គណបក្សប្រឆាំងអំពាវនាវ​ឲ្យ​ដោះលែងតំណាងរាស្រ្ត​ អ៊ុំ សំអាន​

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ពេលត្រូវបាន​បញ្ជូន​មកក្រសួងមហាផ្ទៃ(រូបថតពីបណ្តាញសង្គមហ្វេសប៊ុក​)

គណបក្ស​សង្គ្រោះជាតិ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាងរាស្រ្ត​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ដោយ​បាន​ថ្កោល​ទោសនិង​ចាត់ទុក​ការចាប់ខ្លួននេះ​​​​បំពាន​“យ៉ាងធ្ងន់ធ្ងរ”លើ​អភ័យ​ឯកសិទ្ធិអ្នក​តំណា​ង​រាស្ត្រ​។

នៅ​ក្នុងសេចក្តីថ្លែងការណ៍មួយ​ចេញ​ផ្សាយនៅ​ព្រឹកថ្ងៃចន្ទនេះ គណបក្ស​ប្រឆាំង​បាន​ថ្កោល​ទោស​“យ៉ាងដាច់​​អហង្កា” ចំពោះ​ការចាប់​ខ្លួន​លោក អ៊ុំ សំអាន កាលពី​យប់​រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​​២០១៦។ ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល គណបក្សប្រ​ឆាំងមួយនេះ​បាន​លើក​យក​មាត្រា៨០នៃរដ្ឋធម្ម​នុញ្ញ​​ដែល​ចែងថាតំណាងរាស្ត្រមាន​អភ័យ​ឯកសិទ្ធិ តំណាងរាស្រ្តមិនអាចត្រូវចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយសារការសម្តែងមតិឬបញ្ចេញមតិនោះឡើយ។

បើតាម​សេចក្តី​ថ្លែងការណ៍នោះ គណបក្ស​សង្គ្រោះជាតិទាម​ទារឲ្យ​អាជ្ញាធរ​ដោះ​លែង លោក អ៊ុំ សំអាន ជាបន្ទាន់​។ គណបក្សប្រ​ឆាំងសរសេរទៀតថា៖ “សូម​រាជរដ្ឋា​ភិបាលនិងអាជ្ញាធររដ្ឋគ្រប់លំដាប់​ថ្នាក់ អនុវត្តតួនាទី ភារកិច្ចរបស់​ខ្លួន​ដោយ​អនុលោមតាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ ចៀសវាងការប្រ​ព្រឹត្តអំពើរំលោភបំពាន​ដែលផ្ទុយពី​គោលការណ៍នៃនីតិរដ្ឋ”

អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យឹម សុវណ្ណ ចាត់ទុកការចាប់ខ្លួន​លោក អ៊ុំ សំអាន ជា​ការព្រមាន​ដល់​សេរីភាពនៃ​ការ​បញ្ចេញមតិលើ​បញ្ហាព្រំដែន។ លោក​មានប្រសាសន៍ថា៖ “​ខ្ញុំជឿថា​ទង្វើទាក់ទង​នឹ​ងរឿង​ទឹកដីនេះ គឺជាទង្វើស្នេហាជាតិ ជាឧត្តមគិតរបស់ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ  គឺជាកាតព្វកិច្ច​ដែល​អ្នកតំណាងរាស្រ្តត្រូវតែ​បញ្ចេញមតិ ខ្ញុំយល់​ឃើញ​ថា​ការចាប់ខ្លួននេះ​ធ្វើ​ឲ្យអ្នកដែល​គិត​គូរឿងបញ្ហាព្រំដែនមានការភ័យខ្លាច កាលណាតែប្រជា​​ពលរដ្ឋមាន​ការភ័យខ្លាច ប្រជា​ពលរដ្ឋនឹងមិនហ៊ានបញ្ចេញមតិ(ទាក់ទង​នឹង​បញ្ហា​ព្រំដែន)​”។​

ទោះយ៉ាងណា អ្នក​នាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រ​សាសន៍ថាការចាប់​ខ្លួន​លោ​ក អ៊ុំ សំអាន នេះ​គឺផ្អែកទៅលើបទល្មើសជាក់​ស្តែង។ លោកបន្ថែមថា៖ “ឯក​ឧត្តម​ អ៊ុំ សំអាន ប្រ​ព្រឹត្តអំ​ពើ​ល្មើស​ចាក់​ស្តែង ដូច​ឯក​ឧត្តម ហុង សុខហួរ(អតីតសមាជិកព្រឹទ្ធសភា​របស់គណបក្ស​ សម រង្ស៊ី​) អ៊ីចឹង អាហ្នឹង​ត្រូវមាន​វិធានការជាក់ស្តែងហើយ”

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី​ថា​ការចាប់ខ្លួន​តំណាងរាស្រ្តបានលុះត្រាតែមាន​បទល្មើសជាក់ស្តែង។ លោក​បាន​ប្រៀបធៀបករណី​លោក អ៊ុំ សំអាន ទៅនឹង​ករណី​លោក ហុង សុខហួរ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​រឿង​ប្រើប្រាស់ឯក​សារ​ក្លែងក្លាយ ទាក់ទង​នឹង​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀតណាម។​ លោក​បញ្ជាក់​ថា៖ “អាហ្នឹង​វាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង”។​ លោក​បន្ថែម​ថា​អ្វីៗអាស្រ័យ​លើ​តុលាការ​។​

គួរបញ្ជាក់ថា លោក អ៊ុំ សំអាន បាន​វិល​ត្រឡប់​ពី​អាមេរិកមក​កម្ពុជា​វិញនៅព្រឹក​ថ្ងៃអាទិត្យ ​​បន្ទាប់ពី​លោក​បាន​ចាកចេញ​ពី​កម្ពុជាជាង៧ខែ។ លោ​កត្រូវបាន​សមត្ថកិច្ចចាប់ខ្លួននៅ​ខេត្តសៀមរាបនិងបាន​បញ្ជូនខ្លួន​មក​សាកសួរ​នៅ​ក្រ​សួង​មហាផ្ទៃនៅ​ព្រឹកនេះ ពាក់ព័ន្ធនឹងបទចោទថាបាន​​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ