តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នលើតំណាងរាស្ត្របក្សប្រឆាំង

សាលាដំបូង​រាជធានីភ្នំពេញ​នៅថ្ងៃអង្គារនេះបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើតំណាង​រាស្ត្រគណបក្ស​ប្រឆំាង​ដែលស​កម្ម​រឿង​ព្រំដែន​កម្ពុជា-វៀតណាម​ ដោយចោទប្រកាន់ចំនួនពីរល្មើស​។​

លោក ជួង ជុងឺ មេធាវីការពារក្តីឲ្យ​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន ថ្លែង​ប្រាប់អ្នក​យកព័ត៌មានបន្ទាប់ពីតុលាការបញ្ចប់ការ​សាកសួរ​នៅថ្ងៃនេះថា ចៅក្រមលោក តុប ឈុនហេង បាន​សម្រេចឲ្យ​លោក អ៊ុំ សំអាន ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ (បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម)​ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​តាម​មាត្រា​៤៩៥និង​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញកាលពីអំឡុង​ឆ្នាំ​២០១៥និង​រហូតដល់ថ្ងៃទី​១០ខែមេសាឆ្នាំ​២០១៦។

លោក ជួង ជុងឺ យល់​ថាតុលាការចោទប្រកាន់កូនក្តីលោកធ្វើដោយ​រំលោភច្បាប់​។ លោកបន្តថា៖ ខ្ញុំយល់ថាវាខុស​ទៅនឹង​រដ្ឋធម្មនុញ្ញមាត្រា​៨០ ពីព្រោះគាត់នៅមានអភ័យឯកសិទ្ធិនៅឡើយ បែរជាតំណាងអយ្យការចោទប្រកាន់គាត់ ហើយ​ចៅក្រមស៊ើប​សួរ​សម្រេច​ឃុំខ្លួន​គាត់បានន័យថាចោទប្រកាន់និង​ឃុំខ្លួន​តំណាង​រាស្ត្រដែលមានអភ័យឯកសិទ្ធិ

លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែនត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យក្នុងខេត្តសៀមរាប ដោយរដ្ឋាភិបាលចោទថាតំណាងរាស្ត្ររូបនេះរិះគន់រដ្ឋាភិបាលថាប្រើប្រាស់ផែនទីក្លែងក្លាយ។ លោក អ៊ុំ សំអាន បានចាកចេញពីប្រទេសកម្ពុជាអស់រយៈពេលជាង៧ខែ។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុកលោក ណៃ វង់ដា ដែលចុះឃ្លំាមើលករណីនេះយល់ថាការ​សម្រេចឃុំខ្លួននិង​ចោទប្រកាន់ពីរបទចោទនោះជារឿង​អយុត្តិធម៌មួយសម្រាប់អ្នកដែល​គិត​ពីប្រយោជន៍ជាតិ។ លោកថាការសម្រេចរបស់តុលាការ​ធ្វើឡើងក្រោមសម្ពាធនយោបាយ​និង​ធ្វើឲ្យ​គណបក្សកាន់អំណាច​កាន់តែបាត់បង់ប្រជាប្រិយភា​ព។ លោកបន្ថែមថា​៖ ខ្ញុំយល់ថាបញ្ហា​នេះជា​រឿង​នយោបាយ​ច្រើនជាងហើយខ្ញុំគិត​ថា​ការចាប់ខ្លួន​នេះ រដ្ឋាភិបាល​មិនចំណេញ​នឹង​ការ​ចាប់ខ្លួន​ទេ ព្រោះហេតុអ្វីបានជាខ្ញុំថាចាប់ខ្លួនមិនចំណេញព្រោះលោក អ៊ុំ សំអាន មិនមែនមិនដឹង​ថាមក​នេះ​ត្រូវ​គេ​ចាប់ខ្លួនទេ ប៉ុន្តែគាត់នៅតែមក​បានន័យថាបើកាលណាគាត់មកហើយមានការ​ចាប់ខ្លួន​ហើយ​គាត់​ខ្លួន​ឯងគាត់​ដឹង​ថា​អ្វីដែលគាត់ធ្វើជារឿង​ត្រឹមត្រូវ​ជារឿង​ប្រយោជន៍ជាតិហើយមានការ​គំាទ្រពីប្រជាពលរដ្ឋខ្មែរ​ទំាង​មូល​ ដូច្នេះ​រដ្ឋាភិបាល​ចាប់គឺហាក់ដូចជា​មានផល​ចំណេញតិចបំផុតឬស្ទើរតែអត់មានបានន័យថាខាតច្រើន​ជាង

នៅ​ថ្ងៃ​អង្គារ​នេះលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បានថ្លែងថាករណីចាប់ខ្លួនតំណាងរាស្ត្រ​គណ​បក្សប្រឆាំងលោកថាគឺជាបទល្មើសជាក់ស្តែងរឿងដែលលោក អ៊ុំ សំអាន និយាយថា​រដ្ឋាភិ​បាល​​ប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកមានប្រសាសន៍ថា៖ “គ្រាន់តែចាប់ឃើញថាអាជ្ញាធរជាអ្នកចាប់ ប៉ុន្តែត្រូវដោះស្រាយក្នុងសភាគឺអត់មានចាប់ដោយបទល្មើសជាក់ស្តែងអត់មានដកអភ័យឯកសិទ្ធិទេ មានតែសួរសភាថាទៅមុខទៀតឬអត់ ទៅមុខ​ឬថយក្រោយ បើចង់ថយក្រោយត្រូវរកសំឡេង៣ភាគ៤ ជំហររបស់ខ្ញុំ ខ្ញុំមិនដឹងថាសមាជិកសភាដទៃទៀតយ៉ាងម៉េចទេ ជំហររបស់ខ្ញុំក្នុងជាសមាជិកសភាម្នាក់បោះឆ្នោតប្រឆំាងនិងការដករឿងក្តីនេះចេញគឺឲ្យរឿងក្តីនេះទៅមុខ“។

ករណីតំណាងរាស្ត្រគណបក្សប្រឆាំងដែលតុលាការបានចោទប្រកាន់ពីបទ​ចោទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជា​អាទិ៍នោះ គឺលោក​ អ៊ុំ សំអាន ប្រឈម​ជាប់ពន្ធនាគារពី​៦ខែទៅ​២ឆ្នាំ​និងពិន័យជាប្រាក់ពី​១លានរៀ​លទៅ៤លានរៀល។ ចំណែកបទល្មើស​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង លោក​អាចប្រឈម​ជាប់ពន្ធនាគារ​​ពី​១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី២លានទៅ៦លានរៀល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ