​លោក ហ៊ុន សែន ថា​នឹង​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ធ្វើ​ផ្សារ​ស្ទឹងត្រែង​ឡើងវិញ​ក្រោយ​ពី​អគ្គិភ័យ​ឆេះ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

​លោក ហ៊ុន សែន ប្រកាសថា លោក​ធានាចេញ​លុយ​ផ្ទាល់ខ្លួនសម្រាប់​ធ្វើ​ផ្សារ​មួយ​កន្លែង​នៅ​ខេត្តស្ទឹងត្រែង​ឡើងវិញ ក្រោយពី​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​នោះ ឆេះ​តូប​អាជីវករ​អស់​ជាង​១​ពាន់​តូបនៅ​សប្តាហ៍​នេះ​។​

​ក្នុង​កម្មវិធី​មួយ​នៅវិមានសន្តិភាព ​ថ្ងៃ​ទី​១០​ខែ​មេសា​នេះ លោក ហ៊ុន សែន ថ្លែងថា លោក​បាន​បញ្ជា​ទៅ​អភិបាលខេត្ត និង​អគ្គបញ្ជាការរង​កងទ័ព និង​ជា​មេបញ្ជាការ​កង​វិស្វកម្ម ឲ្យ​បញ្ជូន​កម្លាំង​ចុះសិក្សាដើម្បី​សាងសង់​ផ្សារ​នោះ​ឡើងវិញ​។​

​លោក ហ៊ុន សែន បញ្ជាក់ថា ការសាងសង់​ផ្សារ​និង​ធ្វើ​តូប​អាជីវករ​ឡើងវិញ​នោះ អស់​ថវិកាប៉ុន្មាន​លោក សុខចិត្ត​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​។

​លោក​ថា​៖“​ឆេះ​ផ្សារ​នៅ​ខេត្ត​ស្ទឹងត្រែង ខ្ញុំ​ប៉ាវ​ធ្វើ​ផ្សារ យើង​ធ្វើ​រួច​ហើយ​អត់​មាន​អ្នកវិនិយោគ​ទៅ​យក​លុយ​ពី​គាត់​ទេ ធ្វើឲ្យ​គាត់ល​ក់​ដោយ​មិន​មាន​ការ​បង់ថ្លៃ​ឈ្នួល ឬ​ក៏​គិត​ថ្លៃ​តូប​ទេ សូម​តែ​គាត់​បង់ពន្ធ តាមច្បាប់​របស់​រដ្ឋ ប៉ុន្តែ​រឿង​ថ្លៃ​តូប​ដែល​គាត់​ធ្លាប់ជួល ឬ​ថ្លៃ​តូប​ដែល​គាត់​ធ្លាប់​ទិញ គឺ​អត់​ត្រូវ​បង់លុយ​ទេ ព្រោះ​លុយ​ខ្ញុំ​ជា​អ្នកចេញ​”​។​

​កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្សារ​មួយកន្លែង នៅ​ខេត្ត​ស្ទឹងត្រែង។​ ក្រោយ​ឆាបឆេះ​សមត្ថកិច្ច​អះអាង​ថា​ តូប​លក់ដូររបស់​អាជីវករ​ជាង​១២០០​តូប នៅក្នុង​ផ្សារ​នោះ ត្រូវ​អគ្គិភ័យ​ឆាបឆេះ អស់​ទាំងស្រុង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ