ជើង​ខ្លាំង ព្រំ សំណាង ឈ្នះ​ថៃ​ទាំង​វេទនា

កីឡាករថៃនិងកីឡាករខ្មែរ លោក ព្រំ សំណាង​

ការប្រកួតអន្តរជាតិក្រោយចូលឆ្នាំខ្មែរ កាលពីថ្ងៃទី១៧ មេសា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករ ព្រំ សំណាង ដែលអ្នកណាក៏ស្គាល់យូរមកហើយក្នុងពិភពប្រដាល់ថាជាជើងខ្លាំងលំដាប់ជួរមុខម្នាក់ បានឈ្នះពិន្ទុលើគូប្រកួតជាជនជាតិថៃដោយស្ថានភាពប្រផះប្រភីងបំផុតសម្រាប់ការប្រកួត។ កីឡាករថៃបានទាំងវាយឲ្យគេបែករយះដូចគេយកកាំបិតឆូតពីលើ សឹងមិនជឿថាគេនឹងតស៊ូបានដល់ទឹកចុងក្រោយនោះផង។

ក្នុងរង្វង់៣ទឹកដំបូង គេសុទ្ធតែកត់សម្គាល់ដូចគ្នាថាកីឡាករកម្ពុជា ព្រំ សំណាង មកពីកងទ័ពឆត្រយោង៩១១ មិនទទួលជោគជ័យក្នុងការវាយសំដៅទៅលើកីឡាករថៃនោះទេ បើទោះជាគេប្រឹងប្ដូរបច្ចេកទេសម្ដងហើយម្ដងទៀតដើម្បីរកឲ្យឃើញចំណុចខ្សោយរបស់កីឡាករKorng Chakមកពីប្រទេសថៃ។ បើទោះជាព្រំ សំណាង ប្ដូរដោយកែងនិងព្យាយាមចូលកៀកដើម្បីមានឱកាសប្រើជង្គង់ដែលធ្លាប់មានប្រៀបលើគូប្រកួត ក៏ការប៉ះគ្នាជាមួយកីឡាករថៃរូបនេះហាក់មិនទទួលបានផ្លែផ្កាច្រើនទេ។

កីឡាករKorng Chak មានកែងនិងជង្គង់រហ័សជាង ហើយបច្ចេកទេសរបស់គេទៀតសោត ក៏មានសភាពបត់បែនល្អជាងកីឡាករព្រំ សំណាង។ ជាក់ស្ដែងក្នុងទឹកទី៣ ក្នុងពេលដែលកែងនិងជង្គង់ត្រូវបានកីឡាករកម្ពុជាខ្ទាស់ជាប់ កីឡាករថៃមិនបាននៅស្ងៀមនោះទេ ដោយបានប្រើក្បាលបោកលើចិញ្ចើមពេញទំហឹងទៅលើគូប្រកួតជំនួសឲ្យជើងនិងដៃ ដែលត្រូវប្រើមិនបាន ធ្វើឲ្យព្រំ សំណាងបែករយះត្រង់ចិញ្ចើមហូរឈាមដូចគេអារដោយកាំបិត។ អ្នកទស្សនាភាគច្រើនកាន់តែឃើញពីចំណុចខ្លាំងរបស់កីឡាករថៃ ប៉ុន្តែអ្វីដែលមានការប្រែប្រួល គឺនៅពេលកីឡាករព្រំ សំណាង មិនខ្វល់ពីស្នាមបែករយះ ហើយគិតតែប្រឹងដើរចូលនិងវាយប្ដូរ គេឃើញកីឡាករថៃហាក់បាត់ជំហរវាយចូល។

ចាប់ពីទឹកទី៤ទៅ កីឡាករព្រំ សំណាង កាន់តែប្រើកណ្ដាប់ដៃវាយប្ដូរ ហើយកីឡាករKorng Chak ក៏បង្ហាញសកម្មភាពញញើតញញើមនឹងសភាពស្នាមបែករយះរបស់គូប្រកួតច្រើនខុសពីមុនផងដែរ ទើបកីឡាករថៃត្រូវគេឃើញគេចចេញច្រើនជាងវាយដេញ ដូចគេធ្វើបានល្អនៅដើមទី។ កីឡាករថៃកាន់តែបញ្ចេញភាពញញើតញញើម កីឡាករកម្ពុជាកាន់តែប្រឹងវាយប្ដូរ ទើបគេឃើញការប្រកួតគូរនេះទទួលបានសំឡេងទះដៃយ៉ាងកងរំពងចាប់ពីចុងទឹកទី៤។ ការប្រកួតរបស់ពួកគេបានទទួលការចាប់អារម្មណ៍ហួសពីការស្មាន ជាពិសេសក្នុងទឹកទី៥ ដោយសារតែ ព្រំ សំណាង បានក្លាយជាអ្នកគ្រប់គ្រងស្ថានការណ៍វាយលុកបានល្អជំនួសឲ្យភាពខ្លាំងរបស់កីឡាករថៃ។ ប៉ុន្តែ កីឡាករ Korng Chak ក៏លួចវាយឆ្មក់ត្រូវចំគោលដៅម្ដងៗធ្វើឲ្យកីឡាករព្រំ សំណាង ចង់បញ្ឈប់ការតស៊ូម្ដងៗផងដែរ។

យ៉ាងណាក៏ដោយការប្រកួតគូនេះ កីឡាករ ព្រំ សំណាង បានក្លាយជាអ្នកឈ្នះពិន្ទុ ហើយទទួលបានសម្រែកហ៊ោកញ្ជ្រៀវពីអ្នកគាំទ្រនៅទីបញ្ចប់ ដែលលទ្ធភាពផលនេះត្រូវគេមើលឃើញថាបណ្ដាលមកពីការស្ទុះស្ទារវាយប្ដូរក្រោយពីបែករយះនិងឈាមហូរដាបលើចិញ្ចើមនោះហើយ។

នៅក្នុងព្រឹត្តិការណ៍នោះដែរ កីឡាករ ឯម ខ្លឹមស ប្អូនប្រុសបង្កើតរបស់ជើងខ្លាំងឯម ខ្លឹមខ្មៅ មកពីក្លិបឬទ្ធិពោធិសែនជ័យ បានត្រឹមតែកំដរកីឡាករថៃដល់ទឹកចុងក្រោយប៉ុណ្ណោះ។ កីឡាករថៃឈ្មោះ Dav Nakhon  បានក្លាយជាអ្នកឈ្នះពិន្ទុ ហើយជ័យជម្នះរបស់គេក៏ឈ្នះដោយស្រួលផងដែរ ដោយសារតែកីឡាករថៃត្រូវគេមើលឃើញថាគ្រប់គ្រងស្ថានការណ៍វាយលុកបានល្អជាងតាំងពីបើកឆាកប្រកួត។ យ៉ាងណាមិញ ខ្លឹមស ក៏បានបង្ហាញពីការស៊ូយ៉ាងស្វិតស្វាញចំពោះដៃគូផងដែរ បើទោះជាស្ថិតិវាយចេញរបស់គេត្រូវគេកត់សម្គាល់មានចំនួនវាយចេញច្រើនប៉ុន្តែមិនសូវច្បាស់ដូចកីឡាករថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ