​ភ្ញៀវទេសចរណ៍​​កំសាន្ត​នៅ​សៀមរាប​ពេល​ចូលឆ្នាំ​កើនឡើង​៣០%​បើ​ប្រៀបធៀប​ឆ្នាំ​២០១៥

ភ្ញៀវជាតិ​ និង​អន្តរជាតិ​ដែលបានទៅទស្សនា​អង្គរសង្ក្រាន្ត(រូបថត៖ បូ សាវី)

មន្ដ្រីសហភាពសហព័ន្ធយុវជនកម្ពុជា អះអាងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិកំសាន្ដនៅថ្ងៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ខេត្ដសៀមរាបនៅឆ្នាំ២០១៦នេះ មានចំនួន១លាន៣សែននាក់ ដោយអះអាងថា កើនឡើងជាងឆ្នាំ២០១៥ប្រមាណ៣០%។

អ្នកនាំពាក្យព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដលោក សោម រតនា ប្រាប់វីអូឌី(VOD)នៅថ្ងៃអាទិត្យនេះថា នៅថ្ងៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០១៦នេះ មានភ្ញៀវទេសចរកើនឡើងដោយសារកម្មវិធីព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ មានការទទួលស្គាល់ពីសាធារណៈជនក៍ដូចប្រជាពលរដ្ឋគ្រប់រូប គួបផ្សំ និងព្រឹត្ដិការណ៍នេះមានល្បែងកំសាន្ដច្រើនដែលធ្វើឲ្យភ្ញៀវទេសចរណ៍ទាំងខ្មែរនិងបរទេសចាប់អារម្មណ៍។ លោកបន្ថែមថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនេះ ផ្ដល់ចំណូលសេដ្ឋកិច្ចដល់ពលរដ្ឋនៅក្នុងខេត្ដសៀមរាប លើសពី៦០លានដុល្លារដែលលោកថា ចាប់ពីការធ្វើអាជីវកម្មខ្នាតតូចដល់ខ្នាតធំ។

ប៉ុន្ដែទោះជាយ៉ាងនេះក្ដីលោក សោម រតនា ថ្លែងថា លោកមិនបានដឹងពីចំនួនប្រាក់ដែលចំណាយ សម្រាប់រៀបចំកម្មវិធីអង្គរសង្ក្រាន្តនេះទេ។

ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍អង្គរលោក ខៀវ ធី ទទួលស្គាល់ដែលមានការរៀបចំព្រឹត្ដការណ៍អង្គរសង្ក្រាន្ដនេះឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ដនៅតំបន់វប្បធម៌ប្រវត្ដិសាស្ដ្រអង្គរ ប៉ុន្ដែលោកថា បរិស្ថាន និងការរៀបចំសណ្ដាប់ធ្នាប់នៅកម្មវិធីនេះ នៅមានខ្វះចន្លោះ ដោយលោកថា អាជ្ញាធរខ្វះការណែនាំដល់ពលរដ្ឋក្នុងការទុកដាក់កាកសំណល់ និងតំបន់ខ្លះតម្រូវឲ្យភ្ញៀវទេសចរណ៍ធ្វើដំណើរថ្មើរជើងមានចំង៉ាយផ្លូវឆ្ងាយ ខណៈអាកាសធាតុក្ដៅខ្លាំង ដែលលោកថា ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍មួយចំនួន មានវ័យចំណាស់ផងដែរ។

បើតាមអភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង ឲ្យដឹងថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនៅឆ្នាំ២០១៥មានភ្ញៀវទេសចរណ៍ចំនួន៩៧៨ ១០០នាក់ប៉ុន្ដែ ដែលកើនឡើងជាងព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដនៅឆ្នាំ២០១៤ ដែលលោកថានៅឆ្នាំនោះមានភ្ញៀវសរុប២៥៨ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ