ក្រសួង​បញ្ជូនកូន​ប្រសារលោក សុខ អាន ទៅ​បំពេញ​ការងារ​ជំនួស​លោក ស៊ុត ឌីណា

ក្រសួង​ការបរទេស​បញ្ជូន​មន្ត្រី​មួយ​រូប​របស់​ខ្លួនគឺ​​លោក  ហុង បញ្ញារិទ្ធ ដែលត្រូវ​​ជា​កូន​ប្រសារ​លោក សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ទៅ​កាន់​ការងារ​​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងបណ្ដោះ​អាសន្ន ជំនួស​អតីត​​ឯកអគ្គរាជទូត​លោក ស៊ុត ឌីណា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ដើម​សប្ដាហ៍​នេះ​​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ លោក ជុំ សន្ទរី ​បាន​ឲ្យ​វីអូឌី​ដឹង​ថា ក្រសួង​បាន​បញ្ជូន​លោក ហុង បញ្ញារិទ្ធ​ ឲ្យ​ទៅ​កាន់ការងារ​បណ្ដោះអាសន្ន​នៅ​ប្រទេស​កូរ៉េខាង​ត្បូង ភ្លាម​ៗ​ក្រោយ​​ពី​មាន​ការឃុំ​ខ្លួន​លោក ស៊ុត ឌីណា តែ​លោក​ពុំ​អាច​បញ្ជាក់​ថ្ងៃ​ច្បាស់​នោះ​ទេ​។

ទោះយ៉ាងណា លោក ជុំ សន្ទរី បញ្ជាក់​ថា ក្រសួង​មិន​ទាន់​តែងតាំង​មុខងារ​ផ្លូវ​ការ​ណាមួយ​ដល់​លោក ហុង បញ្ញារិទ្ធ នៅ​ឡើយ​ទេ​។ លោកបន្ត​ថា ក្រសួង​កំពុង​ពិចារណា​រក​មន្ត្រី​ដើម្បី​ទៅ​កាន់​តំណែង​ជា​ឯកអគ្គរាជទូតថ្មី​​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ពេល​ឆាប់ៗ​ ដោយ​លោក​ពុំ​ទាន់​អាច​បញ្ជាក់​ថ្ងៃ​ជាក់លាក់​នោះ​ទេ​។

លោក​មាន​ប្រសាសន៍​ថា​៖ “​គាត់​គ្រាន់​តែជា មិន​ទាន់​មាន​ការ​តែងតាំងមុខងារ​អី​ជា​ផ្លូវ​ការ​ទេ​បាទ​! គ្រាន់​តែ​ជា​ការបញ្ជូន ព្រោះ​សភាព​ការណ៍​យើង​បន្ទាន់​ភ្លាមគឺ​យើង​បាន​បញ្ជូន​ … ហើយ​បច្ចុប្បន្ន​ហ្នឹង​គឺ​ថ្នាក់​ដឹកនាំ​យើង​កំពុង​តែ​ពិនិត្យ​ពិចារណា​អំពី​ការ​តែងតាំង​ឥស្សរជន​ទៅ​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​​កូរ៉េខាង​ត្បូង​ហ្នឹង​”​

បើ​តាម​លោក ជុំ សន្ទរី លោក ហុង បញ្ញារិទ្ធ គឺ​ជា​ទីប្រឹក្សា​របស់​អតីត​រដ្ឋមន្ត្រីការបរទេស​លោក ហោ ណាំហុង ដែល​ទើប​បញ្ចប់​ពី​តំណែង​។ លោក ហុង បញ្ញារិទ្ធ ក៏ជា​អតីត​អគ្គាធិការនៃ​អគ្គាធិការដ្ឋានក្រសួងការបរទេស និង​សហ​​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជាផងដែរ​។

គួរបញ្ជាក់ថា លោក ហុង បញ្ញារិទ្ធ បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​កូនស្រី​ទោល​របស់លោក សុខ អាន គឺ​លោកស្រី សុខ សុម៉ា​។

យោងតាម​គេហទំព័រ​របស់​ក្រុមហ៊ុន មេធាវី អេចប៊ីអេស (HBS Law) លោក ហុង បញ្ញារិទ្ធ គឺ​ជា​ប្រធាន​ក្រុមហ៊ុន​នេះ ហើយ​លោក​ក៏​ធ្លាប់​ជា​ជំនួយ​ការ​ផ្ទាល់​របស់​លោក សុខ អាន ដែល​ត្រូវ​ជា​ឪពុក​ក្មេក​ផងដែរ​។ ក្រៅ​ពី​នោះ លោក​ក៏​ជា​ប្រធាន​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ក្នុង​វិស័យ​សំណង់ សេវាកម្ម​ព័ត៌មាន​វិទ្យា និង​ទេសចរណ៍​។

គួររំឭកផងដែរ​ថា អតីត​​ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាង​ត្រូង ​លោក លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាពប្រឆាំង​អំពើពុករលួយ​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ និង​បញ្ជូនខ្លួន​ទៅ​កាន់​តុលាការ​កាល​ពី​ម្សិលមិញ​។ លោក​ត្រូវ​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ ដោយ​ត្រូវ​ចោទ​ប្រកាន់​ចំនួន​២​បទល្មើសគឺកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងរំលោភអំណាចដោយមានប្រសិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ