអត់​ចាក់ជ័រទេ ព្រោះ​មិន​រួចថ្លៃដើម។ នៅម៉ាឡេស៊ីកំពុង​តែ​​បញ្ហា ក្រៅពីកៅស៊ូ នៅ​មាន​បញ្ហា​អា​ប្រេងទៀត”

លោក​បញ្ជាក់ថា៖ “ប៉ុន្តែ​យើង​នឹង​ខិត​ខំ​រកវិធី​យ៉ាងណា ដើម្បីធានា​ថា​កសិករ​របស់យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍កាន់តែ​ច្រើន​ទៅៗ ក្នុង​ស្ថានភាព​ដែល​​ពិភពលោក​មិន​អនុគ្រោះ”។​

លោក​ ហ៊ុន សែន ក៏​បាន​រិះគន់គណបក្សនយោបាយ​​​ដោយ​មិន​បញ្ចេញឈ្មោះ​​ដែលលោក​​ថា​​ប្រើនយោ​បាយ​​​ឃោសនាកេងចំណេញលើ​បញ្ហា​កសិផល​របស់​ប្រជា​ពលរដ្ឋ។​ លោក​មានប្រសាសន៍ថា៖ “គេ​ថា​បើ​គេ​កា​ន់អំណាច គេ​នឹង​ធ្វើ​ឲ្យ​ស្រូ​វឡើង​ដល់២០០០(រៀល​)មួយ​គីឡូអីនោះ ​ពោត​ធ្លាប់តែ​លក់​៨០០(រៀល) គេនឹង​សន្យាថាឲ្យ​ឡើង​​ដល់​៥០០០(រៀល​)ឯណោះ”។​

ក្នុងសន្និបាតកាលពីថ្ងៃទី​២៦ខែមីនា ​ ប្រធានគណបក្ស​សង្រ្គោះជាតិដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រ​ទេស ​លោក សម រង្ស៊ី បាន​ថ្លែងថា​គណបក្សប្រឆាំង​មាន​គោល​នយោបាយ​​រៀប​ចំ​ទីផ្សារ​ឲ្យ​កសិករ​ដូចគេ​ធ្វើ​នៅប្រទេស​ជិតខាង ដោយ​ថា​ដើម្បីធានា​តម្លៃ​កសិផល​គ្រប់​ប្រភេទ​។​ លោក​បន្ត​ថា​៖ “រដ្ឋអំណាច​ត្រូវ​រៀប​ចំ​យន្ត​ការ និង​ថវិកា​ពិសេស​ដើម្បីប្រមូល​ទិញ​កសិ​ផល​ទាំង​នោះ ពីកសិករ​រៀងរាល់ឆ្នាំ ក្នុង​តម្លៃ​សម​រម្យ មិន​ឲ្យ​កសិករ​ខាត​ជា​ប្រចាំ​ដូច​សព្វ​ថ្ងៃ​ទេ។ រៀប​ចំ​បណ្តាញ​គមនា​​គ​មន៍ ជាពិសេស​ផ្លូវ​ថ្នល់ឲ្យ​បាន​ល្អប្រសើរ​ដើម្បី​ងាយ​ដឹក​ជញ្ជូន​ កសិផល​ឲ្យ​បាន​ឆាប់​និង​ធូរ​ថ្លៃ​ពី​ស្រែ​ចម្ការ​ទៅ​ដល់ទីផ្សារ”

គួរ​បញ្ជាក់​ថា​កាលពីថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ រដ្ឋមន្ត្រីក្រសួងកសិកម្មបាន​បដិសេធសំណើ​របស់​ក្រុមកា​រ​ងារផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម របស់​លោក​ ម៉ុង ឫទ្ធី ដែលបានស្នើសុំជួបពិភាក្សាដោះស្រាយបញ្ហា​ដំណាំកៅស៊ូធ្លាក់ថ្លៃ ដោយក្រសួងអះអាងថាមមាញឹកនិងពុំទាន់មានពេលវេលាសម្រាប់ជំនួបនេះ។​ទោះយ៉ាងណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន បានអះអាងថាក្រសួងបាន​ដោះស្រាយបញ្ហាអត្រាពន្ធអាករនាំចេញជ័រកៅស៊ូរួចហើយ ដោយក្រសួងបានដាក់សំណើទៅកាន់រដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏បានសម្រេចកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញកៅស៊ូរួចហើយដែរ។

សហប្រធានក្រុមការងារផ្នែកកសិកម្មនិងកសិ-ឧស្សាហកម្មឯកជន លោក ម៉ុង ឫទ្ធី ​ប្រាប់វីអូឌី(VOD)​កាលពី​សប្តាហ៍មុន​ថាតម្លៃកៅស៊ូបានធ្លាក់ចុះយ៉ាងខ្លាំង ដោយលោកថាកៅស៊ូស្ងូតដែលមានគុណភាពក្រោម​គេបង្អស់​សព្វថ្ងៃមានតម្លៃចន្លោះពី៨០០ទៅ៩០០ដុល្លារប៉ុណ្ណោះក្នុងមួយតោន។ លោក​បន្តថាតម្លៃកៅ​ស៊ូ​នាពេលបច្ចុប្បន្នមិនអាចធ្វើឲ្យអ្នកនាំកៅស៊ូចេញទទួលប្រាក់ចំណេញនោះទេ។

ម្ចាស់សិប្បកម្មកៅស៊ូខ្នាតតូចមួយក្នុងខេត្តកំពង់ចាម លោក ម៉ន់ ហន់ មានប្រសាសន៍ថានៅឆ្នាំ២០១៦ នេះ​សិ​ប្បកម្មរបស់លោកមិនបានទទួលប្រាក់ចំណេញពីលការលក់ជ័រកៅស៊ូស្ងូតនោះទេ។ លោកបន្ត​ផលិតផលរបស់លោកលក់ឲ្យទៅឈ្មួញថៃឬវៀតណាមក្នុងតម្លៃប្រហែលជា១០៥០ទៅ១១០០ដុល្លារក្នុងមួយតោនសម្រាប់កៅស៊ូប្រភេទល្អនិងកៅស៊ូប្រភេទអន់មានតម្លៃប្រហែលជា៨០០ដុល្លារ។ លោកឲ្យ​ដឹង​ទៀត​ថា​បញ្ហាប្រឈមរបស់ពួកលោកគឺការប្រែប្រួលតម្លៃកៅស៊ូមិនទៀង​ទាត់ ដែលលោកថាធ្វើឲ្យទាំងកសិ​ករនិងម្ចាស់សិប្បកម្មពិបាកក្នុងការលក់ចេញឲ្យបានប្រាក់ចំណេញ។ លោកបន្ថែម​ថា​ទាំងកសិ​ករក៏ដូចជាម្ចាស់សិប្បកម្មអាចចំណេញបានខ្លះបើតម្លៃកៅស៊ូស្ងួតអាចមានតម្លៃយ៉ាងទាបបំផុតត្រឹម១៥​០​០ដុល្លារក្នុង១តោន។

លោក ម៉ន់ ហន់ បន្តទៀតថាកាលពីឆ្នាំកន្លងទៅកៅស៊ូស្ងូតអាចលក់បានចន្លោះពី១៥០០ដុល្លារទៅ២០០​០ដុល្លារក្នុង១តោន។ លោកថាអ្នកដាំកៅស៊ូមួយចំនួនបាននាំគ្នាកាប់កៅស៊ូ ហើយងាកទៅដាំដំណាំផ្សេងវិញ។ លោកមាន​ប្រសាសន៍​ថា៖ បើនៅកន្លែងខ្ញុំនេះ កៅស៊ូកាប់រាប់រយហិចតា កាប់ចោលតែម្តង អាកៅស៊ូដែលបានចៀរ កៅស៊ូមិនទាន់ចៀរ កៅស៊ូ៤ឆ្នាំ ៣ឆ្នាំចុះបើគាត់អស់សង្ឃឹមនឹងតម្លៃកៅស៊ូថាឆ្នាំក្រោយអាចឡើងឬមិនឡើង ដ៏អ៊ីចឹងគាត់កាប់តែម្តង

លោក ម៉ន់ ហន់ ស្នើឲ្យរដ្ឋាភិបាលចាត់វិធានការជួយឲ្យតម្លៃកៅស៊ូថ្លៃជាងតម្លៃបច្ចុប្បន្ននិងរក្សាលំនឹង ហើ​យលោ​កថាបើអាច រដ្ឋាភិបាលគួរព្យួរការយកពន្ធនាំចេញឬលុបចោលតែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ