តំណាងរាស្រ្តបក្ស​ប្រឆាំងលោក អ៊ុំ សំអាន ត្រូវបញ្ជូនទៅពន្ធនាគារព្រៃ​ស​

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន ពេល​ត្រូ​វបាន​បញ្ជូនទៅតុលាការ ក្រោយ​បញ្ចប់ការសាកសួរនៅនាយកដ្ឋានប្រឆាំងភេរវកម្មនៅក្រសួងមហាផ្ទៃ​ កាលពីថ្ងៃ​ចន្ទ​

ចៅក្រមស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅរសៀលថ្ងៃ​ត្រង់នេះ​ បាន​សម្រេច​បញ្ជូនតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ទៅពន្ធនាគារ ក្រោយការ​ចោទប្រកាន់របស់ព្រះរាជអាជ្ញាចំនួនពីរបទចោទ​។​

ដីកាបង្គាប់​ឲ្យ​ឃុំខ្លួន​ចេញផ្សាយនៅថ្ងៃអង្គារនេះ ចៅក្រមស៊ើប​សួរ​លោក តុប ឈុនហេង បាន​សម្រេចឲ្យ​លោក អ៊ុំ សំអាន ស្ថិត​នៅ​ក្រោម​ការពិនិត្យពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍(បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម)​និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​តាម​មាត្រា​៤៩៥និង​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ កាលពីអំឡុង​ឆ្នាំ​២០១៥និង​រហូតដល់ថ្ងៃទី​១០ខែមេសា ឆ្នាំ​២០១៦។ ជាមួយ​បទ​ចោទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជា​អាទិ៍ លោក​ អ៊ុំ សំអាន អាច​ជាប់ពន្ធនាគារពី​៦ខែទៅ​២ឆ្នាំ​និងពិន័យជាប្រាក់ពី​១លានរៀ​លទៅ៤លានរៀល។ ចំពោះ​បទល្មើស​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង លោក​អាច​ជាប់ពន្ធនាគារ​ពី​១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី២លានទៅ៦លានរៀល។​

លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។

គណបក្ស​សង្រ្គោះជាតិ​ចាត់ទុកការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំងនេះជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញ។

នៅ​ថ្ងៃ​អង្គារ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ បាន​ព្រមាន​សាជាថ្មី​​ចាប់ខ្លួន​មនុស្ស​ដែល​ហ៊ាន​ចេញ​មុខ​និ​យាយ​ថា​រដ្ឋាភិ​បាល​​ប្រើប្រាស់ផែនទីក្លែងក្លាយ។​ លោក​មានប្រសាសន៍ថា​៖ “សារមុនប្រជុំសភារសៀលនេះ មកដល់ម៉ោងនេះទៅហើយ នៅមានបុគ្គលមួយចំនួននិងសង្គមស៊ីវិលខ្លះបានបន្តនិយាយចោទប្រកាន់ថារដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ។ ទោះបីអ្នកណាក៏ដោយ បើបន្តនិយាយពីផែនទីក្លែងក្លាយគឺនឹងត្រូវចាប់ខ្លួន។ កុំអាងលើអភ័យឯកសិទ្ឋិ តែត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ