គ្រាប់បែកច្នៃប្រាំគ្រាប់​ត្រូវបានរកឃើញនៅក្នុងខុនដូមួយ​កន្លែង​នៅប្រទេសម៉ាឡេស៊ី

(រូបភាពពី Mediacorp)

គ្រាប់បែកច្នៃចំនួនប្រាំគ្រាប់ត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការឆែកឆេរដោយវាយឆ្មក់របស់នគរបាលកាលពីព្រឹកថ្ងៃអាទិត្យនៅខុនដូមួយកន្លែងក្នុងតំបន់ ដាម៉ាន់សារ៉ា ពើដាណា (Damansara Perdana) ក្នុងទីក្រុង ប៉ឺតាលីង ចាយ៉ា (Petaling Jaya) ប្រទេសម៉ាឡេស៊ី។

សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោង៤និង៣០នាទីព្រឹកថ្ងៃអាទិត្យនៅខុនដូឈ្មោះ Metropolitan Square ដោយប្រជាពលរដ្ឋរស់នៅប្លុកខុនដូនោះត្រូវបានជម្លៀសចេញតាំងពីព្រឹកព្រលឹម។

មន្ត្រីនៃអង្គភាពប្រឆាំងភេរវកម្មរបស់ម៉ាឡេស៊ីបានឲ្យដឹងថាអាជ្ញាធរមានការសង្ស័យថាក្រុមក្មេងទំនើងជាអ្នកនៅពីក្រោយការផលិតគ្រាប់បែកទាំងនោះគឺមិនមែនក្រុមភេរវករនោះទេ។

ជំនួយការអធិការនគរបាលទីក្រុង Petaling Jaya លោក ម៉ូដ ហ្សានី (Mohd Zani) បានមានប្រសាសន៍ថា យោងតាមរបាយការណ៍ នគរបាលក៏បានរកឃើញម្សៅធ្យូងថ្មនិងបំពង់ជាច្រើននៅក្នុងខុនដូនោះ ដោយគេជឿថាម្សៅ និងបំពង់ទាំងនោះគឺសម្រាប់ធ្វើជាគ្រាប់បែក។

លោក ម៉ូដ ហ្សានី បន្ថែមថា៖ យើងបានរកឃើញប្រអប់ចំនួន៣រុំក្នុងផ្លាស្ទិចនៅក្នុងបន្ទប់ខុនដូនៅជាន់ទី១៧។ យើងជឿជាក់ថា ប្រអប់ទាំងនោះត្រូវបានច្រកជាមួយសារធាតុផ្ទុះ។ លោកបន្តថា ក្រុមអ្នកដោះគ្រាប់បែកបានបំផ្ទុះគ្រាប់បែកទាំងនោះនៅកន្លែងយកថ្មមួយកន្លែងនៅក្បែរនោះ។

លោក ម៉ូដ ហ្សានី ឲ្យដឹងទៀតថា សមត្ថកិច្ចក៏រឹបអូសបានថ្នាំញៀននិងកូកាអ៊ីននៅក្នុងខុនដូនោះផងដែរ។ លោកបន្ថែមថា សមត្ថកិច្ចជឿថាជនជាតិម៉ាឡេស៊ី២នាក់បានស្នាក់នៅខុនដូជួលនោះ ហើយពួកគេបានចាកចេញពីទីនោះមុនពេលប្រតិបត្តិការត្រូវបានធ្វើឡើង ដោយពេលនេះសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ជនសង្ស័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ