អាមេរិក​នឹង​បញ្ជូន​កងទ័ពនិងអាវុធ​​បន្ថែម​ទៅ​អីុរ៉ាក់​ដើម្បី​បង្កើន​ការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម​

(រូបភាពពី BBC)

សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពរបស់ខ្លួនចំនួន២០០នាក់បន្ថែមទៀតនិងអាវុធទំនើបមួយចំនួនទៅកាន់ប្រទេសអ៊ីរ៉ាក់ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម។

ការដាក់ពង្រាយកងទ័ពបន្ថែមនេះនឹងបង្កើនចំនួនបុគ្គលិកអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ឡើងដល់ប្រហែល៤១០០នាក់។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន BBC។

ទន្ទឹមជាមួយនឹងកងទ័ពបន្ថែមទៀតនេះ អាមេរិកក៏នឹងបញ្ជូនឧទ្ធម្ភាគចក្រចម្បាំង Apache ទៅកាន់ប្រទេសអ៊ីរ៉ាក់ជាលើកដំបូងផងដែរសម្រាប់ប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនៅប្រទេសនេះ។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ash Carter បានប្រកាសពីការបញ្ជូនកងទ័ពនិងអាវុធបន្ថែមនេះនៅអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងបាដាដដែលជាកន្លែងលោកបានជួបជាមួយក្រុមមន្ត្រីយោធាអាមេរិកនិងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi។

សហរដ្ឋអាមេរិកគ្រោងក៏នឹងផ្តល់ជំនួយជាលុយជាង៤០០លានដុល្លារទៅឱ្យកងកម្លាំង Kurdish Peshmerga ដែលកំពុងប្រយុទ្ធនឹងក្រុមរដ្ឋឥស្លាមតាមផ្លូវគោកផងដែរ។

បើយោងតាមភ្នាក់ងារព័ត៌មាន AP ឲ្យដឹងថា ភាគច្រើននៃកងទ័ពបន្ថែម២០០នាក់នោះគឺជាកងកម្លាំងពិសេស ហើយក្រៅពីនោះជាគ្រូបង្វឹក កងកម្លាំងសន្តិសុខសម្រាប់ក្រុមទីប្រឹក្សា និងក្រុមថែទាំឧទ្ធម្ភាគចក្រចម្បាំង Apache។

លោក Carter បានថ្លែងថា ឧទ្ធម្ភាគចក្រចម្បាំង Apache នឹងជួយកងកម្លាំងអ៊ីរ៉ាក់ដណ្តើមយកក្រុង Mosul ដែលជាទីក្រុងទីពីររបស់ប្រទេសនេះពីក្រុមរដ្ឋឥស្លាមមកវិញ។

សហរដ្ឋអាមេរិកបានកំពុងដឹកនាំក្រុមចម្រុះអន្តរជាតិដែលបានគេទម្លាក់គ្រាប់បែកចាប់តាំងពីខែសីហាឆ្នាំ២០១៤មកសំដៅលើក្រុមរដ្ឋឥស្លាម។

ក្រុមរដ្ឋឥស្លាមបានកាន់កាប់ផ្នែកដ៏ធំនៃប្រទេសអ៊ីរ៉ាក់នៅភាគខាងជើងនិងភាគខាងលិចនៃទីក្រុងបាដាដនៅឆ្នាំ២០១៤ ប៉ុន្តែកងកម្លាំងអ៊ីរ៉ាក់បានចាប់ផ្ដើមដណ្ដើមគ្រប់គ្រងបានវិញនូវតំបន់សំខាន់ៗក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ