​មាស ច័ន្ទ​មាន ធ្វើ​​ឲ្យ​ជើងខ្លាំង​ថៃសន្លប់​ក្នុងទឹក​ទី​​២

​កីឡាករខ្មែរ ឈ្មោះ ​​​​​មាស ច័ន្ទមាន ​​និងកីឡាករ​ជើង​ខ្លាំង​របស់​ថៃ​​ឈ្មោះSuper Boy

ផ្ទុយ​​ពី​ការ​​គិត​ទុក ​កីឡាករ​​​​​មាស ច័ន្ទមាន ​​បែរ​ជា​អាច​វាយ​ឲ្យ​​​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​​ឈ្មោះSuper Boy សន្លប់​ទាល់​តែ​បាន ដោយ​​​​​​នោះ​​​ជា​លទ្ធផល​សន្លប់​​ឈរ​លើ​រេញ​នោះ​ទៅ​ទៀត​។ កា​រ​ប្រកួត​​​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​​​​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាល​ពី​ថ្ងៃ​ទី​​​៣ មេសានេះ ធ្វើ​​​ឲ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​យ៉ាង​ខ្លាំង​ ​ដោយ​ទម្រាំ​​ឆ្មក់​បាន​ឱកាស​ឈ្នះ​ថៃ ​​​កីឡាករ​កម្ពុជា​ខ្លួនឯង​ក៏​ប៊ិះ​នឹង​សន្លប់​​​​​ដូច​គ្នា​។

ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​​មាន​ការ​ជក់​ចិត្ត​សឹង​នឹង​ធ្វើ​​​ឲ្យ​​អ្នក​ទស្សនា​​ដោយ​ផ្ទាល់ ​ភ្លេច​​ទាំង​ដក​ដង្ហើមនៅ​ពេល​ទស្សនា​​។ ​ដ្បិត​តែ​កា​រ​ប្រកួត​ត្រូវ​បញ្ចប់​​​​ក្នុងទឹក​ទី​​២ ប៉ុន្តែ​​សកម្មភាព​វាយ​លុក​​របស់​គូ​នេះ បាន​បន្សល់​នូវ​​ទិដ្ឋភាព​​ដក់​ជាប់​អារម្មណ៍​របស់​​មហាជន​គួរ​​ឲ្យ​កត់​សម្គាល់ ​ជាថ្នូរ​នឹង​ការ​​ទទួល​បាន​នូវ​សម្រែក​ហ៊ោកញ្ជ្រៀវ​​យ៉ាង​កង​រំពង។ ក្នុងទឹកទី​​១ បង្គោល​ក្រហម​​កម្ពុជាជា​អ្នក​​​​​​ផ្ដើម​ទាត់​ខ្លាំង​​​ៗ​​​​ទៅ​​​លើ​ភ្លៅ​ខាង​​ធ្វេង​​របស់កីឡាករ​ថៃ ​ធ្វើ​​ឲ្យ​ថៃ​ក៏​​​​​​​​​ទាត់​​បំបុក​​​​ត្រឡប់​មកវិញ​បណ្ដាលឲ្យ​លាន់សំឡេងដូច​គេ​វាយ​ស្ករ។ ​​​អ្នកទស្សនា​​​​​ដោយ​ផ្ទាល់​​​​​ស្រែក​ហ៊ោកញ្ជ្រៀវយ៉ាង​កងរំពង​​​​ ក្នុង​ពេល​គូ​នេះ​ទាត់​ទៅ​​ទាត់​មក ដូច​​​​​មិន​មាន​​​ឈឺទាល់​តែ​សោះ​។ ​

មាស ច័ន្ទ​មាន ត្រូវ​គេ​ឃើញទុច​​ជំហរ​ ​បន្ទាប់​ពី​​កីឡាករ​ថៃ​Super Boyទាត់​​បក​​ខ្លាំង​​​ៗ​ដោយ​គ្មាន​សំចៃ។ ​​​​​ចុងទឹក​ទី​​១ កីឡាករ​​កម្ពុជា​​​​បាន​ប្ដូរ​​យុទ្ធសាស្រ្ត​​​​​​វាយ​ម៉ាត់វិញ​​​​​​​​​​​សំដៅ​លើ​ក្បាល​ពោះនិង​​ផ្ទៃ​មុខ​ ​បន្ទាប់​ពី​ទ្រាំ​កម្លាំង​​​​ទាត់​​ខ្លាំង​ៗ​របស់​គូ​បដិបក្ខ​​លែង​បាន​។ ឆ្លើយ​តប​នឹង​​​​​​​មាស ច័ន្ទ​មាន កីឡាករ​ថៃ​​ក៏​ប្ដូរ​​ពី​ទាត់​មក​វាយ​ម៉ាត់​ទៅ​មក​ៗ​​​​ដូច​គ្នា​នឹង​កីឡាករ​កម្ពុជា​ផងដែរ ​ដោយ​កម្រិត​នៃ​ការ​វាយ​លុក​​ទៅ​មក​​ៗ​របស់​ពួក​គេ​សឹង​នឹង​ញាប់​ដូច​ម៉ាស៊ីន​ដេរ​ ទើប​ធ្វើ​​ឲ្យ​អ្នក​ទស្សនា​​កាន់​តែ​ច្រើន​​​​​​​​​​មិន​​​ស្ដាយ​នឹង​ការ​ចំណាយ​​​​​​សំឡេង​ក្នុង​ការ​ស្រែក​​​​​​ហ៊ោកញ្ជ្រៀវ​។ ​បញ្ចប់​​ទឹក​ទី​១ ​អ្នក​ទាំងពីរ​​បាន​រំលេច​​​សកម្មភាព​ឌឺ​គ្នា​​ ដើម្បី​បង្ហាញ​ថា​​​ខ្លួន​​មិន​ខ្លាច​គ្នានិង​​​​​មិន​ឈឺ​ចំពោះ​​កណ្ដាប់​ដៃនិង​រន្ទះ​ជើង​​ដែល​បាន​វាយ​សន្ធាប់​ៗ​ទៅ​មក​ៗ​​ពេញ​មួយ​ទឹក​ទី​​១។

​ចូល​ដល់​ទឹក​ទី​​២ ​កា​រប្រកួត​​​​ទាំង​មូល​ឡើងកំដៅ​កើន​ទ្វេ ​ជា​មួយ​​​ការ​​​វាយ​​​ប្រដេញ​គ្នា​ទៅ​មក​​ៗ​​ធ្វើ​ឲ្យ​អ្នក​ទស្សនា​​​កាន់​តែ​ពេញ​ចិត្ត​។ ​គូនេះ​វាយ​ត្រាប់​តាម​​គ្នានិង​វាយ​សង​គ្នា​​មិន​ខុស​ពី​អ្នក​​​​​​​​ចង់​បង្អួត​សមត្ថភាព​និង​​​ភាព​ខ្លាំង​ក្លា​នោះ​ទេ ​​​ហើយ​ក៏មិន​ឲ្យ​ភាគី​ណា​ម្នាក់​​​លើស​​មួយដៃ​ឬ​មួយ​ជើង​នោះ​ដែរគឺ​​​​​​មួយ​ស្នៀតទៅ​មួយ​ស្នៀតមក​​​។ ​ចាប់​ពី​​ពាក់​កណ្ដាល​ទឹក​ទី​​២​មក ​អ្នក​ទាំង​ពីរ​បាន​ប្ដូរ​ទម្រង់​​​​​​​​ឈប់​ទាត់ ឈប់​វាយ​ម៉ាត់ ​ហើយ​​​​​​​​​ប្រែ​ជា​​​​​​​​ប្រើ​បច្ចេកទេស​វ័ធ​កែង​ដាក់​គ្នា​​ទៅ​វិញទៅ​មក​​ម្ដង ​​ដោយ​មួយ​កែង​របស់​អ្នកទំាង​ពីរគឺមិនមាន​មួយ​​កែង​ណា​ដែល​មិន​ត្រូវ​គោលដៅ​​​នោះ​ឡើយ​​។ ប៉ុន្តែ​​បែរ​ជា​​មិន​ធ្វើ​​ឲ្យ​អ្នក​ណា​ម្នាក់​ចុះ​ចាញ់​ឡើយគឺមាន​តែ​​រុល​ដើរ​ចូល ទើប​ធ្វើ​​ឲ្យ​​​​អ្នកទស្សនា​​​​​​​​​​​​​​​​​​​បន្ទរ​សំឡេង​​ឡើង​រញ្ជួយ​​​សង្វៀន​។

កីឡាករ​មាស ច័ន្ទ​មាន ត្រូវ​គេ​ឃើញ​​​​​​​​​​​​​​​​​ទប់​​​កម្លាំង​កែង​របស់​កីឡាករថៃ​​ស្ទើរ​នឹង​លែងចង់​បាន​ ​​​​​​​​ប៉ុន្តែ​គេក៏​នៅ​តែ​មាន​ជំហរ​តស៊ូនិង​បន្ត​​វ័ធ​កែង​​បន្ថែម​ទៀត ​ ​​​ដោយ​​មិន​ទម្លាក់ដៃ​ចុះ​មុន។ នៅ​ទី​បំផុត​កីឡាករ​​ថៃ​ដែល​​អ្នក​ណា​ក៏​មើលឃើញ​ថា​នៅ​រឹង​ជំហរ​​​​​បាន​ល្អ​ជាង​​​​កីឡាករ​កម្ពុជា បែរ​ជា​ទប់​​​មិន​ជាប់​មួយ​កែង​ចុង​ក្រោយ​របស់​​​​​​​ មាស ច័ន្ទ​មាន នៅត្រង់​សៀត​ផ្កា ហើយ​​​​​​សន្លប់​​ឈរតែម្ដង ដោយ​ទម្រាំ​ដួល​​​​​​ដេកលើ​រេញគឺ​​គេ​មាន​សភាព​វង្វេង​វង្វាន់​មួយ​ដង្ហើម​ធំ ​​​​ហើយ​ក៏​​ដួល​​​​​​​​​​​សន្លប់​ឈឹង​​​​ បើទោះ​ជា​មាន​ការ​ជួយ​សម្រួល​ពី​ក្រុម​គ្រូ​ពេទ្យ​​ក៏​​​​​យូរ​ក្នុង​ការ​ដឹង​ខ្លួន។

b5c05eff-b89b-4160-a2c3-6f70bc2a97b1
កីឡាករ​​​​​ខ្មែរ មាស ច័ន្ទមាន ទទួលបានជ័យជម្នះ

​កីឡាករ​មាស ច័ន្ទ​មាន ​​លោត​កញ្ឆេង​ចង់​ហោះ ​​​​នៅ​ពេល​ដឹង​ថា​កីឡាករ​ថៃ​​ដួល​ក្រោក​លែង​រួច ប៉ុន្តែ​​កីឡាករ​រូប​នេះ​ក៏​​ឈរ​មិន​ចង់​នឹង​​​ខ្លួនឯង​ផងដែរ ​ដោយ​សារ​តែប៉ុន្មាន​កែង​​​​​​ចុង​ក្រោយ​របស់​​​​កីឡាករ​ថៃ​ក៏​ត្រូវ​​​សៀត​ផ្កា​របស់​គេ​​​​​​​មិន​ធម្មតា។

គួ​រ​បញ្ជាក់​ផងដែរ​ថា ​មា​ស ច័ន្ទមាន ​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​ក្នុង​​ប្រភេទ​ទម្ងន់​៦៣,៥គីឡូក្រាម ដែល​ឆ្លង​កាត់​ការ​ប្រកួត​១២១លើក ​ឈ្នះ​​១០០​លើកនិងចាញ់​​​​​​២៥​លើក ​​​ក្នុង​ពេលដែល​​​​កីឡាករ​ថៃ ​ប្រកួត​​​១០០​លើក ឈ្នះ​៧៩លើក ចាញ់​​​១៧លើកនិងស្មើ​​៤​លើកនៅលើ​សង្វៀន​។ ថ្វី​ដ្បិតតែ​កីឡាករ​ថៃ​​​​​​Super Boy  ​មិន​​​មាន​ខ្សែ​ក្រវាត់​ ប៉ុន្តែ​គេ​ជា​កីឡាករ​អាជីព​របស់​ថៃ​ហើយ​មាន​​​​សមត្ថភាពគួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​សភាព​សន្លប់របស់គេ ត្រូវ​គេ​មើល​ឃើញ​ថា​បណ្ដាល​មក​ពី​​​​​​ភ្លាត់ស្នៀត​ប៉ុណ្ណោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ