តុលាការ​នឹង​បន្ត​សាកសួរ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន នៅ​ថ្ងៃ​ស្អែក​

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន

តុលាការ​រាជធានី​ភ្នំពេញ​នៅ​មិនទាន់ធ្វើ​ការ​ចោទ​ប្រកាន់លើ​​តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន នៅឡើយ​ទេ ដោយ​តុលាការ​នឹង​បន្ត​ធ្វើ​ការ​សាកសួរ​ទៀត​នៅ​ព្រឹក​ថ្ងៃ​ស្អែក​។

មេធាវី​ការពារក្ដី​ឲ្យ​លោក អ៊ុំ សំអាន គឺ​លោក​ ជូង ជូងី បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ពេល​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃ​ចន្ទ​នេះ​ថា បន្ទាប់​ពី​ការសាកសួរ​អស់​រយៈ​ពេល​ជាង​៣ម៉ោង តុលាការ​​មិន​ទាន់សម្រេច​ចោទប្រកាន់​លើ​លោក អ៊ុំ សំអាន នោះទេ ដោយ​លោក​ថា តុលាការ​នឹង​ធ្វើ​ ​ការ​សាកសួរ​បន្ត​ទៀត​នៅ​ថ្ងៃអង្គារ​​ស្អែក​វេលា​ម៉ោង​៧​ព្រឹក​។

បើ​តាម​ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃ​ក្រសួងមហាផ្ទៃ លោក អ៊ី សុខឃី បាន​ឲ្យ​ដឹង​ថា លោក អ៊ុំ សំអាន នឹង​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ក្រសួង​មហាផ្ទៃ​។

លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។

នៅ​ថ្ងៃ​ចន្ទ​នេះ នាយក​ដ្ឋាន​ប្រឆាំងភេរវកម្មនៃ​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ការ​សាកសួរលោក អ៊ុំ សំអាន អស់​រយៈ​ពេល​ជាង​៧​ម៉ោង ដោយបាន​សម្រេច​​ចោទ​ប្រកាន់លោក​ថាបាន​​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម រួច​​បញ្ជូន​ករណីនេះទៅ​តុលាការ។​

លោក អ៊ុំ សំអាន បាន​ប្រាប់អ្នក​សារព័ត៌មាន​ក្រោយពេលបញ្ចប់ការសាកសួរនៅ​ក្រសួង​មហាផ្ទៃ​ថា​ នេះ​ជារឿងអយុត្តិធម៌សម្រាប់រូបលោក។ លោក​បន្ត​ថា​លោក​មិន​ស្តាយក្រោយនោះទេ ដែល​មក​កម្ពុ​ជា​ ហើយ​​ត្រូវបានចាប់ខ្លួន។

មុនពេលចាប់ខ្លួន លោក អ៊ុំ សំអាន ប្រាប់វីអូឌីថាលោកមិនភ័យខ្លាចនឹងការចាប់ខ្លួននោះទេ។ កន្លងទៅ រដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងនិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ លោក អ៊ុំ សំអាន ត្រូវបានលើកឡើងថាជាមនុស្សម្នាក់អាចរដ្ឋាភិបាលចាត់វិធានការ។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ចាត់ទុកការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំងនេះជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញ។ លោកមានប្រសាសន៍ថា៖ “គាត់មានអភ័យឯកសិទ្ធិ គាត់នៅជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិខេត្តសៀមរាប ហើយឥឡូវគណបក្សកាន់អំណាច គេចាប់ខ្លួនគាត់ អាហ្នឹងជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត”​

លោកចាត់ទុកការចាប់ខ្លួនលោក អ៊ុំ សំអាន ជាការព្រមានដល់សេរីភាពនៃការបញ្ចេញមតិលើបញ្ហាព្រំដែន។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ប្រាប់វីអូឌីថា ការចាប់ខ្លួនតំណាងរាស្រ្តបានលុះត្រាតែមានបទល្មើសជាក់ស្តែង។ លោកបានប្រៀបធៀបករណីលោក អ៊ុំ សំអាន ទៅនឹងករណីលោក ហុង សុខហួរ ដែលត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ឯកសារក្លែងក្លាយ ទាក់ទងនឹងសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម។ លោកបញ្ជាក់ថា៖ “អាហ្នឹងវាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង”

ចំណែក​ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់ពីមូលហេតុនៃការចាប់ខ្លួនលោក អ៊ុំ សំអាន ដោយ​សារ​​លោក​​ក៏មានសញ្ជាតិអាមេរិកផងដែរ។​

អ្នកនាំពាក្យរងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Woods Courtney ប្រាប់វីអូឌី​តាមរយៈ​អ៊ីម៉េល​ថា ក្រសួងការបរទសអាមេរិកមាន​កាតព្វកិច្ច​ផ្តល់ជំនួយដល់​ប្រជាពលរដ្ឋសញ្ជាតិអាមេរិកនៅ​ក្រៅប្រទេស​យ៉ាងយកចិត្ត​ទុកដាក់។ លោកមានប្រសាសន៍ថា៖ “យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យពន្យល់ពីការចោទប្រកាន់ប្រឆាំងលោក អ៊ុំ សំអាន។ ក្រសួងការបរទេសអាមេរិកមានតួនាទីជួយដល់ប្រជាពលរដ្ឋសញ្ជាតិ​អាមេរិក​នៅក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់។ យើងត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់សេវាផ្នែក​កុងស៊ុលគ្រប់កាលៈទេសៈ”

គួរបញ្ជាក់ថា​ក្នុង​ឆ្នាំ​២០០៤ លោក អ៊ុំ សំអាន ​បាន​សុំ​​សិទ្ធិ​ជ្រកកោន​ផ្នែក​​នយោបាយ​នៅ​សហរដ្ឋអាមេរិកដែល​ជា​កន្លែង​​លោក​បាន​បន្តការ​សិក្សា​​ថ្នាក់អនុបណ្ឌិត​​ផ្នែក​​គ្រប់គ្រងនិង​បណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ តាមរយៈ​ការ​ផ្តល់ជំនួយ​ដោយ​រដ្ឋាភិបាល​អាមេ​រិក នៅពេល​ដែល​​ស្ថាន​ភាព​នយោបាយ​ក្នុង​ប្រទេ​សកម្ពុជា​​មិន​សូវល្អ។ ​រស់នៅសហរដ្ឋអាមេរិក​​អស់​រយៈ​ពេលជាង​​៨ឆ្នាំ​ លោក អ៊ុំ សំអាន ​ទើ​បតែ​ទទួល​បាន​សញ្ជាតិ​អាមេរិក​ កាល​​ពីចុងឆ្នាំ​២០១២។​ បន្ទាប់​ពី​រស់នៅ​សហរដ្ឋអាមេរិក​អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ លោក​ អ៊ុំ សំអាន បាន​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជាវិញ ហើយ​ក្នុង​​ឆ្នាំ​២០១៣ លោក​បាន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​មណ្ឌលខេត្ត​សៀមរាប​ហើយ​លោក​ក៏មាន​ឱកាស​ជាប់​ជា​តំណាងរាស្រ្ត​មួយ​រូប​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ