ឪពុកម្តាយ​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង អំពាវនាវ​ឲ្យ​នាយករដ្ឋមន្រ្តីជួយកូនប្រុស​

ឪពុក​​របស់​លោក ស៊ុត ឌីណា គឺ​លោក ស៊ុត ប៉េងគុណ(រូបថតពីវីដេអូឃ្លីប​)

ឪពុកម្តាយ​របស់​ឯកអគ្គរាជទូតខ្មែរប្រចាំប្រ​ទេស​កូរ៉េខាងត្បូងដែលកំពុង​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​អំពើ​​ពុក​រលួយ​ ​​បាន​ចេញ​មុខសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជួយ​ឲ្យ​កូនប្រុស​​បាន​រួចខ្លួនពីការ​ចោទប្រ​​កាន់និង​អះអាងថា​កូន​របស់​គាត់មិន​បាន​ប្រ​ព្រឹត្តដូច​ការចោទប្រ​កាន់​នោះទេ​។

ឯកអគ្គរាជទូតខ្មែរប្រ​ចាំប្រ​ទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រ​ឆាំងអំពើពុក​រលួយ​ឃាត់​ខ្លួន​កាលពីព្រឹកថ្ងៃចន្ទ តាម​បណ្តឹង​របស់​ប្រជា​ពលរដ្ឋមួយ​ចំនួន​។ រហូត​មក​ដល់​ពេលនេះ អង្គភាព ​​មិន​ទា​ន់​ទម្លាយ​ថា​​ជា​អំពើ​ពុករលួយ​លើ​បញ្ហាអ្វីនោះទេ ហើយ​​លោក ស៊ុត ឌីណា នឹង​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ​​នៅ​​ពេលណានោះទេ​។​

នៅ​ក្នុង​វីដេអូឃ្លីបមួយ កំពុង​អង្គុយ​លើ​រទេះរុញខាងមុខ​ផ្ទះ​ឈើចាស់​មួយ​ខ្នង ឪពុក​​របស់​លោក ស៊ុត ឌីណា គឺ​លោក ស៊ុត ប៉េងគុណ ដែល​អះអាង​ថា​ជា​បុគ្គលិករដ្ឋសភាចូលនិវត្តន៍ ​ បាន​លើក​ឡើង​ថា​ លោកមិ​ន​ជឿ​ថាកូន​របស់​លោក​បាន​ប្រ​ព្រឹត្តអំពើពុក​រលួយនោះទេ ដោយ​លោកថាកូន​របស់​លោកគឺលោក ស៊ុត ឌីណា មិន​មែនជាមនុស្ស​មាន​ធនធានអ្វីនោះទេ។​ លោក​បាន​អំពាវនាវ​ឲ្យលោកលោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន ជួយ​ឲ្យ​កូន​របស់​លោកបាន​រួច​ខ្លួននិងមក​ជួបជុំ​គ្រួសារវិញ។

លោកមានប្រសាសន៍​ថា៖ “កូន​ខ្ញុំនេះមិនដែលបាន​លុយ​ឲ្យ​ខ្ញុំ​រាប់រយ រាប់ពាន់​ដុល្លារទេ មានតែខ្ញុំជាឪពុកម្តាយ​នេះ​ខំឆ្លៀត​បេះពីមាត់ពីកពីប្រាក់​បំណាច់ដែលរាជ​រដ្ឋា​ភិបាល រដ្ឋសភា​ឲ្យ​ខ្ញុំជាប្រាប់​ចូលនិវត្តន៍ ខ្ញុំទិញនេះ​ទិញ​​នោះឲ្យកូន​ខ្ញុំទទួលទានធ្វើម៉េចឲ្យបាន​គ្រប់មិនមែនបានប្រាក់​អីពីកូន​ទេទាន…សូម​ឲ្យ​សម្តេចមេត្តាជួយ​សន្តោ​សប្រោស​ប្រណី​អនុគ្រោះដល់​កូន​ខ្ញុំ ជាពិ​សេស​ជួយឲ្យ​កូន​ខ្ញុំបាន​រួចទោសចាប់បី​ថ្ងៃនេះតទៅណាស់​ម្តេចណា”

ក្នុងវីឌីអូឃ្លីបនោះ​ដែរ ម្តាយរបស់លោក ស៊ុត ឌីណា ដែល​មិន​បាន​ប្រាប់ឈ្មោះ ក៏បាន​អះអាងដែរថាកូន​របស់​​អ្នក​ស្រីបាន​ខិតខំបំពេញការងារនៅ​កូរ៉េដើម្បី​ជួយពល​ករខ្មែរនៅទីនោះ ដោយមិន​មាន​ទទួល​សំណូកនោះ​ទេ។ អ្នកស្រីនិយាយទាំងទឹកភ្នែកថាបើសិនជា​កូន​អ្នកស្រីបាន​ប្រព្រឹត្តអំពើពុករលួយ នោះ​​គ្រួសារអ្នក​ស្រីមិន​មានជីវភាពក្រីក្រ​ដូចសព្វថ្ងៃនេះទេ។ អ្នកស្រីបន្ថែមថា៖ “សូម​ឲ្យ​សម្តេចទាំងពីរជួយកូន​ខ្ញុំ​ផង ខ្ញុំគ្មាន​ពាក្យអ្វីវែងឆ្ងាយទេសូម​ឲ្យ​តែសម្តេចជួយកូន​ខ្ញុំ កូន​ខ្ញុំមិន​មែន​ពុករលួយទេ”

វីអូឌីមិន​អាចសុំ​ការ​បញ្ជាក់​ពី​ប្រ​ធាន​អង្គភាព​ប្រ​ឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បាន​នៅឡើយទេ ទាក់ទងនឹង​សំណុំ​​​រឿង​របស់លោក ស៊ុត ឌីណា ដោយ​ទូរស័ព្ទចូលច្រើន​ដងតែលោក​មិន​ទទួល។

គួរបញ្ជាក់​ថា​លោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។​

​​កាលពីថ្ងៃទី​១៤ ខែមីនា លោក ស៊ុត ឌីណា​ បានផ្ញើ​សារមួយតាមរយៈ​ហ្វេសប៊ុក​របស់​​នាយករដ្ឋមន្រ្តីមេត្តា​ពិនិត្យ​និងផ្តល់យុត្តិធម៌ដល់រូបលោក ដោយ​លោកថា​លោក​​កំពុង​ត្រូវបាន​គេ​មូលបង្កាច់​និង​មានចេតនា​ទម្លាក់​​​លោក​ចេញពីតំណែង​។​ ​លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”

លោក ស៊ុត ឌីណា ធ្លាប់​​ប្រាប់វីអូឌី​(VOD)​លោក​ចង់​ផ្ញើសារនេះទៅកាន់​មន្រ្តីពាក់​ព័ន្ធ​មួយ​ចំនួន​ដែល​លោក​ថា​ចង់​ឲ្យ​ចេះធ្វើការជាមួយបញ្ញវន្តនិង​តាមបរិបទនៃ​កំណែ​ទម្រង់ស៊ីជម្រៅ​​​។​ លោក​មានប្រសាសន៍ថា​៖ “ខ្ញុំសរសេរ​ហ្នឹង​ក្នុងន័យ​ចង់​ឲ្យ​មន្រ្តី​ដែល​មក​បុក​រុក​ហ្នឹង ដឹងឭ។ ចង់​ឲ្យ​មន្រ្តីមួយចំនួន​ពាក់​ព័ន្ធហ្នឹង​ចេះ​ធ្វើ​ការ​ជាមួយ​បញ្ញវ័ន្ត​ ក្នុងបរិបទកំណែ​ទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​លុបបំបាត់អំពើ​ពុក​រលួយ​ មន្រ្តី​អសកម្ម កុំឲ្យគាត់នាំ​គ្នា​បង្ក​បរិយាកាស​ធ្វើ​ឲ្យ​ពិបាក​”។ លោក​បដិសេធ​មិន​អត្ថាធិប្បាយលម្អិត​លើ​បញ្ហា​ដែល​​លោក​ជួបប្រទះ។

អ្នកវិភាគ​បញ្ហា​សង្គម លោក មាស នី យល់ថាវាជារឿងល្អដែលអង្គភាពប្រឆាំងអំពើពុករលួយបន្តអនុវត្តតួនាទីរបស់ខ្លួន តែលោកថាអង្គភាពមួយនេះគួរតែចាត់​វិធានការស៊ើបអង្កេតករណីបទល្មើសព្រៃឈើនិងចាប់ខ្លួនឈ្មួញ​ឈើខុសច្បាប់ផងដែរ។ លោកបន្ត​ថា​អង្គភាពមួយនេះហាក់មិនហ៊ានចាត់ការទៅលើបុគ្គលអ្នកមានអំណាចឬបុគ្គលដែលមានអ្នកមានអំណាចនៅពីក្រោយខ្នង។

លោកមានប្រសាសន៍ថា៖ អ៊ីចឹងខ្ញុំនៅតែមើលឃើញថាក្រុមប្រឆាំងអំពើពុករលួយនៅមានការរើសអើស មិនចាត់ការទូទៅ មិនផ្តល់យុត្តិធម៌ដល់មន្ដ្រីទូទៅ ហើយដូចជារឿងពីមុនយើងឃើញអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់សាកល្បងធ្វើលើក្រសួងមហាផ្ទៃ តែដ៏ក្រសួងមហាផ្ទៃគេប្រឆាំងខ្លាំងទៅស្ងាត់ដល់ថ្ងៃនេះទៅ”៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ