យន្តហោះយោធាមួយគ្រឿងរបស់ចិនបានចុះចតជាសាធារណៈជាលើកដំបូងនៅព្រលានយន្តហោះថ្មីមួយលើកោះសិប្បនិមិត្តដែលចិនបានសាងសង់ឡើងនៅក្នុងដែនសមុទ្រចិនខាងត្បូងកំពុងមានជម្លោះ នាំឲ្យមានការរំពឹងទុកថាចិនអាចនឹងដាក់មូលដ្ឋានយន្តហោះចម្បាំងនៅទីនោះ។
ក្នុងអត្ថបទព័ត៌មាននៅលើទំព័រមុខរបស់កាសែតឈ្មោះ People’s Liberation Army Daily បានលើកឡើងថា យន្តហោះយោធាចិនមួយគ្រឿងដែលបានល្បាតតំបន់សមុទ្រចិនខាងត្បូងកាលពីថ្ងៃអាទិត្យទទួលបានការហៅបន្ទាន់មួយឲ្យចុះចតនៅលើកោះសិប្បនិម្មិតដើម្បីដឹកយកកម្មករ៣នាក់ដែលឈឺជាទម្ងន់។
អត្ថបទកាសែតនោះបន្តថា ក្រោយមកកម្មករទាំង៣នាក់ត្រូវបានដឹកទៅកាន់កោះហៃនៀន (Hainian) ដើម្បីទទួលការព្យាបាលដោយបានភ្ជាប់ជាមួយរូបភាពយន្តហោះនោះចុះចតនៅលើកោះហៃនៀន។
កាសែតទំហំតូច (Tabloid) ឈ្មោះ The Global Times បានចុះផ្សាយថា វាជាលើកដំបូងដែលយោធារបស់ប្រទេសចិនបានទទួលស្គាល់ជាសាធារណៈពីការចុះចតយន្តហោះរបស់ខ្លួននៅលើកោះសិប្បនិម្មិតនោះ។ កាសែតនោះបានដកស្រង់សម្ដីជំនាញការយោធាម្នាក់ថា ការចុះចតនោះបង្ហាញថាព្រលានយន្តហោះនោះគឺមានស្ដង់ដាដែលអាចទទួលយកយន្តហោះយោធាបាន ហើយយន្តហោះចម្បាំងអាចដាក់មូលដ្ឋាននៅទីនោះបានពេលមានសង្គ្រាម។
អាមេរិកបានរិះគន់ការសាងសង់កោះសិប្បនិម្មិតរបស់ប្រទេសចិននៅក្នុងដែលសមុទ្រចិនខាងត្បូងនិងបានបង្ហាញការព្រួយបារម្ភថាប្រទេសចិនមានគម្រោងប្រើប្រាស់កោះសិប្បនិម្មិតនោះសម្រាប់គោលបំណងយោធា ទោះបីជាប្រទេសចិនបាននិយាយថាខ្លួនមិនមានចេតនាបង្កអរិភាពនោះទេ។
គួរបញ្ជាក់ថាផ្ទៃទឹកនៃដែនជម្លោះក្នុងសមុទ្រចិនខាងត្បូងជាផ្លូវឆ្លងកាត់នៃពាណិជ្ជកម្មដែលមានតម្លៃជាង៥ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ។ ក្រៅពីប្រទេសចិន ប្រទេសប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម ក៏បានទាមទារដែនសមុទ្រនេះផងដែរ៕
ប្រភព៖ Channel News Asia