ព្រឹទ្ធសភា​ឯកភាព​ទាំង​ស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព

ព្រឹទ្ធសភា​បាន​ឯកភាព​ទាំង​ស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដ៏​ចម្រូង​ចម្រាស​ ដោយ​ទទួល​បាន​សំឡេង​គាំ​ទ្រ​៤០​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​៤៦​រូប​ដែល​មាន​វត្តមាន​​ ខណៈ​ព្រឹទ្ធសមាជិក​មក​ពី​គណបក្ស​ សម រង្ស៊ី មិន​បោះ​ឆ្នោត​គាំ​​ទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៨​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​ថ្ងៃ​អង្គារ​នេះ ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា អង្គប្រជុំ​​បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​នេះ ដោយ​ឥត​កែប្រែ ក្នុង​សំឡេង​៤០​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​ដែល​មាន​វត្តមាន​។

អ្នកនាំពាក្យ​ព្រឺទ្ធសភា​លោក ម៉ម ប៊ុននាង បាន​ឲ្យ​វីអូឌី (VOD)ដឹង​បន្ថែម​ថា សមាជិក​ព្រឹទ្ធសភា​ចំនួន​៤៦​រូបបាន​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ថ្ងៃ​នេះ​​។ លោក​បន្ត​ថា​ ក្នុង​ការ​បោះឆ្នោតគាំ​ទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ សមាជិក​ព្រឺទ្ធសភា​មក​ពី​គណបក្ស​ សម រង្ស៊ី ចំនួន​៦​រូប​ដែល​មាន​វត្តមាន​មិន​បាន​បោះ​ឆ្នោត​គាំ​ទ្រទេ តែ​លោក​ថា អ្នកទាំង​៦​​បានចូលរួម​​ផ្ដល់​មតិយោបល់​លើ​សេចក្ដីព្រាង​ច្បាប់​នេះ​។

លោក ម៉ម ប៊ុននាង​ ឲ្យ​ដឹង​ទៀត​ថា ព្រឹទ្ធសភា​នឹង​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពីសហជីព​នេះ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ តែ​លោក​ពុំ​ទាន់អច​បញ្ជាក់​ថ្ងៃ​ច្បាស់​នៅ​ឡើយ​ទេ​។

បើយោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​ព្រឺទ្ធសភា អង្គប្រជុំ​ក៏​បាន​ប្រកាស​ទទួល​លោកស្រី ជិន សុងីម ជា​សមាជិក​ព្រឹទ្ធសភា​មណ្ឌលភូមិភាគ​ទី​៥ (ខេត្តតាកែវ កំពត និង​កែប) ជំនួស​លោក ប៉េង ប៉ាត់ ដែល​បាន​ទទួល​មរណភាព និង​លោក យឹម ឃុនឃឿន ជា​សមាជិក​ព្រឹទ្ធសភា​មណ្ឌលភូមិភាគ​ទី​៦ (ខេត្តព្រៃវែង និង​ស្វាយរៀង) ជំនួស​លោក គង់ គាំ ដែល​បាន​សុំ​ចូលនិវត្តន៍​។

គួរ​បញ្ជាក់ថា សេចក្ដី​ព្រាង​ច្បាប់ស្ដីពីសហជីពដែលមាន១៧ជំពូក ១០០ មាត្រា ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃទី​៤ ខែមសា ដោយ​គ្មាន​សំឡេង​គាំ​ទ្រ​ពី​បក្ស​ប្រឆាំង​។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បាន​លើកឡើងថា ច្បាប់ស្តីពីសហជីពនេះ​គឺជាច្បាប់គ្មានស្តង់ដារ និងមិនអាចទទួលយកបាន ដោយលោកថាច្បាប់នេះផ្ទុយពីច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា។ ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយលើកឡើងថា ការបោះឆ្នោតអនុម័តច្បាប់សហជីពដែលអង្គការនេះចាត់ទុកថាខុសពីស្ដង់ដាអន្តរជាតិ ថាជាការបង្ហាញពីធ្លាក់ចុះនៃសិទ្ធការងារនៅក្នុងប្រទេសកម្ពុជា។

សហជីព​មួយ​ចំនួន​បាន​បង្ហាញ​ការ​មិនពេញ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដោយ​ពួក​គេ​ទាមទារ​ឲ្យ​មាន​ការ​កែប្រែចំណុច​មួយ​ចំនួន​ដែល​ពួកគេ​គិត​ថា​នឹង​រឹតបន្តឹង​ដល់​សេរីភាព​របស់​សហជីព​។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង ថ្លែងក្នុងនាមអ្នកការពារសេចក្តីព្រាងច្បាប់នេះមានប្រសាសន៍ថា ការស្នើឲ្យកែប្រែ និងលុបចោលនូវមាត្រាមួយចំនួន គឺពុំមានភាពចាំបាច់ឡើយ ដោយលោកថា ខ្លឹមសារ និងមាត្រាដែលបានចែងមានភាពពេញលេញក្នុងការការពារផលប្រយោជន៍ទាំងកម្មករនិយោជិត និងនយោជក។ លោកបន្ថែមថា ការអនុម័តច្បាប់នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋសភាក្នុងការធានាសេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមណីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ក្រុមសហជីពដែលមិនពេញចិត្តនឹងការអនុម័តច្បាប់នេះអះអាងថា ពួកគេនឹងពិភាក្សាគ្នាបន្តដើម្បីស្នើទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងអង្គការពាក់ព័ន្ធមួយចំនួនដើម្បីពិនិត្យច្បាប់នេះឡើងវិញ។ ពួកគេបន្ថែមថា ប្រសិនជាការអនុវត្តច្បាប់នោះមានភាពខ្វះខាត ឬអាក្រក់ពេក នោះកម្មករ និងសហជីពនឹងតវ៉ាប្រឆាំងដើម្បីឲ្យមានការកែប្រែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ