ចំនួន​អ្នកស្លាប់​ក្នុង​​គ្រោះរញ្ជួយ​ដី​នៅ​អេក្វាទ័រ​ឡើង​ដល់​៤១៣​​នាក់​ ខាតបង់​រាប់ពាន់លាន​ដុល្លារ​

(រូបភាពពី BBC)

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជូយដីនៅប្រទេសអេក្វាទ័រឡើងដល់៤១៣នាក់ ចំណែកការខូចខាតក្នុងគ្រោះធម្មជាតិនេះត្រូវគេប៉ាន់ប្រមាណថាខ្ទង់រាប់ពាន់លានដុល្លារ។

កាលពីល្ងាចថ្ងៃសៅរ៍ ប្រទេសអេក្វាទ័របានរងគ្រោះរញ្ជួយដីមួយកម្រិត៧,៨ រ៉ិចទ័រ ដែលនេះជាគ្រោះរញ្ជួយដីដែលអាក្រក់បំផុតសម្រាប់ប្រទេសនេះចាប់តាំងពីឆ្នាំ១៩៧៩មក។

បណ្ដាញផ្សាយព័ត៌មាន BBC បាយរាយការណ៍ថា ប្រធានាធិបតីអេក្វាទ័រលោក Rafael Correa បានថ្លែងពេលលោកទៅមើលតំបន់ដែលរងគ្រោះខ្លាំងបំផុតថា ការចំណាយសម្រាប់ការសាងសង់ឡើងវិញគឺទំនងជានៅក្នុងខ្ទង់រាប់ពាន់លានដុល្លារ។ លោកថា វាជាសោកនាដកម្មធំបំផុតដែលបានវាយប្រហារទៅលើប្រទេសអេក្វាឌ័រក្នុងរយៈពេល៧ទសវត្សរ៍មកនេះ។ មនុស្សប្រមាណ២៥០០នាក់បានរងរបួសនៅក្នុងគ្រោះធម្មជាតិនេះ។

បណ្ដាប្រទេសនានាដូចជាម៉ិចស៊ីកូ អេស្បាញ កូឡំប៊ី ឈីលី វេណេស៊ូអេឡា និងប៉េរូ បានបញ្ជូនក្រុមអ្នកជួយសង្គ្រោះនិងជំនួយ។ ចំណែកសហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនផ្តល់ប្រាក់១លានអ៉ឺរ៉ូ (ប្រហែល១,១៣លានដុល្លារអាមេរិក) ជាជំនួយមនុស្សធម៌សម្រាប់ជួយជនរងគ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ