លិខិតមិត្តអ្នកអាន៖សារព័ត៌មានក៏អាចជាអ្នកជួយហើយក៏អាចជាអ្នកបំផ្លាញប្រព័ន្ធយុ​ត្តិធម៌នៅកម្ពុជា​ផ​ង​ដែ​រ

ក្រសួងយុត្តិធម៌

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះកំណើនយ៉ាងគំហុកនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាននៅកម្ពុជាត្រូវបានគេមើលឃើញថារីកដូចផ្សិត តាមរយៈកំណើននៃប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ (ប្រព័ន្ធផ្សព្វផ្សាយបុរាណ) កាសែត(កាសែតផ្សព្វផ្សាយជាភាសាខ្មែរនិងភាសាបរទេស)និងប្រព័ន្ធផ្សព្វ ផ្សាយបែបអេឡិចត្រូនិច(គេហទំព័រ Applicationនិងប្លុកជាដើម)។

ក្នុងបឋកថារបស់ឯកឧត្តម ហ៊ុន ម៉ាណែតបានបញ្ជាក់បន្ថែមថានៅកម្ពុជាមានកាសែតប្រមាណ៣២២អង្គភាព ទស្សនាវដ្តីប្រមាណ១៦៨និងទូរទស្សន៍ចំនួន១៧។ កំណើននៃប្រព័ន្ធផ្សព្វផ្សាយគឺជាតម្រូវការយ៉ាងចាំបាច់និងបន្ទាន់សម្រាប់ផ្តល់ឲ្យប្រជាពលរដ្ឋនូវសិទ្ធិក្នុងការទទួលបានព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិក្នុងក្របខណ្ឌនៃប្រទេសប្រជាធិបតេយ្យនិងមានអធិបតេយ្យពេញលេញមួយ។ច្បាប់ស្តីពីរបបសារព័ត៌មាន គឺជាក្របខណ្ឌគតិយុត្តិដ៏ចម្បងមួយក្នុងការធានាសេរីភាពខាងព័ត៌មាននិងធានាសេរីភាពខាងបោះពុម្ពផ្សាយ ហើយច្បាប់នេះត្រូវបានរដ្ឋសភាជាតិនានីតិកាលទី១បានអនុម័ត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៩៥។ បន្ថែមពីនេះមាត្រា៤១ នៃរដ្ឋធម្មនុញ្ញបានបញ្ញត្តិយ៉ាងប្រត្យក្សថា “ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាព ខាងបោះពុម្ពផ្សាយ សេរីភាពខាងប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឲ្យ ប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។”

ជាធម្មជាតិមនុស្សតែងចូលចិត្តស្តាប់ អាន និងវិភាគរឿងអាក្រក់ ច្រើនជាងរឿងល្អ។ ទោះជាធម្មជាតិបែបនេះក៏ដោយ អ្នកសារព័ត៌មាន គួរណាស់តែសរសេរអត្ថបទរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ពោលគឺសរសេររឿងអ្វីដែលពិត អ្វីដែលខ្លួនបានដឹង និងអ្វីដែលផ្តល់ការអប់រំ។

អ្វីដែលជាការពិតមិនអាចប្រកែកបាន ហើយជាអ្វីដែលយុវជន បងប្អូនប្រជាពលរដ្ឋខ្មែរគួរតែ សាទរនោះគឺកំណើននៃប្រព័ន្ធផ្សព្វផ្សាយដែលបានផ្តល់នូវចំណីផ្នែកចំណេះដឹងក្នុងការពង្រីក និងពង្រឹងសមត្ថភាពរបស់បុគ្គលឯកជនម្នាក់ៗ។ បច្ចុប្បន្នភាពនៃស្ថានភាពសង្គម ការវិវត្តផ្នែកនយោបាយ ការផ្សព្វផ្សាយស្តីពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ រួមទាំងប្រភេទព័ត៌មានមួយ ចំនួនទៀតសុទ្ធតែជាកាតាលីករអាចជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាប្រកបដោយគុណភាព។បុគ្គលដែលក្តាប់បានព័ត៌មានទាំងមូលគឺជាបុគ្គលដែលអាចប៉ានស្មានព្រឹត្តហេតុដែលអាចកើតឡើង នាពេលអនាគត និងរៀបចំខ្លួនសម្រាប់ស្ថានភាពដែលអាចកើតឡើងនោះប្រកបដោយវិចារណញ្ញាណ ។ ក្នុងនេះផងដែរការរីកចម្រើនផ្នែកប្រព័ន្ធផ្សព្វផ្សាយក៏បានរួមចំណែកក្នុងការពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ ដែលការពង្រឹងនោះត្រូវបានពិនិត្យឃើញថាត្រូវបានធ្វើក្រោមរូបភាពជាវេទិកាពិភាក្សា ដេញដោល វេទិកាច្បាប់និងសង្គម និងការផ្សព្វផ្សាយសំខាន់មួយចំនួនទៀត។

ទន្ទឹមគ្នានេះដែរ ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយក៏បាននាំមកនូវផលអវិជ្ជមានគួរឲ្យកត់ សម្គាល់មួយចំនួនផងដែរ។ ផលអវិជ្ជមាននោះគឺដោយសារតែកំសោយផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌ មានដែលសរសេរអត្ថបទស្តីពីព្រឹត្តហេតុមួយចំនួនដែលបង្កឲ្យប្រជាពលរដ្ឋបាត់ជំនឿចិត្តលើប្រព័ន្ធតុលាការនៅកម្ពុជា។ ជាក់ស្តែងកម្សោយផ្នែកវិជ្ជាជីវៈសារព័ត៌មាននិងចំណេះដឹងផ្នែកច្បាប់របស់អ្នក សារព័ត៌មានមួយចំនួនដែលមានកម្រិតនាពេលកន្លងមក បានសរសេរអត្ថបទដោយវ៉ៃអួថាឲ្យតែឃាត់ ខ្លួនអ្នកណាម្នាក់សុទ្ធតែនាំឲ្យមានពិរុទ្ធ។

ថ្មីៗនេះ សារព័ត៌មានបានសរសេរអត្ថបទមួយដែលយើងធ្វើការលើកឡើងដើម្បីទាញចំណាប់អារម្មណ៍  និងឧទាហរណ៍ករណីខាងលើ ដោយសរសេរចំណងជើងថា “តុលាការខេត្តកណ្តាលបានបញ្ជាចាប់ខ្លួនអ្នករត់ទូកដ……..” ដែលការសរសេរចំណងជើងអត្ថបទបែបនេះវាធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំ និងបញ្ជាក់ថាអ្នកសារព័ត៌មាននេះគឺមិនយល់ពីនីតិវិធីតុលាការ។

បន្ថែមពីនេះគួរតែត្រូវបានលើកឡើងក្នុងអត្ថបទនេះសម្រាប់ពិចារណាផងដែរថាមានអង្គភាពសារព័ត៌មានមួយចំនួនដែលបានដឹងពីព្រឹត្តហេតុឬសរសេរសារព័ត៌មានស្តីពីសំណុំរឿងមួយដែលនៅក្នុងដៃតុលាការ ហើយបានព្យាយាមទាក់ទងទៅព្រះរាជអាជ្ញាឬចៅក្រមស៊ើបសួរដើម្បីសួរព័ត៌មាន ហើយនៅពេលដែលបុគ្គលទាំងនោះមិនឆ្លើយតបដោយសារខ្លួនត្រូវបានរឹតត្បិតសិទ្ធិមួយចំនួនពាក់ព័ន្ធ និងសំណុំរឿងដោយច្បាប់និងក្រមសីលធម៌ តែបែរជាត្រូវក្រុមអ្នកសារព័ត៌មានទាំងនោះជារឿយៗ សរសេរដោយពាក្យពេញនិយមរបស់គេមួយចំនួនថា“យើងព្យាយាមទាក់ទងទៅ ប៉ុន្តែគ្មានការឆ្លើយតបឬព្រះរាជអាជ្ញា លើកទូរស័ព្ទ តែមិននិយាយ ឬព្រះរាជអាជ្ញា ឬចៅក្រមស៊ើបមិនឆ្លើយឬមិនលើកទូរស័ព្ទ”

អ្នកសារព័ត៌មានគួរតែស្វែងយល់ទៅលើក្របខណ្ឌច្បាប់មួយចំនួនចំពោះបញ្ហាដែលពាក់ព័ន្ធនឹង សំណុំរឿងក្នុងដៃតុលាការ។ ក្រមសីលធម៌ចៅក្រម ប្រការ១៩បានបញ្ញត្តិថា “ព័ត៌មានសម្ងាត់ ដែលចៅ ក្រមដឹងមិនត្រូវយកទៅប្រើប្រាស់សម្រាប់សកម្មភាពណាដែលមិនទាក់ទងនឹងកិច្ចការតុលាការឬអយ្យ ការឡើយ។ ប្រការ១៥នៃក្រមសីលធម៌នេះបានរឹតត្បិតសិទ្ធិក្នុងការបញ្ចេញមតិរបស់ចៅក្រម ដោយបញ្ញត្តិថា “ចៅក្រមត្រូវតែប្រុងប្រយ័ត្ននៅពេលធ្វើការថ្លែងជាសាធារណៈជាលក្ខណៈបុគ្គល ជាពិសេសចៅក្រមត្រូវជៀសវាងដាច់ខាតនូវការថ្លែង …ចំណុចទី៤ បញ្ចេញទស្សនៈ ដែលបណ្តាលឲ្យមានការភាពលម្អៀង ឬបុរេវិនិច្ឆ័យចំពោះរឿងក្តីដែលខ្លួនទទួលបន្ទុកឬនឹងទទួលបន្ទុក។ ចំណុចទី៥ មិនត្រូវបញ្ចេញមតិទាក់ទងនឹងការសម្រេចសេចក្តីឬសាលក្រមរបស់ខ្លួន”។

ក្រៅពីចំណុចមួយចំនួនតូចដែលលើកឡើងពីក្រមសីលធម៌ចៅក្រមស្តីពីការរឹតបន្តឹងនូវសិទ្ធិក្នុងការបញ្ចេញមតិមួយចំនួននោះ ក៏មានច្បាប់ស្តីពីរបបសារព័ត៌មាននឹងបទដ្ឋានគតិយុត្តិមួយចំនួនទៀត ដែលធ្វើការហាមឃាត់ផងដែរ។ មិនខុសពីអ្វីដែលគេតែងតែនិយាយនោះទេ ព័ត៌មានជាអាវុធមុខពីរ។ ទន្ទឹមនឹងកម្សោយផ្នែកវិជ្ជាជីវៈសារព័ត៌មាននិងចំណេះដឹងគោលផ្នែកច្បាប់មួយចំនួនរបស់អ្នក សារព័ត៌មានមួយចំនួនតូច ក្រសួងសារព័ត៌មានគួរតែមានយន្តការឬយុទ្ធសាស្រ្តណាមួយដើម្បីធ្វើយ៉ាងណាព័ត៌មានដែលត្រូវបានបោះពុម្ពឬបោះផ្សាយជាព័ត៌មានដែលមានប្រយោជន៍សម្រាប់សាធារណជនជាចំណីនៃចំណេះដឹងនិងជាពុទ្ធិល្អសម្រាប់បុគ្គលគ្រប់រូប មិនមែនជាការបោះផ្សាយដែលនាំឲ្យមានការស្អប់ខ្ពើម រើសអើងឬលាបពណ៌គ្នានោះទេ។

លើសពីនេះអ្វីដែលគួរជាទីចាប់អារម្មណ៍អ្នកសារព័ត៌មានគួរតែមានចំណេះដឹងគោលមួយចំនួនទៅលើ ទិដ្ឋភាពច្បាប់មុននឹងសរសេរអត្ថបទបកស្រាយច្បាប់ឬវិភាគបញ្ហា ស្ថានភាពមួយចំនួនដោយប្រើបុរេវិនិច្ឆ័យរបស់ខ្លួន ហើយគួរជៀសវាងកុំឲ្យគេប្រើពាក្យថា“សរសេរព័ត៌មានក្នុងមុង”ជាដើម។ ទន្ទឹមគ្នានេះដែរ យើងក៏សង្កេតឃើញថាសារព័ត៌មានមួយចំនួនបានប្រកបវិជ្ជាជីវៈរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនហើយទទួល បានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្ត មិត្តអ្នកស្តាប់ និងមិត្តអ្នកអាន។

ជាយោបល់ផងដែរ ក្នុងករណីដែលអ្នកសារព័ត៌មានយល់ថាវាជាការចាំបាច់ក្នុងការដឹងពីព្រឹត្តហេតុ ឬនីតិវិធីតុលាការបន្ថែមហើយជាប្រយោជន៍ដល់អ្នកអាន អ្នកសារព័ត៌មានគួរតែធ្វើការទាក់ទងទៅអ្នកនាំពាក្យស្ថាប័នមួយចំនួនតាមរឿងដែលខ្លួនយល់ថាពាក់ព័ន្ធនោះ។អ្នកនាំពាក្យនោះអាចជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាអ្នកច្បាប់ ឬបុគ្គលដែលមានចំណេះដឹងក្នុងការពន្យល់ចំណុចឬស្ថានភាពមួយចំនួនក្នុងទិដ្ឋភាពច្បាប់មួយចំនួនដែលអ្នកសារព័ត៌មានយល់ថាមានឥទ្ធិពល៕

ដោយ លោក តូច ឧត្តម

សរសេរមកកាន់លោក តូច ឧត្តម តាមរយៈ[email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ