សង្គម​ស៊ីវិល​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន

ក្រុមអង្គការ​សង្គម​ស៊ីវិល​ជាង​១០​ស្ថាប័ន​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន ដោយ​សង្គមស៊ីវិល​ចាត់​ទុក​ថា​ការ​ចាប់​ខ្លួន​នេះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ​និង​បង្ហាញ​ពី​ការ​រួម​តូច​នៃ​លំហ​ប្រជាធិបតេយ្យ ព្រម​ទាំង​ការ​មិន​ទទួល​យក​នូវ​នយោបាយ​បែប​ពហុបក្ស​នៅ​កម្ពុជា​។

លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួមចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ ​អង្គការ​សមាគម​ចំនួន​១៣​ស្ថាប័ន​ផ្សេង​គ្នា​បាន​លើកឡើង​ថា ការ​ចាប់​ខ្លួន​លោក​ អ៊ុំ សំអាន គឺ​ជា​ “​ការ​បំពាន​យ៉ាង​ច្បាស់” ​ទៅ​លើ​អភ័យ​ឯកសិទ្ធិ​របស់​តំណាង​រាស្ត្រ​ដែល​ធានាដោយ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៨០​​។ សេចក្ដី​ថ្លែងការណ៍​បន្ត​ថា លទ្ធិប្រជាធិបតេយ្យ​ល្អ​ទាមទារ​ឲ្យ​មាន​ការ​ការពារ​ដ៏​រឹងមាំ​ដល់​មតិ​យោបល់​នានា ហើយ​ទស្សនៈនយោបាយ​នានា​ត្រូវ​បាន​ស្ដាប់​ និង​ទទួល​យក​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន ជា​ឧទាហរណ៍​មួយ​ទៀត​ជុំ​វិញ​ឥទ្ធិពល​នៃ​ការ​បង្ក្រាប​ជា​ប្រព័ន្ធ​ទៅ​លើ​គណបក្ស​ជំទាស់​នៅ​កម្ពុជា​។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល សង្គម​ស៊ីវិល​ក៏​បាន​លើកឡើង​​ពី​ករណី​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសាភ​គណបក្ស​ សម រង្ស៊ី គឺលោក ហុង សុខហួរ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ និង​ការ​ចោទ​ប្រកាន់​លើ​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ជា​ច្រើន​បទ​ល្មើសដូចជា បទ​បរិហារកេរ្តិ៍ បទញុះញង់ និង​ជា​អ្នកសម​គំនិត​ក្នុង​ការ​ក្លែង​បន្លំ​ឯកសារ ដោយ​​សង្គមស៊ីវិល​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​ទាំង​នោះ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា​៖ “​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​គ្មាន​ការ​អត់ឱន​ទៅ​លើ​គណបក្ស​ជំទាស់​កើតឡើង​នា​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ និង​ការ​រួម​តូច​នៃ​លំហ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​ខ្លាំង ជា​ពិសេស​សម្រាប់​ការ​បោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨​នា​ពេល​ខាង​មុខ​នេះ​”​

អង្គការ​សមាគម​ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមនោះ​មាន​ដូចជា សម្ព័ន្ធសហជីព​កម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា (CCHR) សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) សមាគមន​អាដហុក មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) និង​អង្គការ​ខុមហ្វ្រែល ព្រមទាំង​អង្គការ​សមាគម​មួយ​ចំនួន​ទៀត​។

គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​អង្គារ​នេះ​ ព្រះរាជអាជ្ញា​នៅ​សាលាដំបូង​រាជធានីភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក អ៊ុំ សំអាន ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍(បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម)​និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​តាម​មាត្រា​៤៩៥និង​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ កាលពីអំឡុង​ឆ្នាំ​២០១៥និង​រហូតដល់ថ្ងៃទី​១០ខែមេសា ឆ្នាំ​២០១៦។ លោក អ៊ុំ សំអាន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេចឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ ដោយ​ស្ថិត​នៅ​ក្រោម​ការពិនិត្យលើ​បទ​ចោទ​ទាំង​ពីរ​។

គណបក្សសង្រ្គោះជាតិចាត់ទុកការចាប់ខ្លួនលោក អ៊ុំ សំអាន ថា​ជាការរំលោភលើ​រដ្ឋធម្មនុញ្ញ ដោយ​គណបក្ស​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​តំណាង​រាស្ត្រ​របស់​ខ្លួន​។

ទោះយ៉ាងណា អ្នក​នាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មាន​ប្រ​សាសន៍ថា ការចាប់​ខ្លួន​លោ​ក អ៊ុំ សំអាន នេះ​គឺផ្អែកទៅលើបទល្មើសជាក់​ស្តែង។

ចំណែក ​ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់ពីមូលហេតុនៃការចាប់ខ្លួនលោក អ៊ុំ សំអាន ដោយ​សារ​​លោក​​ក៏មានសញ្ជាតិអាមេរិកផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ