លោក កឹម សុខា អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ហែកហួរគ្នា​ ស្រប​ពេល​មាន​ការ​ចាប់ខ្លួន​តំណាងរាស្រ្ត​បក្ស​ប្រឆាំង

លោក កឹម សុខា កាលពីកន្លងទៅ

ប្រធានស្តី​ទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ដែល​កំពុង​រងការចោទប្រកាន់​រឿង​អាស្រូវស្នេហា នៅថ្ងៃ​អង្គារ​អំពាវនាវ​ឲ្យ​”បញ្ឈប់​ហែក​ហួរគ្នា” ស្រប​ពេល​​រដ្ឋាភិបាល​បាន​ចាប់ខ្លួន​តំណាងរាស្រ្ត​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន។​

លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅព្រឹក​ថ្ងៃ​អង្គារនេះ​ថា៖ “ឆ្នាំថ្មី ខ្ញុំសូមអំពាវនាវដល់ខ្មែរគ្រប់និន្នាការ បញ្ឈប់ការហែកហួរគ្នា បែកបាក់គ្នាពីពេលនេះតទៅ ដោយចាប់យកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិខ្មែរពិតប្រាកដវិញ”

ការ​ថ្លែង​របស់​លោក កឹម សុខា ធ្វើឡើង​បន្ទាប់ពី​​លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ គណបក្ស​សង្រ្គោះជាតិ​បាន​ថ្កោលទោស​ការចាប់ខ្លួននេះ និង​អំពាវនាវ​ឲ្យ​ដោះលែង លោក អ៊ុំ សំអាន។​

ស្ថានភាព​នយោបាយ​ចាប់ផ្តើមឡើង​កម្តៅឡើងវិញមួយរយៈ​ពេល​ចុងក្រោយនេះ ស្រប​ពេល​មាន​ការ​ចាប់ខ្លួន​តំណាងរាស្រ្ត និង​លោក កឹម សុខា កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​រឿង​អាស្រូវស្នេហា​ហើយ​អង្គភាព​ប្រឆាំងអំពើពុករលួយ​កំពុង​ស៊ើប​អង្កេតករណីនេះ។

គួរបញ្ជាក់​ថា​លោក អ៊ុំ សំអាន ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់រំលងអធ្រាត្រថ្ងៃអាទិត្យ​ ក្នុងខេត្តសៀមរាប ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់រឿង​ប្រើប្រាស់ផែនទីក្លែងក្លាយ​។ លោកបាន​​​ចាកចេញពីប្រទេស​អស់រយៈ​​ពេល​ជាង​៧ខែ ហើយ​បានវិលត្រឡប់មកប្រទេសកម្ពុជា​​វិញកាលពីព្រឹក​ថ្ងៃ​អាទិត្យ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ