បទយកការណ៍៖ អ្នក​ជួលផ្ទះមួយចំនួន​ថាម្ចាស់ផ្ទះដំឡើងថ្លៃឈ្នួល​រំលោភច្បាប់

ប្រមុខរដ្ឋាភិបាលធ្លាប់អះអាងថាកម្មករប្រមាណ១៥០ ០០០នាក់ បានជួលផ្ទះគេដើម្បីស្នាក់នៅពេលបំពេញការងារក្នុងវិស័យកាត់ដេរ។

ដោយផ្អែកលើតួរលេខនេះ ច្បាប់ភតិសន្យាពិសេសឬច្បាប់ជួលបន្ទប់ ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០១៥ ដែលជាគំនិតរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន និងមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដោយអះអាងថា ដើម្បីការពារប្រយោជន៍របស់ភតិបតី(ម្ចាស់ផ្ទះជួល)និងភតិកៈ(អ្នកជួលផ្ទះ) និងស្ថិរភាពក្នុងជីវភាពរស់នៅសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

ច្បាប់ភតិសន្យាពិសេសនេះអនុវត្តបានតែចំពោះអ្នកជួលដូចជា កម្មករ សិស្ស និងនិស្សិត ដែលជួលអចលនវត្ថុក្នុងគោលបំណងស្នាក់នៅតែប៉ុណ្ណោះ។ ភតិសន្យាពិសេសនេះត្រូវធ្វើជាលាយលក្ខណ៍អក្សរនិងមានសេចក្តីបញ្ជាក់របស់មេឃុំឬចៅសង្កាត់ ហើយម្ចាស់ផ្ទះមានករណីយកិច្ចធ្វើកិច្ចការនេះចាំបាច់។

អ្នកជួលផ្ទះមួយចំនួននៅក្នុងរាជធានីភ្នំពេញ បាននិយាយពីនេះពីនោះជុំវិញការដំឡើងថ្លៃផ្ទះជួលដែលផ្ទុយទៅនឹងច្បាប់នេះបានកំណត់។

សម្បុរស្រអែមនិងរូបកាយស្គមបន្តិចជាកម្មកររោងចក្រស្ថិតនៅសង្កាត់កាកាប រាជធានីភ្នំពេញ អ្នកស្រី ហេង សុធារី បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានVODថា គាត់ជួលផ្ទះគេស្នាក់នៅប្រមាណជា៣ឆ្នាំគឺមួយខែតម្លៃ២៥ដុល្លារក្នុងមួយបន្ទប់ ដែលបន្ទប់នោះមានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ។ ប៉ុន្តែនៅដើមឆ្នាំ២០១៦នេះ អ្នកស្រីថាម្ចាស់ផ្ទះជួលបានដំឡើងថ្លៃពី២៥ដុល្លារទៅ៣៥ដុល្លារ។ អ្នកស្រីថាការដំឡើងថ្លៃនេះរំលោភច្បាប់ជួលបន្ទប់។ អ្នកស្រីបន្តថា៖ ម្ចាស់ជួលវារំលោភច្បាប់ វាមិនបានអីទេ តែឡើងប្រាក់ខែ គេឡើងបន្ទប់ដែរ គ្មានបានអីហូបឲ្យតែថ្លៃម្ចាស់ផ្ទះគេ

អ្នកស្រី ហេង សុធារី បន្តថាក្រៅពីជួលផ្ទះម្ចាស់ផ្ទះតម្រូវឲ្យអ្នកជួលទំាងអស់កក់លុយកុងទ័រភ្លើង១០ដុល្លារ។ ប៉ុន្តែអ្នកស្រីថា នៅពេលអ្នកជួលឈប់ជួល ម្ចាស់ផ្ទះនិងឲ្យលុយកក់១០ដុល្លារនោះវិញ។

និស្សិតមកពីសកលវិទ្យាល័យឯកជនមួយនៅរាជធានីភ្នំពេញ កញ្ញា លាភ សំនៀង រៀបរាប់ថា កញ្ញាជួលផ្ទះនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ក្នុងមួយខែ៥៥ដុល្លារដែលបន្ទប់នោះមានទំហំ៤គុណនឹង៤ម៉ែត្រ។ កញ្ញាបន្តថានៅដើមឆ្នាំ២០១៦ ម្ចាស់ផ្ទះបានដំឡើងថ្លៃជួលបន្ទប់នោះពី៥៥ដុល្លារទៅ៦០ដុល្លារក្នុងមួយខែ។ កញ្ញាបន្តថា៖ កាលខ្ញុំជួលដំបូងតម្លៃ៥៥ តែខ្ញុំបាននៅខ្ទង់ប្រហែលបានជិតមួយឆ្នាំគាត់ឡើង៥ដុល្លារទៀត ឡើង៦០ ដ៏ពេលអញ្ចឹងមិនដឹងនិយាយថាម៉េច? បើគេឡើងក៏ទៅតាមដំណើរទៅ ព្រោះអីផ្ទះយើងនៅវាសុវត្ថិភាពដែរមានរបង យើងទុករបស់អត់បាត់អញ្ចឹងគិតថាប៉ុណ្ណឹងក៏សមគួរដែរ វាមិនអីទេ

អង្គុយលើម៉ូតូក្បែរចិញ្ចើមផ្លូវ ស្ថិតនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ លោក លី វណ្ណៈ ស្នើទៅរដ្ឋាភិបាលនិងម្ចាស់ផ្ទះជួលបញ្ឈប់ការដំឡើងថ្លៃដើម្បីកុំឲ្យប៉ះពាល់ដល់ជីវភាពអ្នកជួលបន្ទប់។ លោកបន្ថែមថា៖ ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលនិងម្ចាស់ផ្ទះគាត់ជួយដោះស្រាយថារឿងផ្ទះជួលថ្លៃ សូមឲ្យបញ្ចុះតម្លៃតិចទៅ ព្រោះអីវាថ្លៃម្ហូបហូបចុកក៏វាតម្លៃឡើង ផ្ទះជួលក៏ឡើង ដ៏ពេលអញ្ចឹងកម្មករគ្នាសល់បានកំរៃតិចតួច

មា្ចស់ផ្ទះជួលនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញអ្នកស្រី សុខ សោភា ឲ្យដឹងថាគាត់មានបន្ទប់ជួលចំនួន២០ក្នុងមួយបន្ទប់តម្លៃ៦០ដុល្លារ ប៉ុន្តែនៅដើមឆ្នាំ២០១៦ គាត់ដំឡើង៧០ដុល្លារ។ អ្នកស្រីថាការដំឡើងថ្លៃនេះដោយសារទំនិញឡើងថ្លៃនិងកម្មករឡើងប្រាក់ខែ។ អ្នកស្រីបន្តថា៖ តិចតួចហ្នឹង១០រៀល ព្រោះអីកម្មករប្រាក់ខែគ្នាងាប់១៤០-១៥០ ហើយដល់អញ្ចឹងយើងមើលតាមហ្នឹងដែរ បើថាអត់ក៏គ្នាយើងមិនចេះតែកៀបកគ្នាយកឯណា អត់ទេ ប៉ុន្តែគឺថាវាទូទៅទំាងអស់គ្នាអញ្ចឹងតែម្តងមិនមែនតែយើងមានគេលើ១០០ ១០០ជាង និង៨០ដុល្លារ

អ្នកស្រីសោភាបន្តថា ដោយឡែកការជួលបន្ទប់នោះតម្រូវឲ្យអ្នកជួលកក់លុយ២៥ដុល្លារសម្រាប់កុងទ័រភ្លើងរបស់រដ្ឋដាក់ឲ្យ។ ប៉ុន្តែអ្នកស្រីថាលុយនោះអ្នកជួលអាចយកវិញនៅពេលឈប់ជួលបន្ទប់។

ប៉ុន្តែម្ចាស់ផ្ទះជួលម្នាក់ទៀតនៅសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក អ្នកស្រី ដេត ចាន់ដា ឲ្យដឹងថាជាច្រើនឆ្នាំហើយគាត់ជួលបន្ទប់ឲ្យកម្មករ សិស្ស និងនិស្សិតក្នុងមួយបន្ទប់៣០ដុល្លារ។ ស្ត្រីរូបនោះបញ្ជាក់ថាគាត់មិនដំឡើងថ្លៃជួលផ្ទះនោះទេដោយអះអាងថាអ្នកជួលភាគច្រើនមិនទាន់មានជីវភាពធូធានៅឡើយ។ អ្នកស្រីបន្ថែមថា៖ ១០ឆ្នាំហើយអត់មានឡើងថ្លៃផង មើលទៅគ្នារកលុយកាក់ពិបាកដែរទៅឡើងថ្លៃម៉េច? ឲ្យគ្នាចង់រស់នៅឲ្យបានយូរ ពេលណាឡើងថ្លៃទៅគ្នាពិបាករឿងលុយរឿងកាក់វារើទីលំនៅ វាពិបាកចង់ឲ្យគ្នារស់នៅកន្លែងណារស់នៅបានយូរអង្វែង

នៅពេលសួរម្ចាស់ផ្ទះនិងអ្នកជួលផ្ទះថា តើអ្នកទំាងអស់គ្នាដឹងថារដ្ឋាភិបាលបង្កើតច្បាប់ជួលបន្ទប់ឬហៅថា ”ច្បាប់ភតិសន្យាពិសេស” ដែលមិនអនុញ្ញាតឲ្យឡើងថ្លៃបន្ទប់ជួលដែរឬទេ? ម្ចាស់ផ្ទះភាគច្រើនដែលបានសាកសួរ ពួកគេឆ្លើយយ៉ាងខ្លីថាមិនដឹងនោះទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ សុំមិនបកស្រាយជុំវិញការដំឡើងថ្លៃផ្ទះជួលដោយលោកបង្វែរសំនួរឲ្យទៅខាងនាយកដ្ឋានពន្ធដាវិញ។ ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដាលោក គង់ វិបុល សុំមិនអត្ថាធិប្បាយដោយលោកអះអាងជាប់រវល់ប្រជុំ។

មាត្រា៦ចែងថា ភតិសន្យាពិសេសមានអំឡុងពេលមិនតិចជាង២ឆ្នាំ ហើយភតិសន្យាពិសេសដែលមិនកំណត់អំឡុងពេលឬកំណត់អំឡុងពេលតិចជាង២ឆ្នាំត្រូវចាត់ទុកថាមានរយៈពេល២ឆ្នាំ។

ចំណែកមាត្រា៨ចែងថា ក្នុងអំឡុងពេលដែលភតិសន្យាពិសេសមានអានុភាពអនុវត្តម្ចាស់ផ្ទះជួលមិនអាចដំឡើងថ្លៃឈ្នួលបានឡើយ។

ប៉ុន្តែច្បាប់ថ្មីនេះមិនបានចែងដាក់ទោសទណ្ឌលើម្ចាស់ផ្ទះឬអ្នកជួលនោះទេ បើករណីភាគីណាមួយមិនគោរពតាមកិច្ចសន្យាជួលនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ