ព្រាប សុវត្ថិ ទៅ​ច្រៀងលក់​​សំបុត្រ​នៅ​កម្ពុជា​ក្រោម

លោក ព្រាប សុវត្ថិ នៅ​លើកឆាក​ប្រគំតន្ត្រី​នា​ពេល​កន្លង​មក (រូបភាព៖ វង្ស សុម៉ាលីន)

សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តារា​ចម្រៀង​​ល្បី​ឈ្មោះ​​លោក ​ព្រាប សុវត្ថិ នឹងដឹក​នាំ​ក្រុម​រាំ​អម​ដោយ​​​​អ្នក​​​រៀប​ចំ​​​​​សម្លៀក​​បំពាក់​ផ្ទាល់​ខ្លួនផង​​ប្រមាណ​​​​​​​​២០​នាក់ ចេញ​ទៅ​ច្រៀង​​នៅ​ប្រទេស​វៀតណាម ក្នុង​កម្មវិធី​តន្ត្រី​​លក់​សំបុត្រ​​​​​​ធំមួយដែល​រៀប​ចំ​នៅ​ខេត្ត​ព្រះ​​​ត្រពាំង​​​​​​ ដែន​ដី​​​​​​​​​​​ខ្មែរ​កម្ពុជា​ក្រោមក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​។ នេះ​ជា​​ការ​ចេញ​​ច្រៀង​​​​លើក​ទី​​១ ដែល​លោក​បាន​ជាន់​ទឹក​ដី​​​​​​​​​ដែលសម្បូរ​​​ដោយ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​​​ក្នុងប្រទេស​វៀតណាម ដោយ​​​​ក្រៅ​ពី​លោក​ក៏​មាន​​​តារា​ចម្រៀង​​​​​​​​ល្បី​ឈ្មោះ​ជា​ច្រើន​ទៀត​​​​​​​ទៅ​ជា​មួយ​ផងដែរ។

​លោក ​ព្រាប សុវត្ថិ បាន​ថ្លែង​ប្រាប់​​​​​VOD ថា ​​​​នៅថ្ងៃ​ទី​​១៣ ខែមេសា​ដ៏​ខ្លី​នេះ លោក​នឹង​​​​​​ចេញ​ទៅច្រៀង​​លក់​សំបុត្រ​ក្នុង​ខេត្ត​ត្រាវិញ ​អតីត​ខេត្ត​​ឈ្មោះ​​​​​ព្រះ​ត្រពាំង ​នៅក្នុង​​​​​​​​​​​​​​​ប្រទេស​វៀតណាម​​ដែល​មាន​​​បង​ប្អូន​ខ្មែរ​ភាគ​ច្រើន​រស់​នៅ​។ ​​លោក​ថា ​​​​​​​​គ្រាន់តែ​​​សមាជិក​ក្រុម​រាំ និង​​អ្នក​ចាត់​ចែង​​សកម្មភាព​ចេញ​ច្រៀង​របស់​លោក​មាន​ចំនួន​​មិន​​​​​​​​តិច​​​​ជាង​​២០​នាក់​នោះ​ទេ ដោយ​លោក​ថា ដោយ​សារ​តែ​លោក​ចង់​​ឲ្យ​ការ​សម្ដែង​របស់​ខ្លួន​មាន​ភាព​រស់​រវើក​​​​​​​​ក្នុង​​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។

​លោក​មាន​ប្រសាសន៍​​ថា​​៖ “​ការ​ពិត​កម្មវិធី​ហ្នឹង(កា​រប្រគំតន្ត្រី​លក់​សំបុត្រ​នៅ​​​​​​​​​​​វៀតណាម)​ ដូច​ជា​គេ​​ឧស្សាហ៍​ធ្វើ​ណាស់​ ប៉ុន្តែ​​កន្លង​​​មក​ចំ​តែ​បង​​​រវល់ ​​​​ទើប​អត់​ដែល​បាន​ទទួល។ ​ទើបតែ​ឆ្នាំ​នេះទេ​ដែល​​​​​​​អាច​​ឆ្លៀត​បាន ​​ក៏​សម្រេច​យក​​​​​ម៉ា​​​ក្រុម​​ប្រហែល​​២០​នាក់​ទៅ​ជា​មួយ​​តែម្ដង ហ្នឹង​តែ​​រាប់​តែ​ក្រុម​ផ្ទាល់ខ្លួន​​របស់បង​ទេ ​​ចំណែក​ខាង​​​​​គាត់​(អ្នក​រៀប​ចំ​)​​មាន​ច្រើន​ទៀត​​”​។ លោក​ថា ​​ហេតុ​ផល​ដែល​នាំ​​​​​​​​​​លោក​សម្រេច​ចិត្ត​​​​​​​​យក​ក្រុម​​រាំ និង​ក្រុ​ម​​​​​អ្ន​ក​រៀប​ចំ​សម្លៀក​​​ទៅ​ជា​មួយ​ច្រើន​បែបនេះ ​គឺ​មិន​មែន​ដោយ​សារ​តែ​បាន​ទទួល​តម្លៃ​ខ្ពស់​ណាស់​​ទើប​ហ៊ាន​ចំណាយ​នោះទេ ប៉ុន្តែ​មក​ពី​លោក​ក៏​ចង់​​នាំ​ក្រុម​ការងារ​​ដើរ​​​កម្សាន្ត​ផង ​​និង​​ចង់​​ឲ្យ​ការ​សម្ដែង​មាន​ភាព​​ល្អ​ឥត​ខ្ចោះ​ផង​ទើប​​សម្រេច​ចិត្ត​ចំណាយ​​​​​​​​​បន្ថែម​ផ្ទាល់​ខ្លួន​។

លោក ព្រាប សុវត្ថិ និង​ក្រុម​រាំ (រូបភាព៖ វង្ស សុម៉ាលីន)
លោក ព្រាប សុវត្ថិ និង​ក្រុម​រាំ (រូបភាព៖ វង្ស សុម៉ាលីន)

លើសពី​នេះ ​​លោក​​​​​​​​​​​បាន​ប្រកាស​មិន​ជិះ​យន្ត​ហោះ​​នោះទេ ដោយ​​សុខចិត្ត​​ធ្វើ​ដំណើរ​តាម​រថយន្ត​​​​​ជា​មួយ​ក្រុម​ការងារ និង​តារា​ផ្សេង​ទាំង​អស់​ដោយ​មិនខ្លាច​​ឈឺខ្លួន​​ផ្លូវ​ឆ្ងាយ​នោះ​ផង ដោយ​លោក​ថា​ដើម្បី​បានមើល​ទិដ្ឋភាព​របស់​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម​។ លោក​បន្ថែម​ថា៖ “​​​​​ការ​​ចេញ​ច្រៀង​ហ្នឹង គេគិត​​ឲ្យ​យើង​​​​​​​ជា​ថ្ងៃ​ៗ ​ហើយ​បើ​តាម​ការ​ជជែក​គ្នា កម្មវិធីលក់​សំបុត្រ​​ហ្នឹង​គេ​ធ្វើ​​តែ​​​២​យប់​ទេ គឺ​​​យប់​ថ្ងៃ​ទី​​១៤ និង​​​ថ្ងៃ​​​១៥(ខែមេសា) ចំ​ថ្ងៃចូល​ឆ្នាំ គឺ អត់​មាន​ត​អីទៀត​ទេ ​ប៉ុន្តែ​​​បាន​​​គេ​ថែម​​​​​​​​​មាន​អី​បាន​​លុយ​ច្រើន​តើ​(សើច)​”

លោក​បដិសេធ​បង្ហើប​ឲ្យ​ដឹង​​​ពី​តម្លៃ​ខ្លួន ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​​​​គេ​សុទ្ធ​តែ​ដឹងថា​​​​​លោក ​ព្រាប សុវត្ថិ ​​មាន​តម្លៃ​​ខ្លួន​​​​​​យ៉ាង​ហោច​​​​៣ពាន់​ដុល្លារសម្រាប់​មួយ​កម្មវិធី។ អ៊ីចឹង​ហើយ​ទើប​គេ​ជឿជាក់​ថា​ លោក​ពិត​ជា​ទទួលបាន​​​តម្លៃ​ខ្ពស់​ជាង​នេះ ​ទើប​លោក​សុខចិត្ត​​​ដឹក​នាំ​ក្រុម​រាំ និង​​​ក្រុម​​​​ការងារ​​​​​រហូត​ដល់​​២០​នាក់ ដោយ​ចំណាយ​​​​​​​​​​​​​​​​​​​​​​​លើ​ប្រាក់​ចំណូល​របស់​ខ្លួន​។

លោក​ ព្រាប សុវត្ថិ ប្រាប់​​ថា ​​បទថ្មី​ៗ​​ជា​ច្រើន​ ដូច​ជា​បទ ​​​«​​យក្ស​រាំធុង​បាស» បទ​«​​​​​សារ៉ាវ៉ាន់ វង្វេង​ទិស» ​និង​បទ «កន្តុំអឺត» ដែល​​សុទ្ធ​តែ​ជា​បទ​​​​ល្បី​​​ឆ្នាំ​នេះ និងបទ​ល្បី​​កាល​ពីអតីត​កាល​​យក​ទៅ​ច្រៀង​នៅ​ក្នុង​កម្មវិធី​នោះ។

​​យោង​តាម​តារាង​កម្មវិធី​​​​តារា​ដែល​មាន​វត្តមាន​ចេញ​ទៅច្រៀង​​​នៅ​ក្នុង​​​វេទិកា​​​រួម​គ្នា​ជា​មួយ​លោក​ព្រាប សុវត្ថិ នៅ​​២​យប់​នោះ​រួម​មាន​​ ​អ្នក​នាង ​ម៉េង កែវពេជ្ជតា ​​​លោក​​​ វង្ស តារា​​​​រតនា ម្ចាស់​បទ​​​​​​​​ស៊ូ​ឃ្លាត លោក​ វី ជីវ័ន្ត និង​តារា​ជាច្រើន​រូប​ទៀត អម​ដោយ​​​​​វង់​​ភ្លេង​​របស់​លោក​ រ៉េតធី ដូណា។

រូបភាពផ្សព្វផ្សាយ​កម្មវិធី​ប្រគំតន្ត្រី​នៅ​ទឹកដី​កម្ពុជា​ក្រោម (រូប​​ពីហ្វេសប៊ុក វីជីវ័ន្ត)
រូបភាពផ្សព្វផ្សាយ​កម្មវិធី​ប្រគំតន្ត្រី​នៅ​ទឹកដី​កម្ពុជា​ក្រោម (រូប​​ពីហ្វេសប៊ុក វីជីវ័ន្ត)

ចំណែក​​​​លោក ​​​​​ណូយ វ៉ាន់​ណេត ដែល​​​​​​ឧស្សាហ៍ចេញ​ទៅ​ច្រៀង​​ក្នុង​កម្មវិធី​​​​នេះ​កន្លងមក បាន​​ប្រាប់​VOD ថា រាល់​​បទចម្រៀង​​របស់​តារា​ខ្មែរ​​ដែល​​​​​​​​ត្រូវចេញ​​ច្រៀង ត្រូវ​បានអាជ្ញាធរ​វៀតណាម​​​ទាម​ទារ​ឲ្យ​អ្នក​រៀប​ចំ​​យក​ទៅ​ឆ្លង​ពី​ខ្លឹមសារ និង​អត្ថបទ​​​​​​​​​​​​​​​​​​​យ៉ាង​ម៉ត់​ចត់ ដោយ​​មិនអនុញ្ញាត​ឲ្យ​​យក​បទ​ចម្រៀងណា​មួយ​​ដែល​មាន​អត្ថន័យ​បញ្ឆេះ​​​​ទឹក​ចិត្ត​បង​ប្អូន​ខ្មែរ​នៅ​កម្ពុជា​ក្រោម​​ឲ្យ​មាន​គំនិត​​រើប​បំរះ​ជា​មួយ​​​​​​​​​អាជ្ញាធរជា​ដាច់ខាត​។ លោក​ថា​​ បង​ប្អូន​ខ្មែរ​រស់​នៅ​ប្រទេស​វៀតណាម​​ ជា​ពិសេស​គឺខេត្ត​ព្រះ​ត្រពាំង ចូល​ចិត្ត​​​​​​ការ​សម្ដែង​​របស់​តារា​ខ្មែរ​​ណាស់ ដោយ​លោក​ថា ក្នុង​ទីលាន​ដែល​ហ៊ុម​​ព័ទ្ធដោយ​របងបិទជិត​​​ធំប៉ុណ្ណា ក៏​​មិន​ខ្វះ​អ្នក​ទិញ​សំបុត្រ​​​​​​ចូល​ទស្សនា​នោះ​ដែរ។

លោក​ ណូយ វ៉ាន់ណេត ដែល​នឹងខកខាន​មិន​បាន​ចេញ​ទៅ​សម្ដែង​ក្នុង​ឆ្នាំ​នេះ បាន​រៀបរាប់​បន្ថែម​ថា ​ការ​សម្ដែង​​របស់​​តារា​ខ្មែរ​​​​​កន្លង​មក គឺមាន​អ្នក​​ទិញ​សំបុត្រ​ចូល​ទស្សនា​​រហូត​ដល់​រាប់​ពាន់​​​នាក់​ក្នុង​មួយ​យប់ ដោយ​​​ពួក​គេ​ក៏​មាន​សកម្មភាព​​រាំ​រែក និង​​ឱប​រឹត​​​តារា​​ទៅ​ច្រៀង​​សឹង​តែ​លើស​ពី​​អ្នក​​​​គាំទ្រ​​តារា​នៅ​ក្នុង​ស្រុកទៅទៀត​។ អ៊ីចឹង​ហើយ​ទើប​មាន​ការ​ប៉ាន់​ស្មាន​ថា​វត្តមាន​របស់​លោក ​ព្រាប សុវត្ថិ ​និង​​​អ្នក​នាង ​ម៉េង កែវពេជ្ជតា ​នៅ​ថ្ងៃ​ទី​​​​១៤ និង​​១៥ មេសា​ ខាង​មុខ ពិត​ជា​ធ្វើ​​ឲ្យ​​កក្រើក​នៅ​​ទឹក​ដី​កម្ពុជា​ក្រោម ដោយ​សា​រ​តែ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ និង​តារា​ទាំង​នោះសុទ្ធ​តែ​​​​​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ