បក្សប្រឆាំងអំពាវនាវឲ្យខ្មែរឈប់ឈ្លោះគ្នា ខណៈនៅតែមានការចាប់ខ្លួនអ្នករិះគន់

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

មេដឹកនាំបក្សប្រឆាំងបានយកទិវាចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះអំពាវ​នា​វ​ឲ្យ​​ខ្មែរគ្រប់និន្នាការបញ្ឈប់​ហែ​ក​​ហួរគ្នា ខណៈ​តំ​ណាង​រាស្រ្ត​របស់ខ្លួនម្នាក់ទៀតលោក អ៊ុំ សំអាន ត្រូវ​បា​នស​មត្ថកិច្ចចាប់ឃុំខ្លួនទាក់​​ទិន​នឹ​​​ង​​ការរិះគន់ការបោះ​បង្គោល​ព្រំដែនជាមួយវៀតណាមថាធ្វើឲ្យខ្មែរខាតបង់។​

លោក កឹម សុខា បាន​អំពាវនាវនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ខែមេសានេះថា “លោកសូមអំ​ពាវនា​វដល់ខ្មែរគ្រប់និន្នាការបញ្ឈប់ការហែកហួរគ្នាបែកបាក់គ្នាពីពេលនេះតទៅ ដោយថាត្រូវចា​ប់យ​កកា​រផ្សះ​ផ្សាជាតិ បង្រួបបង្រួមជាតិខ្មែរពិតប្រាកដវិញ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានស្វាគមន៍ទៅនឹងការអំពាវនាវនេះ ដោយ​លោក​អះអាងថាការបង្រួបបង្រួមជាតិជាការចង់បានរបស់គណបក្សប្រជាជនកម្ពុជា។

លោកបញ្ចាក់ថា៖ “អាហ្នឹងត្រូវហើយ តែសុំឲ្យឯកឧត្តម កឹម សុខា ហ្នឹងធ្វើឲ្យត្រឹមត្រូវទៅកុំឲ្យមានតែទ្រឹស្តី  សុំឲ្យ​គាត់​អនុវត្តទ្រឹស្តីរបស់គាត់ឲ្យបានត្រឹមត្រូវផងក្នុងការអនុវត្តជាក់ស្តែងជាពិសេសគឺយើងពង្រឹ​ងខ្លឹមសារនៃ​វប្ប​ធម៌​សន្ទ​នាហ្នឹងទើប​អាច​រួបរួមគ្នាជាធ្លុងមួយបាន”។

គ​ណបក្ស​សង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍​ថ្កោលទោស​ការចាប់ខ្លួនលោក អ៊ុំ សំអាន ថាធ្វើ​ឡើង​ដោយ​រំលោភ​សិទ្ធិ​តំណាងរាស្ត្រដែលធានាដោយរដ្ឋធម្មនុញ្ញនិង​អំពាវនាវ​ឲ្យ​ដោះលែងជាបន្ទាន់។

ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាកាលពីម្សិលមិញក៏បានទាមទារឲ្យរដ្ឋាភិបាល​កម្ពុជាពន្យ​ល់ពីមូល​ហេ​តុ​នៃការចាប់ខ្លួន​តំណា​​ង​រាស្រ្តបក្សសង្រ្គោះជាតិលោក អ៊ុំ សំអាន ដែល​មាន​សញ្ជាតិអាមេរិកនេះ​ផងដែរ ដោយប​​ញ្ជា​ក់ថា​ក្រសួង​ការ​បរទេស​អាមេរិកមានតួនាទីជួយដល់ប្រជាពលរដ្ឋសញ្ជាតិ​អា​មេ​រិក​នៅ​ក្រៅ​​ប្រទេសយ៉ាងយកចិត្តទុកដាក់។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថាការចាប់ខ្លួនតំណាងរាស្ត្រ​​បក្ស​ប្រឆាំ​ងនេះ លោកថា បានរំលោភរដ្ឋធម្មនុញ្ញ។ លោកថាវិធានការនោះគឺជាការគំរាមដល់ការបញ្ចេញមតិ​ ប៉ុន្តែលោកថាបក្សកាន់អំណាច​មិនបាន​ចំណេញពីវិធានការនេះទេ។

លោកបន្តថា៖ទី១ធ្វើឲ្យចង់ថាចង់និយាយហ្នឹងមានការភ័យខ្លាចដែរព្រោះតំណាងរាស្ត្រត្រូវបានចាប់ខ្លួនហើយ ចំនុចទី២វាជិះឥទ្ធិពលមកវិញមានការភ័យខ្លាចអញ្ចឹង ប៉ុន្តែពលរដ្ឋយើងមិនមែន​ប្រជាពលរដ្ឋ​ខ្លាចទាំង​អស់ទេ គាត់នឹងសម្តែងមតិនៅពេលបោះឆ្នោត វ៉ៃម្នាក់ទេប៉ុន្តែអ្នកផ្សេងទៀតវាឈឺបេះដូងឈឺចិត្ត​អញ្ចឹងធ្វើឲ្យការបាត់បង់​សំឡេង​ហ្នឹង​(បាត់អាសនៈក្នុងសភា២២)ខ្ញុំជឿជាក់ថាមិនអាចស្តាទេគឺយកកន្លែ​ងហ្នឹ​ង​ទៅស្តាប្រជាប្រិយភាពគឺពិបាក

ក្រោយការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន បាន​បាត់​បង់អាសនៈអ​ស់ចំនួន២២ពោលគឺ​​ពី៩០ចុះមកនៅត្រឹម​៦៨អាសនៈ​វិញ។ ចំ​ណែ​​​ក​​គណ​ប​​​ក្ស​​​ស​ង្គ្រោះជាតិបានកើន​ឡើង​ដល់​៥៥អាសនៈ។

ប៉ុន្តែក្រោយពីបក្សប្រឆាំងព្រមដើរចូលសភាទទួលយកកៅអី៥៥នោះជាការកត់សម្គាល់មកដល់​ពេលនេះសក​ម្មជនបក្ស​ប្រឆាំង​ជាង១០នាក់ត្រូវរដ្ឋាភិបាលប្តឹង ហើយពេលនេះពួកគេកំពុងឃុំខ្លួ​ននៅពន្ធ​នាគា​រព្រៃស។

ប្រធាន​គ​​ណប​ក្សលោក សម រង្ស៊ី បាននិរទេសខ្លួននៅក្រៅប្រទេសម្តងទៀតគេចចេញពីតាមចាប់ខ្លួនរបស់តុ​លា​​​​កា​រ​នៅ​កម្ពុជា​។ ចំណែកអនុប្រធានលោក កឹម សុខា ត្រូវបានតំ​​ណាងរាស្ត្រ​បក្សកាន់អំ​​ណា​ចដកចេ​ញពី​តំ​ណែង​អ​នុ​​ប្រធាន​ទី១នៃរដ្ឋសភាជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ