៣៤នាក់ស្លាប់និង១៥៣នាក់របួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃចូលឆ្នាំ៣ថ្ងៃ

យ៉ាងហោចណាស់មនុស្សស្លាប់ចំនួន៣៤នាក់និង១៥៣នាក់ទៀតរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ខែមេសា។

របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃចេញផ្សាយសម្រាប់ថ្ងៃទី ១៥ បានឲ្យដឹងថាក្នុងរយៈពេល៣ថ្ងៃនេះមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន៧៣លើក  ថយចុះចំនួនមួយលើកបើប្រៀបធៀបនឹងឆ្នាំ២០១៥ ហើយក្នុងនោះអ្នកស្លាប់កើនឡើងដល់ទៅ៩នាក់។ របាយការណ៍បន្តទៀតថាខេត្តដែលមានគ្រោះថ្នាក់និងស្លាប់ច្រើនជាងគេ គឺខេត្តព្រៃវែង ចំនួន៨លើក ស្លាប់៨នាក់ ខេត្តកណ្តាល ៦លើក មានអ្នកស្លាប់៥នាក់ ខេត្តកំពង់ចាម ៦លើក អ្នកស្លាប់៤នាក់ ខេត្តកំពង់ឆ្នាំង ២លើកស្លាប់៣នាក់ ខេត្តកំពង់ស្ពឺ ៥លើកនិងស្លាប់២នាក់។

របាយការណ៍ដដែលឲ្យដឹងថាមូលហេតុដែលនាំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ដោយសារបើកបរក្នុងល្បឿនលឿន មានជាតិស្រវឹង មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ បើកបរងងុយដេកនិងកត្តាយានយន្តផងដែរ។

គួរបញ្ជាក់ថាក្នុងថ្ងៃចូលឆ្នាំរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ កាលពីឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៤ លើកដែលបណ្ដាលឲ្យអ្នកស្លាប់ចំនួន២៥នាក់និងរងរបួសធ្ងន់និងស្រាលចំនួន ១៦៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ