រដ្ឋាភិបាលបង្កើតក្រុមការងារសិក្សាការអភិវឌ្ឍរួមគ្នាលើដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ

រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារមួយដែលក្រុមការងារនេះនឹងផ្តោតលើកិច្ចការអភិវឌ្ឍន៍រួមគ្នានៅ ក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា(OCA)។

នៅក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី២៤ ខែកុម្ភៈ ហើយវីអូឌីទើបតែទទួលបាន រដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារមួយ ដែលមានសមាជិក១២រូបនិងមានរដ្ឋលេខាធិការក្រសួងការពារជាតិ លោក នាង ផាត ជា​ប្រធាននិងរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល លោក សុខ ខាវ៉ាន់ ជាអនុប្រធាន។

បើតាមសេចក្តីសម្រេចនោះ ក្រុមការងារនេះមានភារកិច្ចពិភាក្សានិងសិក្សានូវរាល់គំរូស្តីពីការអភិវឌ្ឍរួមគ្នា របស់​បណ្តាប្រទេសមួយចំនួនដែលបានអនុវត្តប្រកបដោយជោគជ័យ ហើយសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍នានាក្នុងករណីចាំបាច់។ ក្រុមការងារនេះនឹងធ្វើសេចក្តីរាយការណ៍ពីសកម្ម​ភាពការងាររបស់ខ្លួនជូនអនុគណៈកម្មាធិការបច្ចេកទេសចម្រុះនៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា កម្ពុជា-ថៃនិងគណៈកម្មាធិការបច្ចេកទេសចម្រុះទទួលបន្ទុកការកំណត់ព្រំដែននិងការអភិវឌ្ឍរួមគ្នាលើធនធា​​ន​ប្រេងកាតនៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា កម្ពុជា-ថៃ ដើម្បីជាមូលដ្ឋានក្នុងការពិចារណានិងលើកសំណើជូនថ្នាក់ដឹកនាំកំពូលពិនិត្យសម្រេច។

សិទ្ធិអភិវឌ្ឍន៍រួម​នៅតាមព្រំដែនកម្ពុជានិងថៃ នៅក្នុងឈូងសមុទ្រថៃ មានទំហំប្រមាណ២៦០០០គីឡូ​ម៉ែត្រការ៉េ ដែលប្រទេស​ទាំងពីរ​បាន​ទាមទារយកតំបន់នេះ តាំង​ពី​ដើមទសវត្សរ៍ឆ្នាំ​១៩៧០។ តំបន់​ត្រួតគ្នានេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថាមាន​ប្រេងនិង​ឧស្ម័ន​រហូត​ដល់៥០០ លាន​បារ៉ែល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ